ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

យោង​តាម​ទស្សនាវដ្តី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម DABIQ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា ក្រុម​ជ្រុលនិយម​នេះ​ទទួលស្គាល់​ពី​ការ​ស្លាប់​របស់​បុរស​ជនជាតិ​អង់គ្លេស​មាន​រហស្សនាម​ថា JIHADI JOHN ដែល​ស្លាប់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​របស់​គេ​នៅ​ក្រុង​រ៉ា​កា​ភាគ​ខាងកើត​ស៊ី​រី ។

កងទ័ព​អា​មេ​រិ​ក​ធ្លាប់​បាន​ប្រកាស​កាលពី​ខែវិច្ឆិកា​ថា JIHADI JOHN ប្រហែលជា​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ ។ ជន​នេះ​មានឈ្មោះ​ពិត​ថា MOHAMMED EMWAZI ដែល​គេ​ឃើញ​ក្នុង​វី​ដេ​អូ​ជា​ច្រើន​ជា​ឃាតករ​កាត់​ក្បាល​បណ្តា​ចំណាប់ខ្មាំង​លោក​ខាងលិច ហើយ​ជន​នេះ​ក្លាយជា​និមិត្តរូប​នៃ​ភាព​សាហាវព្រៃផ្សៃ​របស់​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ។

ទស្សនាវដ្តី DABIQ គូសបញ្ជាក់​ថា បុរស​ជនជាតិ​អង់គ្លេស​នេះ​ស្លាប់​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ពេល​រថយន្ត​ដែល​រូបគេ​ជិះ​រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង នៅ​ទីក្រុង​រ៉ា​កា ដោយ​បំផ្លាញ​រថយន្ត​នោះ ហើយ​សម្លាប់ JIHADI JOHN នៅ​នឹង​កន្លែង ។

JIHADI JOHN តាម​វី​ដេ​អូ​ជា​ច្រើន​គេ​ឃើញ​ជន​នេះ​ស្លៀកពាក់​ខ្មៅ បិទមុខ និង​កាន់​កាំបិត​មួយ​កាត់​ក្បាល​បណ្តា​ចំណាប់ខ្មាំង ។ រូបភាព​ចុង​ក្រោយ​របស់ JIHADI JOHN គឺ​ក្នុង​វី​ដេ​អូ ដែល​បង្ហាញ​ពី​ការ​ប្រហារជីវិត​ជនជាតិ​ជប៉ុន​ម្នាក់​។ ជន​នេះ​ធ្លាប់​ឃើញ​លើ​វី​ដេ​អូ​ដែល​គេ​ជា​ឃាតករ​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក លោក STEVEN SOTLOFF និង​លោក JAMES FOLEY ពលករ​មនុស្សធម៌​អា​មេ​រិ​ក លោក ABDEL RAHMAN KASSIG អ្នកធ្វើការ​ខាង​មនុស្សធម៌​ជនជាតិ​អង់គ្លេស​លោក DAVID HAINES និង​លោក ALAN HENNING អ្នកកាសែត​ជប៉ុន លោក KENJI GOTO និង​ចំណាប់ខ្មាំង​ឯទៀត​ៗ ។

ជន​ជី​ហា​ដ​រូប​នេះ​ជា​អ្នកជំនាញ​ខាង​ព័ត៌មានវិទ្យា​មួយ​រូប​រៀន​នៅ​ទីក្រុង​ឡុ​ង​ដ៍ កើត​នៅ​ប្រទេស​គុយ​វ៉ែត ក្នុង​ឆ្នាំ​១៩៨៨ ដែល​គ្រួសារ​គេ​មាន​ប្រភព​ដើម​អីុរ៉ា​ក់ ៕