កម្ពុជាស្វាគមន៍ ឯកឧត្តម សម រង្ស៊ី តែត្រូវឆ្លងកាត់ ពន្ធនាគារជាមុនសិន

ភ្នំពេញ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានថ្លែងថា ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ(CNRP) វិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃណាមួយក៏បានដែរ ប៉ុន្តែត្រូវទទួលទោសទៅ តាមច្បាប់ជាមុនសិន។

លោក សុខ ឥសាន្ត បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា “រឿងចូល (កម្ពុជា) គាត់ចូលមកថ្ងៃណាក៏បានដែរ ប៉ុន្តែចូលមួយចូលមក ជាប់គុក អាហ្នឹងបាន ចូលមកគេចាប់ដើម្បី ដាក់គុកហើយ មានស្អីទៀត បើមានដីកាតុលាការស្រេចហើយ។ គ្មានអ្នកណាហាមឃាត់គាត់ (ឯកឧត្តម សម រង្ស៊ី) គាត់ចង់ចូលមកថ្ងៃណា ក៏បានដែរ។ ថ្ងៃមុន ថ្ងៃទី១៦ ខែ ១១ គាត់មក មានស្អីវាចប់បាត់ ហើយអារឿងហ្នឹង”។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការដែលឯកឧត្តម សម រង្ស៊ី លើកឡើងបែបនេះ គ្រាន់តែជាការលើកទឹកចិត្ត ដល់សមាជិក-សមាជិកា ព្រមទាំងអ្នកគាំទ្រ របស់ខ្លួនតែប៉ុណ្ណោះ ហើយក៏ជារឿង បោកប្រាស់ផងដែរ។

លោកបញ្ជាក់ថា “ឥឡូវនេះ ខ្ញុំយល់ថា គាត់គ្រាន់តែថា ដើម្បីកម្លាចិត្តសមាជិក សមាជិកាគាត់ អាហ្នឹងជារឿងបោក ប្រាស់មួយសារទៀត”។

ចំណែក លោក មាស នី អ្នកវិភាគនយោបាយ យល់ឃើញថា ការប្រកាសវិលមក កម្ពុជារបស់ឯកឧត្តម សម រង្ស៊ី គ្រាន់តែជាសារ នយោបាយប៉ុណ្ណោះ តែការដែលឯកឧត្តម សម រង្ស៊ី មកកម្ពុជាបាន ឬក៏មិនបាន អាស្រ័យលើចេតនារបស់ គណបក្សប្រជាជន។

លោកបន្តថា “ វាគ្រាន់តែជាសារ នយោបាយជាទូទៅ របស់គាត់ទេណា ប៉ុន្តែរឿងស្ថានការណ៍ថាគាត់ (សម រង្ស៊ី) មកបាន ឬក៏មិនបាន វាអាស្រ័យទៅលើចេតនា របស់រាជរដ្ឋាភិបាលរបស់កម្ពុជា នៅខាងក្នុងទេណា បរទេសមិនអាចជួយឲ្យ ឯកឧត្តម សម រង្ស៊ី វិលមកកម្ពុជាបានទេ”។

ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនឯង នៅក្រៅប្រទេស បន្ទាប់ពីតុលាការក្រុងភ្នំពេញ ចេញដីការកោះ អញ្ជើញឲ្យចូលខ្លួន ដើម្បីសាកសួរលើ បណ្តឹងមួយចំនួន នៅថ្ងៃទី២០ មករា បានអះអាងជាលើកទី២ ថា នឹងត្រឡប់ចូលមកកម្ពុជា វិញមុនថ្ងៃបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ។

គួរបញ្ជាក់ថា ទោះបីជាឯកឧត្តម សម រង្ស៊ី បានប្រកាសថា នឹងវិលត្រឡប់កម្ពុជា វិញនៅមុនការបោះឆ្នោតសកលឆ្នាំ ២០១៨ ជាច្រើនលើក ច្រើនសារក៏ដោយ តែសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ធ្នូ កន្លងមក បានប្រកាសជំហរដាច់ ណាត់ទុកជាមុនថា ក្នុងករណីមានការ ស្នើសុំណាមួយ ឲ្យសម្តេចតេជោ ធ្វើសំណើលើកលែងទោស ចំពោះឯកឧត្តម សម រង្ស៊ី នោះ សម្តេចប្រកាសសុខចិត្ត កាត់ដៃម្ខាងចោល តែដាច់ខាតគឺមិនចុះ ហត្ថលេខាឡើយ៕

កម្ពុជាស្វាគមន៍ ឯកឧត្តម សម រង្ស៊ី តែត្រូវឆ្លងកាត់ ពន្ធនាគារជាមុនសិន