ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ អ្នក​ភូមិ​បុ​រី​កីឡា​ចំនួន​៩១​គ្រួសារ ​ក្នុង​ចំណោម​១៥៤​គ្រួសារ​នៅ​សេសសល់ ដែល​ជា​អ្នកតស៊ូ​តវ៉ា​យ៉ាង​ស្វិតស្វាញ​ក្រាញននៀល​ដ៏រ៉ាំ​​រ៉ៃ​នោះ ពេល​នេះ​បាន​ទទួលយក​ថវិកា​ជា​ថ្នូរ​នឹង​ការ​ចាកចេញ ។​ ចំណែកឯ​អាជ្ញាធររាជធានី​​ភ្នំពេញ​សន្យា​ព​ន្លឿ​ន និង​ជំរុញ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បុរី​កីឡា​ឲ្យ​បានរួចរាល់​នៅ​ក្នុង​ខែកុម្ភៈ​ ​​២០១៦ ​នេះ ដើម្បីបញ្ចប់​វិវាទ​ជម្លោះដីធ្លី​ដ៏​រ៉ាំ​រ៉ៃ នៅ​ក្នុង​តំបន់​បុរី​កីឡា​នេះ​ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ​២០១៦ លោកមាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ តំណាង​ឱ្យ​​លោកប៉ា សុ​ជាតិ​វង្ស​បាន​​ធ្វើ​ពិធី​ប្រគល់​-ទទួល​ថវិកា​ជូន​អ្នក​ភូមិ​បូ​រី​កីឡា​ចំនួន​៩១​គ្រួសារ ​ដែល​បាន​ស្ម័គ្រចិត្ត ។ ក្នុង​ពិធី​ខាងលើ​នេះ​ លោកមាន ចាន់​យ៉ា​ដា បាន​លើក​ឡើង​ថា សាលា​រាជធានី​ភ្នំពេញ  រួម​និង​ភាគី​ពាក់ព័ន្ធកំពុង​ជំរុញ​ការ​ដោះស្រាយ​ជូន​បងប្អូន​បូ​រី​កីឡា ។ កន្លង​មក​ ការ​តវ៉ា​​របស់ប្រជាពលរដ្ឋ​តាម​ចិញ្ចើមថ្នល់ សាលា​រាជធានី​ភ្នំពេញ​មិន​អាច​ទទួលយក​បាន​ទេ សូម​ប្រជាពលរដ្ឋ​ចូល​ចរចារ​ជាមួយ​អាជ្ញា​ធរ ដោយ​មាន​ឯកសារ​លិខិត​ស្នាម​បញ្ជាក់​ច្បាស់លាស់ ទើប​ប្រជាពលរដ្ឋ​ទទួល​បាន​គោលនយោបាយ​ពីសា​លា​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា ឆ្លង​តាម​ការ​ខិតខំ​របស់អាជ្ញាធរ​ជាមួយ និង​អង្គការ​ពាក់ព័ន្ធ​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​៩១​គ្រួសារ
បាន​យល់ព្រម​ទទួល​គោលនយោបាយ​ពីសា​លា​រាជធានី​ភ្នំពេញ​ ជា​ថ្នូរ​ទៅ​នឹង​សាច់ប្រាក់តាម​គ្រួសារ​មាន​៣០០០ដុល្លារ​ និង​៥០០០​ដុល្លារ​។

លោក​មាន ចាន់​យ៉ា​ដា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ ពុំ​ទាន់​បាន​ទទួល​គោលការណ៍​ពីសា​លា​រាជធានី​ភ្នំពេញ មេត្តា​ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​ដោយ​ភ្ជាប់​ជាមួយនឹង​លិខិត​ស្នាម​ច្បាស់លាស់ត្រឹមត្រូវ ឈាន​ទៅ​សម្រេច​ទទួល​គោលនយោបាយ ដោយ​មានការ​ឯកភាព ដើម្បី​បញ្ចប់ទំនាស់ ​។

លោក​អ៊ូច ប៊ុ​ន​សេង ជា​ប្រជាពលរដ្ឋ​ដែល​យល់ព្រម​ទទួលយក​សំណង​ពីសា​លា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ការ​ទទួលយក​គោលនយោបាយ​នេះ​មិន​មាន ការ​បង្ខិតបង្ខំ​ពី​ភាគី​ណាមួយ​ទេ ដោយសារ​ការ​តវ៉ា​អូស​បន្លាយពេល វេលា​រកស៊ី​និង​បាត់បង់​ការងារ​អស់​ជា​ច្រើន​កន្លែង​ដូច្នេះ​លោក​សុខចិត្ត​ទទួលយក​ថវិកា ទាំងនេះ ដើម្បី​យក​ថវិការ​នេះ​ទៅ​បង្កើត​មុខរបរ​រកស៊ី​ចិញ្ចឹម​គ្រួសារ​។

គួរ​រំលឹក​ថា វិវាទ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា​មាន​រយៈពេល​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​នៅ​ពេល​នេះ​អាជ្ញាធរ​បាន​ខិតខំ​ដោះស្រាយ​ជា​ដំណាក់កាល​ៗ រហូត​វិវាទ​ទាំងនេះ​​ជិត​បញ្ចប់ នៅ​សល់​ប្រមាណ​តែ​៦៣​គ្រួសារ​ប៉ុ​ណ្ណោះ​ ៕