បញ្ចូន ជនចាប់ចងម្ចាស់ផ្ទះ ប្លន់យកមេមាន់ ៣ក្បាល កូនមាន់ ១០ក្បាល ទៅតុលាការ

តាកែវ៖ សមត្ថកិច្ចន គបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទទី២០ ខែមករា ឆ្នាំ២០១៦ នេះ បានកសាងសំណុំរឿង បញ្ចួនជនសង្ស័យ ពីរនាក់ ក្នុងចំណោមបក្សពួក បីនាក់ ទៅតុលាការ ដោយជាប់ចោទ ពីបទប្លន់ ដែលបានធ្វើសកម្មភាព ចាប់ចងកុមារីម្នាក់ អាយុ ១០ឆ្នាំ ខណៈឪពុកម្ដាយ មិននៅផ្ទះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិផ្សារ ឃុំលាយបូ ស្រុកត្រាំកក់។

លោក យ៉ង់ វណ្ណធី អធិការនគបាល ស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ក់ ពេជ្រ ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិតាដូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ម្នាក់ទៀតឈ្មោះ សែម ភារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិភូមិផ្សារ ឃុំលាយបូ ស្រុកត្រាំកក់ ចំណែកជនសង្ស័យ ដែលរត់គេចខ្លួនបាត់ មានឈ្មោះ សែម កូ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិផ្សារ ឃុំលាយបូ ស្រុកត្រាំកក់។ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យទាំង បីនាក់ បានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ រួចធ្វើសកម្មភាព ចាប់កុមារីឈ្មោះ សុខ សីហា អាយុ ១០ឆ្នាំ ចងដៃទៅក្រោយ ដោយខ្សែរក្រវ៉ាត់ និងខ្សែរគោ ព្រមទាំងយកខោ ចងមាត់ជាប់នៅ នឹងសសរក្រឡោង លើផ្ទះ រួចរើកកាយយកសម្ភារៈមួយចំនួន និងមេមាន់ ៣ក្បាល កូនមាន់១០ក្បាល។

លោកអធិការ ស្រុកត្រាំកក់ បានបន្តថា ក្រោយពេលទទួល បានព័ត៌មានខាងលើ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតឈានទៅធ្វើការ ឃាត់ខ្លួន ជនសង្ស័យបាន ចំនួន ពីរនាក់ ដោយឡែក ម្នាក់ទៀតបានគេចខ្លួនបាត់ ក៏ប៉ុន្តែសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត ដើម្បីស្វែងរកចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕

បញ្ចូន ជនចាប់ចងម្ចាស់ផ្ទះ ប្លន់យកមេមាន់ ៣ក្បាល កូនមាន់ ១០ក្បាល ទៅតុលាការ