ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​មណ្ឌលគិរី ៖ លោក​អនុ​សេនី​យ៏​ឯក ឈិ​ន ពេជ្រ អធិការរង​ទទួល​បន្ទុក​អត្តសញ្ញាណ​កម្ម​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពល​រដ្ឋ​ចំនួន​២.១៧៩​នាក់​ (ស្រ្តី១២៥៥​នាក់) កាលពី​ឆ្នាំ​២០១៥​រួច​មក អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​​​ បាន​និង​កំពុង​បន្តសកម្មភាព​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៦​​ ខណៈ​​​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៥​ឆ្នាំ ក៏​មានការ​កើនឡើង​ផង​ដែរ ​។ ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​ស្រុក​អូរ​រាំង មាន​ចំនួន​សរុប​៣៤០៥​នាក់​ ។

លោក​វរ​សេនី​យ៏​ត្រី ប៊ូ ប៊ុ​ន​ឈា​ត អធិការ​នគរបាល​ស្រុក​អូរ​រាំង​បាន​មាន​ប្រសា​ស​ន៏​ថា បានជា​ការ​ចុះ​ឈ្មោះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ត្រូវ​អូស​បន្លាយ​រយៈពេល​យូរ​​នោះ ព្រោះ​នៅ​ស្រុក​អូរ​រាំង ប្រជាពលរដ្ឋ​ភាគច្រើន ​ជា​បងប្អូន​ជនជាតិ​ភាព​តិច ​រស់នៅ​តាម​ព្រៃ​ភ្នំដាច់​ៗ​ពី​គ្នា ពិបាក​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ពួក​គាត់​ ។

លោក​ឧត្តម​សេនី​យ៏​ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត​ បាន​មាន​ប្រសា​ស​ន៏​ថា ​នា​ពេល​កន្លង​មក ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ សរុប​ចំនួន​ ២៣.៩២៣នាក់ (ស្ត្រី៦.៩៩៥​នាក់​) ។​ លោកស្នងការ​បាន​​បន្ត​ថា​ ក្នុង​នោះ​មន្ត្រី​របស់​លោក​ក៏​បាន​ជួប​ប្រទះ​បញ្ហា​ប្រឈម​នានា​ ដូច​ជា ​​ភូមិសាស្ត្រ​ផ្លូវ​តំបន់​ព្រៃ​ភ្នំ​ពិបាកធ្វើ​ដំណើរ​ ​​ត្រូវ​ចុះ​ធ្វើ​ដល់​មូលដ្ឋាន​នា​ពេល​កន្លង​មក​ ​ហើយ​ពេល​ថ្មី​ៗ​នេះ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​មួយ​ម៉ឺន​រៀល ​ប្រជា​ពល​រដ្ឋ​​ខ្វះ​បញ្ជី​អត្រា​នុ​កូ​ដ្ឋា​ន​ ដូច្នេះ​​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​មួយ​ចំនួន​គាត់​គិត​ថា​ មិន​ចាំបាច់​ធ្វើ​ទេ ព្រោះ​គាត់​រស់នៅ​ជិត​មួយ​ជីវិត​ហើយ មិន​ដែល​មាន​​ផង អញ្ចឹង​​មិនបាច់​ធ្វើ​ក៏​មិន​អី​ដែរ នាំ​តែ​អស់​លុយ​ ​។​

លោកស្នងការ​ខេត្ត​បន្ត​ថា ទោះជា​យ៉ាងណា លោក​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​មន្ត្រី និងប្រជាពលរដ្ឋត្រូវ​ចេះ​សហការ​គ្នា​ឲ្យ​បាន​ល្អ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោល​ការ​ណ៏​របស់ រាជរដ្ឋាភិបាលលើ​ការ​កំណត់​អត្ត​ស​ញ្ញ​ណ​របស់​ពលរដ្ឋ ​និង​​ដើម្បី​ភាព​ងាយស្រួល​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ នា​ពេល​ខាង​មុខ​ ៕​