ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់ ត្រូវគេ​ចាប់រំលោភ​សម្លាប់ នៅ​ស្រុក​ឈូក​

កំពត: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​កុមារី​ម្នាក់  នៅក្នុង​គំនរ​ចំបើង​កន្លែងដាច់ស្រយាល​មួយ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុចគំនរ​ចំបើង​កន្លែង​ដាច់ស្រយាល​មួយ ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក​ខេត្តកំពត​។​

​តាម​សមត្ថកិច្ច ស្រុក​ឈូក​បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ ឈ្មោះ ឃុន ណាន អាយុ​១៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ​កុមារី​ស្រី​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​ថ្ងៃទី​១៩ខែមករា ឆ្នាំ​២០១៦​រហូតដល់​ល្ងាច​បងប្អូន​កុមារី​រងគ្រោះ​មិនបាន​ឃើញ ត្រឡប់មកផ្ទះ​វិញ​ក៏បាន​បបួលគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី២០ ខែមករា  ទើប​ប្រជាពលរដ្ឋ​ដើរ​ប្រទះឃើញ​សាកសព នៅ​ចំណុចកើតហេតុខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​នគរបាល​ភ្លាម ឲ្យ​ចុះទៅជួយ​អន្តរាគមន៍ និង​ពិនិត្យ​សព​។​

​សូមបញ្ជាក់ថា កុមារី​រងគ្រោះ​មាន​ឪពុក​កំព្រាម្តាយ​រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុកមិនបាន​នៅផ្ទះ​ទេ​គឺ​ចេញ​ទៅលេង​បងប្អូន​នៅ​​ឯ​ខេត្តបាត់ដំបង​ឯណោះ​។​

​ក្រោយពី​មាន​ករណីនេះ ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស បាន​ចុះមក​ពិនិត្យលើ​ខ្លួនប្រាណ​សាកសព រួច​ដាក់​ការសង្ស័យ​ជាបឋម ជា​រឿង​រំលោភ​សេ​ពស​ន្ទ​វៈរួច​សម្លាប់ចោល​ដើម្បី​បំបិតមាត់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នៅពេលនេះ​កម្លាំងសមត្ថកិច្ច ក្រោម​ការបញ្ជារ​ដោយ​​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត​លោក ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ធ្វើយ៉ាងណា​ស្រាវជ្រាវ​និង​ចាប់ខ្លួន​ជនដៃដល់​យកមកចាត់​ការ​​តាមផ្លូវ​ច្បាប់​៕

ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់ ត្រូវគេ​ចាប់រំលោភ​សម្លាប់ នៅ​ស្រុក​ឈូក​