ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ មឈូស​ចំនួន​៧០​ត្រូវ​បាន​គេ​អូស​ចេញ​តាម​រទេះ​ពី​ទឹកដី​ថៃ​ព្រោងព្រៀត កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ មក​រា ២០១៦ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​មន្ត្រី​អាវុធហត្ថ​ប្រាប់​ថា ជា​អំណោយ​របស់​សប្បុរសជន​ខ្មែរ និង​ថៃ ។

មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត លោក ជា ដា បាន​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​ថា មឈូស​ទាំងអស់​ខាងលើ ៣០​ជា​របស់​សប្បុរសជន​ខ្មែរ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត (​ទិញ​ពី​ដី​ថៃ​) និង​៤០​ជា​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ វរ​សេនា​ធំ​លេខ​១២ (២០​មឈូស​) និង​២០​មឈូស ជា​របស់​នគរបាល​អន្តោរ​ប្រវេសន៍​ថៃ ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក ជា ដា បន្ត​ថា មឈូស​ទាំងអស់ គឺ​យក​មក​ដាក់​តាម​វត្ត​អា​រ៉ា​ម នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ខ្វះ​លទ្ធភាព​ពេល​ដែល​សាច់ញាតិ​បាត់បង់​ជីវិត និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។ មឈូស​ទាំងនេះ ៣០​ដាក់​នៅ​វត្ត​បា​លិ​លេ​យ្យ ភូមិ​ក្បាលស្ពាន​០២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ២០​មឈូស​ដាក់​នៅ​វត្ត​ទួល​ពង្រ និង​២០​មឈូស​ទៀត ដាក់​នៅ​វត្ត​ប្រជា​ធម្ម​ត្រៃ​យ៍ ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រូប​នេះ បាន​បញ្ជាក់​ថា តាំងពី​លោក​ឡើង​កាន់​តំណែង​មក​ទល់​នឹង​ពេល​នេះ មាន​រយៈពេល​ជាង​២​ឆ្នាំ មឈូស​ដែល​សប្បុរសជន​ខ្មែរ​-​ថៃ​ជួយ​តាម​រយ​:​លោក​បាន​ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ប្រើប្រាស់​អស់​ជាង​២០០​មឈូស​ហើយ ៕