ឧទ្ធរណ៍បើកសវនាការ សំណុំរឿងឃាតកម្ម លើកូនថៅកែ នំបុ័ង ហេង ចេង ក្រុងតាខ្មៅ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បានបើកសវនាការ ជំនុំជម្រះបណ្តឹងឧទ្ធរណ៍របស់ លោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្តាល ប្រឆាំង នឹងសាលក្រមរបស់ ប្រធានសាលាដំបូងខេត្តកណ្ដាល ក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុន លើកូនប្រុសថៅកែ ហាងនំបុ័ង យីហោ ហេង ចេង នៅក្រុងតាខ្មៅ។

ប្រធានសាលាដំបូងខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ សេង ចាន់ធី ភេទប្រុស អាយុ ២៤ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន។ ក្នុងនោះ លោកចៅក្រម ហុក វ៉ាន់ធីណ ក៏បានសម្រេច ប្តូរបទចោទប្រកាន់ លើឈ្មោះ ឥន្ឋ រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន មកជាបទ កាន់កាប់អាវុធខុសច្បាប់ និងផ្តន្ទាទោស១ឆ្នាំ ហើយបានប្តូរបទចោទប្រកាន់ លើឈ្មោះ សេង សុក ភេទប្រុស អាយុ ២៥ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន មកជាបទមិនរាយការណ៍ ដល់សមត្ថកិច្ច និងដាក់ពន្ធនាគារ១ឆ្នាំ ។

ជនរងគ្រោះ ហេង ពិសិដ្ឋ អាយុ ២៥ឆ្នាំ រៀននៅសាកលវិទ្យាល័យ ឯកជន មួយនារាជធានីភ្នំពេញ ដែលជា កូនថៅកែ ហាងនំបុ័ង យីហោ ហេង ចេង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់ អណ្ដែតទឹកក្បែរជើងភ្នំកក់ ស្ថិតក្នុងភូមិតារាជចុងកើត ឃុំកក់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។ សាច់ញាតិជនរងគ្រោះ បាននិយាយថា ហេង ពិសិដ្ឋ បានបាត់ពីផ្ទះ នៅពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដោយបានជិះរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកកណ្ដាល 2A-9699 មិនដឹងទៅទីណា។ ក្រោយមក សមត្ថកិច្ចខេត្តកណ្តាល បានឃើញរថយន្តរបស់ ហេង ពិសិដ្ឋ ត្រូវបានផ្លុងចោលនៅផ្លូវចូលបុរីស្វាយរលំ ក្នុងដីឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ផ្អែកតាមវត្ថុតាង និងចម្លើយរបស់សាក្សី សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់៕

ឧទ្ធរណ៍បើកសវនាការ សំណុំរឿងឃាតកម្ម លើកូនថៅកែ នំបុ័ង ហេង ចេង ក្រុងតាខ្មៅ

ឧទ្ធរណ៍បើកសវនាការ សំណុំរឿងឃាតកម្ម លើកូនថៅកែ នំបុ័ង ហេង ចេង ក្រុងតាខ្មៅ

ឧទ្ធរណ៍បើកសវនាការ សំណុំរឿងឃាតកម្ម លើកូនថៅកែ នំបុ័ង ហេង ចេង ក្រុងតាខ្មៅ