Bale រង​របួស​កំភួន​ជើង​ជា​លើក​ទីបី នៅ​រដូវកាល​នេះ

ខ្សែ​ប្រយុទ្ធ Real Madrid កីឡាករ Gareth Bale បាន​ទទួល​រង​របួស​សាច់​ដុំ​កំភួន​ជើង​ជា​លើក​ទីបី​នៅ​ក្នុង​រដូវកាល​នេះ ដែល​នឹង​ត្រូវ​អវត្តមាន​លេង ៣ សប្តាហ៍។

baleកីឡាករ សញ្ជាតិ វេលស៍ ​វ័យ ​២៦ ឆ្នាំរូបនេះ​​បាន​ចាប់​ផ្តើម​ដើរ​ប៉ាង​ខ្ញើច​នៅ​មុន​ចប់​តង់​ទី​មួយ​បន្តិច នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ​La Liga រវាង​ក្រុម​ Real Madrid ​ជា​ម្ចាស់​ផ្ទះ​ជាមួយ​នឹង​​ក្រុម​ភ្ញៀវ Sporting Gijon ដោយ​បាន​បញ្ចប់​ដោយ​ជ័យ​ជម្នះ​ដោយ​លទ្ធផល ៥-១ កាល​ពី​ថ្ងៃ​អាទិត្យ។ Bale​ ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ១៣ គ្រាប់​ហើយ​នៅ​រដូវកាល​នេះ ប៉ុន្តែ​ត្រូវ​បាន​រាយកាណ៍​ថា នឹង​ត្រូវ​អវត្តមាន​បី​សប្តាហ៍​ខាង​មុខ។

Real Madrid បាន​និយាយ​ថា៖ «រូបគេ (Gareth Bale)​បាន​ទទួល​រង​របួស​សាច់ដុំ​កំភួន​ជើងខាងស្តាំ។​ ការ​ជា​សះស្បើយ​របស់គេ​នឹង​ត្រូវ​បាន​បន្ត​ការ​វាយ​តម្លៃ​បន្ត​ទៅ​ទៀត»។​ ព័ត៌មាន​​ជា​ច្រើន​នៅ​ ​អេស្ប៉ាញ​ បាន​រាយ​ការណ៍​ថា Real អាច​នឹង​ឲ្យ Bale ត្រលប់​មក​លេង​វិញ​នៅ​ក្នុង​ការ​ប៉ះ​ជាមួយ Roma ក្នុង​ក្រប​ខណ្ឌ Champions League ​នា​ថ្ងៃទី ១៧ ខែកុម្ភៈ​ ខាងមុខ​នេះ។ គួរ​កត់​សម្គាល់​ថា​ កីឡាករ Bale បាន​ខកខាន​ពុំ​បាន​ចូល​លេង​ចំនួន​ប្រាំបី​ប្រកួត​នៅ​ក្នុង​រដូវ​កាល​នេះ​ដោយ​សារ​របួស​កំភួន​ជើង​ដូច​នេះ​ពីរ​ដង​រួច​មកហើយ៕