រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​នៅ​កូ​ឡុំ​ប៊ី ស្នើ UN ពិនិត្យ​បទ​ឈប់​បាញ់

​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ក្រុម​ឧទ្ទាម FARC បានស្នើ​ទៅកាន់​អង្គការសហប្រជាជាតិ​ឲ្យ​ចូល​ត្រួតពិនិត្យ​ដំណើរការ​សន្តិភាព និង​ការរំសាយ​អាវុធ​របស់​ក្រុម​ឧទ្ទាម​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​។ សំណើ​រួមគ្នា​នេះ​ធ្វើឡើង ខណៈដែល​ភាគី​ជម្លោះ​ទាំងពីរ​គ្រោង​នឹង​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​បាន​មុន​ខែ​មិនា​។ នេះ​បើ​យោងតាម​ទូរទស្សន៍ Al Jazeera ។​

​ខណៈ​កំពុង​ចរចា​នៅ​ទីក្រុង​ឡា​ហាវ៉ាន រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​និង​ក្រុម​ឧទ្ទាម FARC បានធ្វើ​សំណើ​រួមគ្នា​ទៅកាន់​អង្គការសហប្រជាជាតិ ដើម្បី​ចូលមក​ពិនិត្យ​បទ​ឈប់​បាញ់​និង​ការរំសាយ​អាវុធ​ឧទ្ទាម​ដែល​ឈានដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​រយៈ​ប្រាំ​ទសវត្ស​នៅក្នុង​ប្រទេស​នេះ​។ ភាគី​ទាំងពីរ​បញ្ជាក់ថា យើង​សម្រេចចិត្ត​ស្នើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បង្កើត​ក្រុម​សង្កេត​ការ​មួយក្រុម​សម្រាប់​រយៈពេល​១២​ខែ ចូលមក​សង្កេត​ការ​ក្នុង​ជម្លោះ​នេះ​។​

​ភាគី​ជម្លោះ​ទាំងពីរ​បាន​និយាយ​ដែរ​ថា បេសកកម្ម​របស់​ក្រុម​សង្កេត​នេះ​នឹង​ធានាថា បទ​ឈប់​បាញ់​និង​ការរំសាយ​អាវុធ​ត្រូវបាន​គោរព​និង​អនុវត្ត​ដោយ​អចិន្ត្រៃយ៍​។ មិនតែប៉ុណ្ណោះ ទាំង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​បាន​ហៅ​ការប្រកាស​នេះ​ជា​ដំណើរ​ការដែល​មិន​ធ្លាប់មាន​ពីមុន​ក្នុង​ដំណើរការ​សន្តិភាព​រប​ស់​កូ​ឡុំ​ប៊ី ហើយ​វា​នឹង​ជួយ​ព​ន្លឿ​ន​បន្ថែមទៀត​ដល់​ការចរចា ខណៈ​ភាគី​ទាំងពីរ​ជំរុញ​ឲ្យ​បញ្ចប់​ការចរចា​នៅត្រឹម​ខែ​មិនា​នេះ​។

​ការប្រកាស​សំណើ​នេះ​ទៀតសោត គឺ​មានតែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ក្រុម​ចរចា​របស់​ភាគី​ជម្លោះ​ទាំងពីរ ជួប​ជាមួយ​ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) ក្នុង​រដ្ឋធានី​ឡា​ហាវ៉ាន​។ ចំណែកឯ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក Juan Manuel Santos ក៏​ធ្លាប់បាន​និយាយ​ដែរ​ថា លោក​ក៏​ចង់​ស្នើ​ឲ្យ​ដំណើរការ​សន្តិភាព​មានការ​ចូលរួម​ពី​អង្គការសហប្រជាជាតិ​ដែរ​។​

​យ៉ាងណាក្ដី ប្រជាជន​កូ​ឡុំ​ប៊ី​នៅតែមាន​ការសង្ស័យ​លើ​ការ​ការចរចា​សន្តិភាព​នេះ​។ ក្រុម​ឧទ្ទាម FARC និង​រដ្ឋាភិបាល បាន​ចរចា​គ្នា​ជាច្រើនលើក​មកហើយ តែ​ការចរចា​នោះ​តែងតែ​បរាជ័យ​រហូត​។ ចំណែក​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ឧទ្ទាម FARC វិញ ពួកគេ​នឹង​ព្រម​ទម្លាក់អាវុធ លុះត្រាតែ​មានការ​ធានាថា​ពួកគេ​ទទួលបាន​ការពារ​ពី​សំណាក់​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​។

​សូម​រម្លឹក​ដែរ​ថា ជម្លោះ​ប្រដាប់អាវុធ​រវាង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​និង​ក្រុម​ឧទ្ទាម FARC បានអូសបន្លាយ​ជាង​៥០​ឆ្នាំ​មកហើយ​។ ជម្លោះ​នេះ​គឺជា​ជម្លោះ​មាន​រយៈពេល​យូរ​ជាងគេ​នៅ​តំបន់​អាមេរិក​ឡាទីន​។ មនុស្ស​ច្រើនជាង​ពីរ​សែន​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​រាប់លាន​នាក់​ទៀត​បាន​ភៀសខ្លួន​ចេញពី​ទីលំនៅ​។ ថ្វី​ត្បិត​ការចរចា​មាន​ច្រើនលើក​ក៏ដោយ ដំណើរការ​សន្តិភាព​នៅ​តែ​មិនទាន់មាន​ពន្លឺ ទើបតែ​ពេលនេះ​ភាគី​ទាំងពីរ​ឈាន​មួយ​ជំហាន​រួមគ្នា​សំដៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះ​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​