ឯកឧត្តម សម រង្ស៊ី៖ សន្និសីទទីក្រុងហ្សឺណែវ មិនយល់ព្រមឲ្យបែងចែក កម្ពុជាជាពីរផ្ទុយទៅវិញ តម្រូវឲ្យឯកភាពជាតិ

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលកំពុងស្នាក់នៅក្រៅប្រទេស បានលើកឡើងពីប្រវត្តិ នៃសន្និសីទទីក្រុងហ្សឺណែវ និងថាសន្និសីទនោះ មិនយល់ព្រមឲ្យ មានការបែងចែក ប្រទេសកម្ពុជាជាពីរនោះទេ ហើយគេតម្រូវឲ្យ រក្សាឯកភាពជាតិ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជាវិញ។

ឯកឧត្តម សម រង្ស៊ីបានសរសេរលើ បណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា ទំព័រប្រវត្តិសាស្ត្រ សន្និសីទ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដែលចប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ បានកំណត់វាសនា ប្រទេសកម្ពុជា។ ក្នុងសន្និសីទនោះកម្ពុជា ដែលគណៈប្រតិភូ មាន លោក ញឹក ជូឡុង, លោក ទេព ផន និង លោក សម សារី ជាតំណាងព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុបានទទួលជោគជ័យ ជាប្រវត្តិសាស្ត្រ ដោយសារសំណើបីចំណុច របស់ប្រទេសវៀតណាមខាងជើង (យួនកុម្មុយនីស្ត) ។

ឯកឧត្តមសម រង្ស៊ីថា សន្និសីទទាត់ចោលទាំងអស់៖ សំណើទី១ គឺស្នើឲ្យខ្មែរឥស្សរៈចំណុះវៀតណាម និងខ្មែរយៀកមិញ (ក្នុងនោះមានទាំងសមាជិក គណបក្សប្រជាជនកម្ពុជា ដែលយួនកុម្មុយនីស្ត បានជួយបង្កើតនៅឆ្នាំ ១៩៥១) មានសិទ្ធិបញ្ជូនប្រតិភូចូលរួម ក្នុងសន្និសីទផងដែរ។ តែប្រទេសសំខាន់ៗក្នុង សន្និសីទទីក្រុងហ្សឺណែវ មិនទទួលស្គាល់ពួកខ្មែរ ឥស្សរៈចំណុះយួន និងខ្មែរយៀកមិញ ថាជាតំណាងប្រទេសកម្ពុជាទេ ហើយគេក៏មិនអនុញ្ញាត ឲ្យពួកទាំងនោះ មកបង្ហាញមុខនៅ ក្រុងហ្សឺណែវឡើយ។សំណើទី២ គឺស្នើឲ្យកងកម្លាំងប្រដាប់អាវុធ ខ្មែរឥស្សរៈចំណុះយួន និងខ្មែរយៀកមិញ ស្ថិតនៅបន្តទៀតក្នុងតំបន់ ដែលពួកទាំងនោះកាន់កាប់ លើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាបកងទ័ព យួនកុម្មុយនីស្ត។ តែសន្និសីទទីក្រុងហ្សឺណែវ បានតម្រូវឲ្យខ្មែរ ឥស្សរៈចំណុះយួន និងខ្មែរយៀកមិញទាំងអស់ ដកថយចេញពីប្រទេសកម្ពុជា ហើយឲ្យទៅតាមកងទ័ព យួនកុម្មុយនីស្ត ដែលត្រូវវិលត្រឡប់ទៅប្រទេស វៀតណាមខាងជើងវិញ។ និងសំណើរទី៣ គឺស្នើឲ្យបែងចែក ប្រទេសកម្ពុជាជាពីរ ដូចគេសម្រេចបែងចែក ប្រទេសវៀតណាម ជាពីរអញ្ចឹងដែរ (គឺមួយផ្នែកកាន់កាប់ ដោយកម្លាំងកុម្មុយនីស្ត ហើយមួយផ្នែកទៀតកាន់កាប់ដោយកម្លាំងសេរី)។ តែសន្និសីទទីក្រុងហ្សឺណែវ មិនយល់ព្រមឲ្យមានការ បែងចែកប្រទេសកម្ពុជាជាពីរទេ ហើយគេតម្រូវឲ្យ រក្សាឯកភាពជាតិ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា។
មេបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងថា លទ្ធផលដ៏ល្អខាងលើនេះ បានមកពីការចរចាយ៉ាង ស្វិតស្វាញពីសំណាក់ គណៈប្រតិភូប្រទេសកម្ពុជា ដែលបានបង្ហាញភាពក្លាហាន និងភាពឈ្លាសវៃ ដែលយុវជនបច្ចុប្បន្នកាល ត្រូវគោរពនិងចងចាំ។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករានេះដែរ សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក៏បានរំលឹកនៃថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ថាគឺជាខួប ២៨ ឆ្នាំនៃការចរចាសន្តិភាពដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតជោ។

ប្រមុខរដ្ឋាភិបាលបាន លើកឡើងទៀតថា កិច្ចចរចាពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាព រួមដើម្បីរកដំណោះស្រាយ ផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់ សង្រ្គាមទាំងស្រុង ដែលមានខ្ញុំព្រះករុណា និងអតីត សម្តេចព្រះនរោត្តម សីហនុ។ ទោះបីពេលនោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា គ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង ៩០%ក៏ដោយ ក៏ចំពោះរូបខ្ញុំ គឺបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាព ឲ្យបានសម្រាប់កម្ពុជា ហើយត្រូវទទួលយកបង ប្អូនជនភៀសខ្លួននៅតាម ជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មករស់នៅ ក្នុងប្រទេសវិញ៕

ឯកឧត្តម សម រង្ស៊ី៖ សន្និសីទទីក្រុងហ្សឺណែវ មិនយល់ព្រមឲ្យបែងចែក កម្ពុជាជាពីរផ្ទុយទៅវិញ តម្រូវឲ្យឯកភាពជាតិ