ថៃពង្រាយកម្លាំងប៉េអឹម នៅខេត្តប៉ាតានី ការពារក្រែងមានជម្លោះ សាសនាកើតឡើង

ប៉ាតានី៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូឆា បានចេញការព្រមានប្រឆាំង នឹង ជម្លោះសាសនា ដែលកំពុងបង្កភាពតានតឹង ជុំវិញគម្រោងដ៏សែនចម្រូងចម្រាសមួយ ក្នុងការសាងសង់ពុទ្ធមណ្ឌល ក្នុងតំបន់ដែលម៉ូស្លីមកាន់កាប់ នៃខេត្តប៉ាតានី។

ទីភ្នាក់ងារសារព័ត៌មានថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះបន្ដ ទៀតថា ខណៈពេលនេះអាជ្ញាធរបានព្រមព្រៀងធ្វើការផ្លាស់ប្ដូរឈ្មោះឧទ្យាននេះ ក្នុងគោល បំណងដើម្បីកាត់បន្ថយ ភាពតានតឹងពីការគំរាមធ្វើបាតុកម្ម នៅក្នុងតំបន់ដែល អ្នកកាន់សាសនាម៉ូស្លីមកាន់កាប់។

អាជ្ញាធរក្នុងស្រុកបានផ្ដួចផ្ដើមគំនិត ជាមួយនឹងអ្នកស្រុកថា គួរតែជួបពិភាក្សាគ្នា ដើម្បីដោះ ស្រាយរក កិច្ចព្រមព្រៀងដែលសមស្រប ដោយគ្មានជម្លោះរវាងសាសនាព្រះពុទ្ធ និងម៉ូស្លីម។ ចំពោះករណីនេះលោកនាយករដ្ឋមន្រ្តីថៃ បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះ គម្រោង ដែលចំណាយ ប្រាក់ចំនួន ២០០លានបាត ដើម្បីសាងសង់ពុទ្ធមណ្ឌល លើផ្ទៃដី ១០០រ៉ៃ ក្នុងស្រុកម៉ោង ខេត្តប៉ាតានី បានធ្វើឲ្យមានការមិនពេញចិត្តចំពោះពលរដ្ឋក្នុងតំបន់ និង ឈានដល់ការគំរាមធ្វើបាតុកម្មទៀតនោះ។

ប៉ុន្ដែយ៉ាងក្ដី គេសង្កេតឃើញថា នៅរសៀលថ្ងៃពុធ ទី២០ ខែមក ឆ្នាំ២០១៦ នេះអាជ្ញាធរថៃ បានដាក់ ពង្រាយកងកម្លាំងប៉េអឹម រួចជាស្រេចដែរ ក្នុងគោលបំណងដើម្បីការពារ សណ្ដាប់ធ្នាប់ ចំពោះសកម្មភាព តវ៉ាណាមួយ ដែលអាចនឹងកើតឡើង៕

ថៃពង្រាយកម្លាំងប៉េអឹម នៅខេត្តប៉ាតានី ការពារក្រែងមានជម្លោះ សាសនាកើតឡើង