សាលាឧទ្ធរណ៍​បើកសវនាការ សំណុំរឿង​ឃាតកម្ម​លើ​កូនប្រុស​ថៅកែ​ហាង​នំ​បុ័ង យីហោ ហេង ចេង ក្រុង​តាខ្មៅ​

កណ្តាល: ​នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃសាលាឧទ្ធរណ៍ លោក​ចៅក្រម ចាយ ច័ន្ទ​តារា​វណ្ណ  បាន​បើកសវនាការ ជំនុំជម្រះបណ្តឹងឧទ្ធរណ៍​របស់ លោក លឹម សុគ​ន្ថា ព្រះរាជអាជ្ញា អម​សាលាដំបូងខេត្តកណ្តាល ប្រឆាំងនឹង​សាល​​ក្រម​របស់ ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល ក្នុង​សំណុំរឿង​ឃាតកម្ម​គិតទុក​ជាមុន លើ​កូនប្រុស​ថៅកែ ហាង​នំ​បុ័ងយីហោ ហេង ចេង នៅ​ក្រុង​តាខ្មៅ​។​

​សូម​រំលឹកថា ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល លោក ហុក វ៉ាន់​ធី​ណា កាលពី​រសៀលថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៥​កន្លងទៅ​បានប្រកាស​​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ សេង ចាន់​ធី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ដាក់ពន្ធនាគារ​អស់​មួយជីវិតពីបទ​ឃាតកម្ម​គិតទុក​ជាមុន​។

​ក្នុងនោះ លោក​ចៅក្រម ហុក វ៉ាន់​ធី​ណា ក៏បាន​សម្រេច ប្តូរ​បទចោទប្រកាន់ លើ​ឈ្មោះឥ​ន្ឋ រស្មី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​ពីបទ​ឃាតកម្ម​គិត​​ទុកជាមុន មកជា​បទ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ផ្តន្ទាទោស​១​ឆ្នាំ ហើយ​បាន​ប្តូរ​បទចោទប្រកាន់ លើ​ឈ្មោះសេង សុក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន មកជា​បទ​មិនរាយការណ៍ ដល់​សមត្ថកិច្ច និង​ដាក់ពន្ធនាគារ​១​ឆ្នាំ ។​

​ជនរងគ្រោះ ហេង ពិសិដ្ឋ អាយុ ២៥​ឆ្នាំ រៀន​នៅ​សាកលវិទ្យាល័យ ឯកជន មួយនារាជធានី​ភ្នំពេញ ដែលជា​កូន​ថៅកែ ហាង​នំ​បុ័ង យីហោ ហេង ចេង ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញ ស្លាប់ អណ្ដែត​ទឹក​ក្បែរ​ជើងភ្នំ​កក់ ស្ថិតក្នុង​ភូមិ​តារា​ជចុង​កើត ឃុំ​កក់​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៤​។

​សាច់ញាតិ​ជនរងគ្រោះ បាន​និយាយថា ហេង ពិសិដ្ឋ បាន​បាត់​ពី​ផ្ទះ នៅ​ពី​ព្រឹក​ថ្ងៃទី​១៧ខែកក្កដា​ឆ្នាំ​២០១៤​ដោយបាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​កណ្ដាល 2A-9699 មិនដឹង​ទៅ​ទីណា​។

​ក្រោយមក សមត្ថកិច្ច​ខេត្តកណ្តាល​បានឃើញ​រថយន្ត​របស់ ហេង ពិសិដ្ឋ ត្រូវបាន​ផ្លុ​ងចោល​នៅ​ផ្លូវ​ចូល​បុរី​ស្វាយ​រលំ ក្នុង​ដី​ឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុង​ភូមិ​លេខ​១ ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ផ្អែក​តាម​វត្ថុតាង និង​ចម្លើយ​របស់​សាក្សីសមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូត​ឈានដល់ ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់យកមក​ចាត់ការ​តាមច្បាប់​៕​

សាលាឧទ្ធរណ៍​បើកសវនាការ សំណុំរឿង​ឃាតកម្ម​លើ​កូនប្រុស​ថៅកែ​ហាង​នំ​បុ័ង យីហោ ហេង ចេង ក្រុង​តាខ្មៅ​

សាលាឧទ្ធរណ៍​បើកសវនាការ សំណុំរឿង​ឃាតកម្ម​លើ​កូនប្រុស​ថៅកែ​ហាង​នំ​បុ័ង យីហោ ហេង ចេង ក្រុង​តាខ្មៅ​