ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ កាលពី​រសៀល​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ប្តឹង​សមត្ថកិច្ច​ថា មាន​យុវជន​ម្នាក់​នាំ​ខ្លួន​ឡើងផ្ទះ​សំណាក់ ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ រួច​គេចខ្លួន​បាត់​ដោយ​មិន​ទទួលខុសត្រូវ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ បាន​ចុះ​អន្តរាគមន៍​ស្រាវជ្រាវ​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះ​សំណាក់​យីហោ «​ម៉ូ​ឌេ​ន​ភ្នំពេញ​» ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ដំបូង​ថា នារី​រង​គ្រោះ​ទៅ​ដេក​ជាមួយ​យុវជន​ដែល​រង​ការ​ចោទប្រកាន់​ខ្លួន​នោះ មិនមែន​ជា​សកម្មភាព​ចាប់រំលោភ​ទេ តែ​ជា​ករណី​រឿង​មួយ​ព្រមព្រៀង​គ្នា​ចូល​ផ្ទះសំណាក់​ដោយ​ស្ម័គ្រចិត្ត ។

បើ​ទោះបីជា​មានការ​ត្រូវរ៉ូវ​គ្នា​ដោយ​ស្ម័គ្រចិត្ត​យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​គ្រួសារ​នារី​រង​គ្រោះ នៅ​តែ​កើតទុក្ខ​មិន​សុខចិត្ត​ប្តឹង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ ស្រាវជ្រាវ​រក​យុវជន​ម្នាក់​ដែល​លួង​នាង​ឡើងផ្ទះ​សំណាក់ ធ្វើ​សកម្មភាព​រំលោភ​បាន​សម្រេច និង​មិន​ទទួលខុសត្រូវ ។

ទាក់​ទឹ​ន​នឹង​ករណី​ខាងលើ​នេះ តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​នាង​ឈាន​ទៅ​ដល់​ឡើងផ្ទះ​សំណាក់ គឺ​កាលពី​យប់​ថ្ងៃ​ទី​១៤ មក​រា ២០១៦ កន្លង​ទៅ រូប​នាង​ត្រូវ​បាន​យុវជន​ម្នាក់​ដែល​ត្រូវជា​អ្នក​ស្គាល់គ្នា បាន​បបួល​នាង​ទៅ​ស្រស់ស្រូប​អាហារ​នៅ​បៀរហ្គាឌិន យីហោ ព្រិល​មាស ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ដោយពេល​នោះ​មាន​មនុស្ស ៤​ទៅ ៥​នាក់​ផ្សេង​ទៀត​ចូលរួម​ផង​ដែរ ដែល​ពួក​គេ​គឺជា​មិត្តភក្តិ​របស់​យុវជន​ដែល​នាង​ស្គាល់ ។

លុះដល់​វេលា​កណ្តាលអធ្រាត្រ ពួក​គេ​ក៏​បាន​ចែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​នារី​រង​គ្រោះ ត្រូវ​បាន​យុវជន​ជា​មិត្តភក្តិ​លួង​ឡើង​ជិះ​ម៉ូតូ​ដោយ​ភូត​កុហក​ថា​ជូន​នាង​ទៅ​ផ្ទះ ប៉ុន្តែ​បែរជា​ជូន​ទៅ​ផ្ទះសំណាក់ ហើយ​ធ្វើ​សកម្មភាព​រំលោភ​បាន​សម្រេច​រួច ព្រឹក​ឡើង​ជិះ​ម៉ូតូ ចេញ​ទៅ​បាត់​រហូត​មក​ដល់​ថ្ងៃនេះ​តែ​ម្តង ។

ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​កំពុង​យកចិត្តទុកដាក់​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ​ជូន​នារី​រង​គ្រោះ​ផង​ដែរ ។