ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ក្រុង​ប៉ោយ​ប៉ែ​ត ៖ យោង​តាម​សាលក្រម​លេខ​២៨៤ ចុះ​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ ដោយ​លោក​ឡូយ ចាន់​ត្រា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចេញ​ដីកា​កោះហៅ​ដើមចោទ ១-​ឈ្មោះ​ខៀវ សេ​ម ២-​ឈ្មោះ​ឈុ​ន ឆាត ៣-​ឈ្មោះ​រឿ​ន រ៉ា និង​៤-​ឈ្មោះ​ព្រហ្ម វាសនា ជា​តំណាង​ឲ្យ​ពលរដ្ឋ​១៥​គ្រួសារ​រស់នៅ​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​រួម​ទាំង​ចុង​ចម្លើយ​មាន ១-​ឈ្មោះ​អ៊ឹ​ង លាង​ស្រ៊ុ​ន​, ២-​ឈ្មោះ​ចាំង តេ​ង​ភាវ ហៅ​អេ​ង ពា​វ , ៣-​ឈ្មោះ​ហង់ សុ​ផៃ ហៅ​ប្រុស និង​៤-​ឈ្មោះ​ស៊ា ស្រូ​យ ឲ្យ​ចូលរួម​សាល​សវនាការ​នៅ​ក្នុង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៩ មក​រា ២០១៦ ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ថា ដីកាកោះ​របស់​តុលាការ​ខេត្តបន្ទាយមានជ័យ ខណៈ​ពេល​នេះ គឺ​ដើម្បី​ជំនុំជម្រះ​បញ្ចប់​នូវ​ករណី​ទំនាស់​ដីធ្លី​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​កន្លែង​ដែល​កើត​មាន​ចាប់​តាំងពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ (​ពោល​គឺ​ជិត​២០​ឆ្នាំ​មក​ហើយ​)  រវាង​ពលរដ្ឋ​ចំនួន​១៥​គ្រួសារ ដែល​រង​គ្រោះ​បាន​ចោទប្រកាន់​ទៅ​ដល់​ក្រុម​ឈ្មួញ​មួយ​ចំនួន​ដែល​មាន​អំណាច និង​ទឹក​លុយ បាន​មក​រំលោភ​បំពាន​យក​ដី​របស់​ពួក​គាត់​មាន​ទំហំ​ចំនួន​៣០​ហិ​កតា ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួ​សារបាន​រៀបរាប់​ឲ្យ​ដឹង​ថា ករណី​ជម្លោះដីធ្លី​មួយ​កន្លែង​នេះ ពួក​គាត់​ជា​ជន​រង​គ្រោះ​ទាំង​១៥​គ្រួសារ បាន​ដី​នេះ​មក​ពី​ការ​បែងចែក​របស់​អាជ្ញាធរ​មូល​ដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ស្របច្បាប់​តាំងពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ ដោយ​ក្នុង​១​គ្រួ​សារបាន​ចំនួន​២​ហិ​កតា  ហើយ​បាន​នាំ​គ្នា​បង្កបង្កើន​ផល​ធ្វើស្រែ​ចំការ​រហូត​មក​ដល់​ឆ្នាំ​១៩៩៩ ស្រាប់​តែ​មាន​ជនខិលខូច​បាន​លួច​ដី​របស់​ពួក​គាត់​លក់​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ជា​អ្នកមាន​លុយ និង​មាន​ណា​ច ។

 ប្រភព​បន្ត​ថា ក្រោយ​ពី​ពួក​គាត់​បានដឹង​រឿងហេតុ​ទាំង​អស់នេះ​រួច​មក បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក ខេត្ត ឲ្យ​ជួយ​រក​យុត្តិធម៌​ផង​ដែរ ប៉ុន្តែ​ដោយ​ពួក​គាត់​ជា​ជន​ក្រីក្រ មិន​អាច​មាន​លទ្ធិ​ភាព​ឈ្នះ​នឹង​អំណាច​ទឹក​លុយ​របស់​ឈ្មួញ​បាន​ទេ ។ ករណី​ទំនាស់​ដីធ្លី​នេះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​មិន​ចេញ ក៏​បាន​បញ្ជូន​ឯកសារ​ដល់​ថ្នាក់លើ​ក្រសួងយុត្តិធម៌ រហូត​ដល់​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រោយ​ពី​ថ្នាក់លើ​បាន​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ លើ​ករណី​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​រួច​មក បាន​ចេញ​លិខិត​បង្គាប់​មក​ឲ្យ​ថ្នាក់​ខេត្ត និង​រួម​ទាំង​ស្ថាប័ន​តុលាការ​ខេត្តបន្ទាយមានជ័យ តាម​លំដាប់​លំដោយ​​ឲ្យ​ដោះស្រាយ​ជូន​ពួក​គាត់​ជា​ជន​រង​គ្រោះ​ទាំង​១៥​គ្រួសារ​ឲ្យ​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​បន្ត​ថា នៅ​ចំណុច​ដី​ដែល​មាន​បញ្ហា​ទំនាស់​នោះ គឺ​នៅ​សម័យ​គ្រាប់​ផ្លោង​កាលពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ គ្មាន​បុគ្គល​ណាមួយ​អាច​ធ្វើ​លិខិត​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​បាន​ឡើយ គឺ​មាន​តែ​លិខិត​ចេញ​ទទួលស្គាល់ ដោយ​លោក​មេ​ភូមិ ឬ​លោក​មេឃុំ​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​ដី​ទំនាស់​នេះ បាន​កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ដូច្នេះ​ក្រុម​ឈ្មួញ​ខិលខូច​ទាំង​អស់នោះ​គ្មាន​សិទ្ធិ​ធ្វើ​លិខិត​កាន់​ស្របច្បាប់​លើ​ដី​ដែល​មាន​បញ្ហា​ទំនាស់​បាន​ឡើយ ។ ពលរដ្ឋ​រង​គ្រោះ​ទាំង​១៥​គ្រួ​សារបាន​នាំ​គ្នា​លើក​ឡើង​បន្ថែម​ទៀត​ថា ខណៈ​ពេល​ដែល​ពួក​គាត់​បាន​ទទួល​ដីកា​កោះហៅ​របស់​តុលាការ​ខេត្តបន្ទាយមានជ័យ ឲ្យ​ចូលរួម​សាល​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ខាង​មុខ​នេះ ដើម្បី​ជំនុំ​ជម្រះក្តី​នៅ​លើ​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​នេះ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ត្រេកអរ​យ៉ាង​ខ្លាំង​រក​អ្វី​មក​ព​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ។ ដោយ​ពួក​គាត់​បាន​បង្ហើប​ថា តុលាការ​ខេត្តបន្ទាយមានជ័យ ពិតជា​រក​យុត្តិធម៌​ជូន​ដល់​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​ឲ្យ​ទទួល​បាន​ដី​នេះ​មក​វិញ តាម​ច្បាប់​ជាក់​ជា​មិន​ខាន ។

ជា​ចុង​ក្រោយ​ពួក​គាត់​ជា​ពលរដ្ឋ​ទាំង​១៥​គ្រួសារ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ថា ប្រសិនបើ​តុលាការ​មិន​បាន​រក​យុត្តិធម៌ ជូន​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ   ពួក​​គាត់​នឹង​នាំ​គ្នា​ក្រាញ់ននាល​បន្ត​ឡើង​ទៅ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ លុះដល់​ដង្ហើម​ចុង​ក្រោយ​តែ​ម្តង ៕