ស្លាប់ និងរបួសជិត ៦០នាក់ ក្នុងករណីក្រុមភេរវករ វាយប្រហារ សាកលវិទ្យាល័យ នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ មនុស្សចំនួន ២១នាក់ស្លាប់ និងជាង ៣០នាក់ផ្សេងទៀតរងរបួស ខណៈពេលដែលក្មាន់កាំភ្លើងមួយក្រុម បើការបាញ់ប្រហារ លើសាកលវិទ្យាល័យ មួយកន្លែងនៅភាគអាគ្នេយ៍ ប្រទេសប៉ាគីស្ថាន កាលពីព្រឹកមិញនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា លោក ហ្វាសាល រ៉ាហ៊ីម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បាកា កាន ដែលរួមផុតពីស្លាប់ ក្នុងហេតុការណ៍នេះ បានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកថា អ្នកដែលត្រូវបានបាញ់ សម្លាប់ក្នុងករណីនេះមាន សាស្រ្តាចារ្យម្នាក់ និស្សិត២នាក់ សន្ដិសុខ ៤នាក់ ប៉ូលិសម្នាក់ និងមនុស្សជាច្រើននាក់ទៀត។

សេចក្ដីរាយការណ៍ ខាងលើបានឲ្យដឹង ដោយដកស្រង់ប្រភព ពីមន្ទីរពេទ្យទៀតថា ចំនួនអ្នករងរបួសបានធ្លាក់ចុះមកត្រឹមជាង ៣០នាក់ ខណៈអ្នកស្លាប់កើនឡើង ដល់ ២១នាក់ ក្នុងការវាយប្រហារនេះ ប៉ុន្ដែភ្លាមៗនេះ គេមិនដឹងថា ក្មាន់កាំភ្លើងមានគ្នាប៉ុន្មាននាក់នោះទេ។ បើទោះជាយ៉ាងក្ដី ករណីនេះត្រូវបានសាធារណៈ មតិយល់ឃើញថា ជាសកម្មភាពភេរវកម្ម ដែលអាចពាក់ព័ន្ធនឹង ក្រុមឧទ្ទាមឥស្លាមនិយម។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារតែ អ្នករងរបួសជាច្រើននាក់ ទៀតកំពុងស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ៕

ស្លាប់ និងរបួសជិត ៦០នាក់ ក្នុងករណីក្រុមភេរវករ វាយប្រហារ សាកលវិទ្យាល័យ នៅប៉ាគីស្ថាន

ស្លាប់ និងរបួសជិត ៦០នាក់ ក្នុងករណីក្រុមភេរវករ វាយប្រហារ សាកលវិទ្យាល័យ នៅប៉ាគីស្ថាន