ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ស្វាយ​រៀង ៖ ​មាន​ឈ្មួញ​វៀតណាម​​មួយ​ក្រុម​​នាំ​គ្នា​​​​ដើរ​ទិញ​អនុ​ផល​ព្រៃឈើ​​​​​ដោយ​​ខុស​ច្បាប់​​ ដើម្បី​នាំ​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រក​របៀង​ខ្សែ​ដែក ​ស្ថិតនៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ​ស្រុក​រមាស​ហែក​ ។​

​​អ្នក​ភូមិ​រស់នៅ​ក្នុង​ភូមិ​ត្រស់ បាន​​បង្ហើប​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃទី​១៩ មករា ២០១៦ ថា ​ឈ្មួញ​វៀតណាម​ដែល​ដើរ​ប្រមូល​ទិញ​អនុ​​ផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​​ខាង​លើ​​ រួម​មាន ដើម​រពាក់​ គល់ផ្តៅ ឫស្សី និង​ដើម​ឱ​សថ (ដើម​សន្ទះឪម៉ាល់) ​និង​សង្ស័យ​មាន​លួច​នាំ​ចេញ​សត្វ​ព្រៃ​ផង​ដែរ ។ ​

អ្នក​ភូមិ​បាន​បន្ត​ថា ជា​រៀង​រាល់​យប់​​​ ពួក​គាត់​ឃើញ​មាន​រថយន្ត​​ធុន​តូច​ចំនួន​២គ្រឿង​ ​បាន​ធ្វើ​សកម្ម​ភាព​​ដឹក​សត្វព្រៃ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ដោយ​គ្មាន​សមត្ថកិច្ច​​​​​​ណា​​ហ៊ាន​ចេញ​មុខ​ឃាត់​​ដើម្បី​​ត្រួត​ពិនិត្យនិង​ឆែក​ឆេរ​​​នោះ​ឡើយ ​សង្ស័យ​​​ប្រហែល​ជា​ទទួលបាន​សំណែន​​មើល​ទៅ ។​

ទាក់​ទិន​​ទៅ​នឹង​ករណី​ខាង​លើនេះ ​មិន​អាច​រក​ការ​បំភ្លឺ​ពី​​លោក​នាយ​ប៉ុស្តិ៍​ច្រក​របៀង​ខ្សែ​ដែក​បាន​ទេ ​ដោយ​មន្ត្រី​ប្រចាំការ​នៅ​ច្រក​​របៀង​​នោះ​ប្រាប់​ថា មេ​មិន​នៅ​មិន​ហ៊ាន​ឆ្លើយ​​ប្រាប់​ឡើយ ៕