អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ពិភាក្សា​បន្ថែម លើ​ការបង្កើត​ក្រម​ប្រតិបត្តិ សម្រាប់​អ្នកស្រាវជ្រាវ ក្នុង​តំបន់​អង្គរ​

ខេត្តសៀមរាប: ក្រម​ប្រតិបត្តិ​សម្រាប់​អ្នកស្រាវជ្រាវ​ក្នុង​តំបន់​អង្គរ ដែល​បានធ្វើ​ព្រាង តាំងពី​ចុងឆ្នាំ​២០១៥ មក ឥឡូវនេះ កំពុងស្ថិត​នៅក្នុង​កិច្ចពិភាក្សា​ខ្លឹមសារ​លម្អិត ពី​បណ្តា​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​។ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នេះ អ្នកជំនាញ​ទាំងអស់ ដែល​កំពុងធ្វើការ​ស្រាវជ្រាវ​ក្នុង​តំបន់​អង្គរ បានមក​ជួបជុំគ្នា នៅ​ស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព​លោក សុខ សង្វារ អគ្គនាយករង និង​ជា​តំណាង​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ពិភាក្សា​លម្អិត​លើ​ក្រម​ប្រតិបត្តិ​នេះ​។​

​មុននឹង​ឈានដល់​ការពិភាក្សា លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ រំឭកថា ក្រម​ប្រតិបត្តិ​សម្រាប់​ក្រុម​អ្នកស្រាវជ្រាវ​នេះ មិនមែនជា​អ្វីដែល​ថ្មី​នោះទេ​។ វា​ជាការ​អនុវត្ត​ទៅតាម​អនុសញ្ញា​អន្តរជាតិ ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ និង​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។​

​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​សម្រាប់​ក្រុម​អ្នកស្រាវជ្រាវ​នេះ ចែកចេញ ៤​ជំពូក គឺ ជំពូក​ទី​១ និយាយ​អំពី​ការទទួលខុសត្រូវ​រប​ស់​អ្នកស្រាវជ្រាវ​ចំពោះ​សហគមន៍ ជំពូក​ទី​២ និយាយ​ពី​ការទទួលខុសត្រូវ​រប​ស់​អ្នកស្រាវជ្រាវ​លើ​អាជីព​របស់ខ្លួន ជំពូក​ទី​៣ និយាយ​អំពី​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំពោះ​អ្នកស្រាវជ្រាវ និង​ជំពូក​ទី​៤ និយាយ​អំពី​ដំណើរការ​ប្រតិបត្តិ​ជាក់ស្តែង​នៅពេល​ស្រាវជ្រាវ​។​

​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​ដែល​ទទួលបន្ទុក​រៀបចំ​ពង្រាង​នេះ ធ្លាប់​អះអាងថា ការរៀបចំ​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នកស្រាវជ្រាវ​នេះ គឺធ្វើឡើង​ដោយ​ផ្អែកទៅលើ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា​របស់​ប្រទេស​កម្ពុជា ដូចជា ច្បាប់រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ព្រះរាជក្រឹត្យ​លេខ​០១/​នស ដែល​ស្តីពី​ការរៀបចំ និង​ចាត់​តំបន់​សៀមរាប​អង្គរ ជាដើម​។ អនុសញ្ញា​នានា​របស់​អង្គការ​យូណេស្កូ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ផ្សេងៗ ក៏ត្រូវ​លើក​មកជា​គោល​សម្រាប់​រៀបចំ​ក្រម​ប្រតិបត្តិ​នេះ​ផងដែរ​៕​