សម្តេច​ហ៊ុនសែន បង្ហាញ​ពី​គម្រោង​ជួសជុល​រៀបចំ​ផ្លូវ​រថភ្លើង​ឡើងវិញ និង​ផ្លូវ​ល្បឿន​លឿន Express Way នៅ​ភ្នំពេញ​

ភ្នំពេញ: ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២០​មករា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបង្ហាញ​ពី​គម្រោង​ជួសជុល​រៀបចំ​ផ្លូវ​រថភ្លើង​ឡើងវិញ និង​ផ្លូវ​ល្បឿន​លឿន Express Way នៅ​ភ្នំពេញ​។​

​សម្តេច​ហ៊ុនសែន លើកឡើងថា "​ផ្លូវ​រថភ្លើង គឺជា​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​ដ៏​សំខាន់ ទាំង​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​ទូទៅ និង​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់​ប្រទេស និង​ឆ្ពោះ​ទៅកាន់​កំពង់ផែ​ក្រៅប្រទេស​។ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ជួសជុល​រៀបចំ​ផ្លុ​វ​រថភ្លើង​ឡើងវិញ រួមទាំង​ផ្លូវ Express Way ពី​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ប្រកបការងារ​របស់​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ល្អប្រសើរ​ទៅមុខ​"​។​

​សូម​រម្លឹកថា ក្រុមហ៊ុន Toll Royal Railway ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន Toll អូស្ត្រាលី និង​ក្រុមហ៊ុន Royal Group របស់លោក​ឧកញ៉ា គិត​ម៉េង បាន​ទទួលបាន​កិច្ចសន្យា​សម្បទាន​ផ្លូវដែក ក្នុង​កុងត្រា​រយៈពេល ៣០​ឆ្នាំ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម​ផ្លូវដែក​ជួសជុល និង​ថែទាំ​។ ក៏ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​អូស្ត្រាលី Toll បាន​ដកខ្លួន ហើយ​ក្រុមហ៊ុន​វិនិយោគ​ផ្លូវដែក​កម្ពុជា​នោះ បាន​ប្តូរ​ឈ្មោះ​មកជា "Royal Railway" ដែលមាន​លោក​ឧកញ៉ា គិត​ម៉េង ជា​ប្រធាន​។​

​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១២ ផ្លូវ​រថភ្លើង ខ្សែ​ទី​១ បាន​សាកល្បង​បើក​ដំណើរការ ដោយ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​កំពង់ផែ​ក្រុងព្រះសីហនុ ដែលមាន​ប្រវែង ២៥៦ គីឡូម៉ែត្រ បន្ទាប់ពី​បាន​ជួសជុល​រយៈពេល​បី​ឆ្នាំ​។​

​ចំណាយ​សរុប​នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវដែក​កម្ពុជា ពី​ភ្នំពេញ ទៅកាន់​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ មាន​ចំនួន ១៤១,៦ លាន​ដុល្លារ ក្នុងនោះ មាន​៨៤ លាន​ដុល្លារ ជា​កម្ចី​ហិញ្ញ​ប្ប​ទាន​របស់ ADB ២១,៥ លាន​ដុល្លារ​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​អូ​ស្រា្ត​លី ១៣​លាន​ដុល្លារ ជា​ជំនួយ​របស់ OPEC សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រហែល ២,៨ លាន​ដុល្លារ និង​សម្បទាន​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ២០,៣ លាន​ដុល្លារ​។​

​ផ្លូវ​រថភ្លើង ដែល​ត្រូវបាន​ជួសជុល​ស្តារឡើងវិញ​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ដូចជា កាត់បន្ថយ​ការដឹកជញ្ជូន​ធុន​ធ្ងន់​តាម​រថយន្ត កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការកកស្ទះ កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​កាត់បន្ថយ​ផ្សែង​ពុល ជាដើម​។​
     ​
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ហៅ​ការដាក់​ឲ្យ​ដំណើរការ​ផ្លូវ​នៅ​កម្ពុជា នៅ​ភាគខាងត្បូង គឺ​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​ឆ្លងកាត់​ខេត្តកណ្តាល តាកែវ និង​ខេត្តកំពត ថា ជា​ការវិវឌ្ឍ​ដ៏​មាន​សារៈសំខាន់​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ផ្លូវដែក ដែល​ត​ភ្ជាប់​ក្នុង​ទ្វីបអាស៊ី​ទាំងមូល​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះ ហើយ​វា​ជា​ជំ​ហ៊ាន​ឆ្ពោះទៅរក​ការតភ្ជាប់​ពី​ប្រទេស​សិង្ហ​បុរី ទៅកាន់​ប្រទេស ស្ក​ត់ឡែ​ន (Scotland) ផងដែរ​។​

​ធនាគារ ADB ក៏បាន​ប្រកាសថា ខ្សែ​រថភ្លើង​ភាគ​ខាងជើង​ប្រវែង ៣៣៧ គីឡូ​ម៉ែត ត​ភា្ជ​ប់រាជ​ធានី​ភ្នំពេញ ទៅកាន់​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ត្រូវគេ​រំពឹងថា នឹង​បើក​ដំណើរការ​ជា ៣ ឬ ៤​ដំណាក់កាល នៅក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។ ក៏ប៉ុន្តែ​គម្រោង​នេះ មិន​សម្រេច​តាម​ផែនការ​នោះទេ មកទល់នឹង​ខែមករា ឆ្នាំ​២០១៦​នេះ​៕​