សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្តកណ្តាល ៖ ដំណើរ​ទស្សនកិច្ច​សិក្សា​និង​ការងារ​សង្គមកិច្ច គឺជា​សកម្មភាព​ដែល​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​គ្រប់​សាខា តែងតែ​រៀបចំ​ជា​ទៀងទាត់​សម្រាប់​សិស្សានុសិស្ស​។ គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ឲ្យ​សិស្សានុសិស្ស​ធ្វើការ​សិក្សា និង​ស្រាវជ្រាវ​ផ្ទាល់​អំពី​ប្រធានបទ​ទាំងឡាយ​ដែល​សាលា​បាន​កំណត់ ដើម្បី​ស្វែង​យល់​អំពី​តំបន់​ទេស​ចរណ៍ ទីតាំង​ប្រវត្តិសាស្ត្រ ប្រភេទ​រុក្ខជាតិ ការ​ថែរក្សា​បរិស្ថាន និង​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ផ្សេង​ៗ និង​ជា​ពិសេស​គឺ​ដើម្បី​ប្អូន​ៗ​សិស្សានុសិស្ស​ចេះ​ចូលរួម​ការងារ​សប្បុរសធម៌​សង្គមកិច្ច​ផង​ដែរ ។

ជាក់ស្តែង កាលពី​ថ្ងៃ​សៅរ៍​ទី​១៦ ខែមករា ឆ្នាំ​២០១៦ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ដូនពេញ  បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​ភ្នំ​ប្រសិទ្ធិ៍​ត្រៃ​ត្រឹ​ង្ស ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ អម​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ផង​ដែរ គណៈនាយក បុគ្គលិក លោកគ្រូ​អ្នកគ្រូ បាន​ដឹកនាំ​សិស្សានុសិស្ស​ចូលរួម​ធ្វើ​ការងារ​សង្គមកិច្ច​ដោយ​បាន​ចូលរួម​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​ភ្នំ​បា​សិទ្ធិ​ចំនួន ៣៧៧​នាក់ ព្រមទាំង​បាន​ផ្តល់​សម្ភារ​ការិយាល័យ និង​ថវិកា​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​សាលា​បឋម​សិក្សា​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ឌិន ធី នាយករង​សាលា​បឋម​សិក្សា​ភ្នំ​បា​សិទ្ធិ តាង​នាម​ឲ្យ​គណៈនាយក បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​របស់​សាលា​បឋម​សិក្សា​ភ្នំ​បា​សិទ្ធិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​សាខា​ដូនពេញ ដែល​បាន​ដឹកនាំ​បុគ្គលិក លោកគ្រូ​អ្នកគ្រូ និង​ជា​ពិសេស​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​ចេះ​ចូលរួម​ក្នុង​ការងារ​សង្គមកិច្ច ដោយ​បាន​នាំ​យក​នូវ​សម្ភារ​សិក្សា ថវិកា​មួយ​ចំនួន និង​កូន​ឈើ​មក​ឧបត្ថម្ភ​ដល់​សាលា និង​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ភ្នំ​បា​សិទ្ធិ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ប៊ួ​យ បូ​រិ​ន នាយក​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​សាខា​ដូនពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈនាយក​សាលា​បឋម​សិក្សា​ភ្នំ​បា​សិទ្ធិ ដែល​បាន​អនុញ្ញាត​ឲ្យ​បុគ្គលិក លោកគ្រូ​អ្នកគ្រូ និង​ប្អូន​ៗ​សិស្សានុសិស្ស​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​បាន​ធ្វើការ​ចែករំលែក​នូវ​សម្ភារ​សិក្សា​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​តូច​ៗ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា ។

លោក​បាន​បន្ថែម​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ តែងតែ​ដឹកនាំ​និង​ជំរុញ​ប្អូន​ៗ​សិស្សានុសិស្ស​ក្នុង​សកម្មភាព​មនុស្សធម៌ ដើម្បី​បណ្តុះ​ស្មារតី​ចែករំលែក​នូវ​សន្តាន​ចិត្ត​ស្រឡាញ់ សេចក្តី​អាណិតអាសូរ សាមគ្គី​ភាពល្អ ស្រឡាញ់​គ្នា និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ការ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​សុភមង្គល ព្រមទាំង​ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​បម្រើ​ប្រទេស​ជាតិ​នា​ពេល​អនាគត​ខាង​មុខ និង​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ​ផ្សេង​ៗ ។

លោក ប៊ួ​យ បូ​រិ​ន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សម្ភារ​សង្គមកិច្ច​ទាំងអស់​ដែល​បាន​យក​មក​ចែក​ជូន​ដល់​ប្អូន​ៗ​តូច​ៗ​នេះ គឺ​ភាគច្រើន​បាន​ទទួល​មក​ពី​ការ​ឧបត្ថម្ភ​ពី​សិស្សានុ​សិស្ស និង​មាតាបិតា​សិស្ស​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ដូនពេញ​។

បន្ទាប់​ពី​បញ្ចប់​សកម្មភាព​សង្គមកិច្ច គណៈនាយក បុគ្គលិក លោកគ្រូ​អ្នកគ្រូ ក៏​បាន​ដឹកនាំ​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ភ្នំ​ប្រសិទ្ធិ៍​ត្រៃ​ត្រឹ​ង្ស​ដ៏​ស្រស់​ត្រកាល និង បរិយាកាស​ដ៏​ល្អ​បរិសុទ្ធ ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​យ៉ាងច្រើន​កុះករ ។ សិ​ស្សា​នុ​សិ​ស្សាបាន​ដើរ​ទស្សនា​រមណីយដ្ឋាន និង​លេងល្បែង​កម្សាន្ត​ជា​ច្រើន​យ៉ាង​សប្បាយ​រីករាយ ស្និទ្ធស្នាល និង បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​សាខា​ដូនពេញ​វិញ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ប្រកបដោយ​សុវត្ថិភាព ៕