ក្រុមសហជីព បង្ហាញពីឆន្ទៈ សុំរាជរដ្ឋាភិបាល និងសភា ពន្យារអនុម័តសេចក្តី ព្រាងច្បាប់សហជីព

ភ្នំពេញ៖ ក្រុមសហជីព តំណាងឲ្យកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ស្បែកជើង សណ្ឋាគារ សំណង់ ស្រាបៀរ ផ្នែកម្ហូបអាហារ កសិកម្ម មន្រ្តីរាជការ គ្រូបង្រៀន និងផ្នែកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល និងសភាបន្តទទួល យកសំណើរបស់ខ្លួន និងពន្យារពេលការ អនុម័តលើសេចក្តី ព្រាងច្បាប់ស្តីពីសហជីពនេះ សិន ទុកលទ្ធភាពឲ្យក្រុមការងារ បក្សទាំងពីរបន្តពិភាក្សាគ្នា ដើម្បីរកឲ្យឃើញពីផលវិជ្ជមាន។

សេចក្តីថ្លែងការណ៍រួម មួយរបស់សហជីពបាន ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ដោយពួកគេបានលើកឡើងថា ជំនួបរវាងគណបក្ស ទាំងពីរដែលបានធ្វើឡើងទាំង ៣លើកកន្លងមក ហាក់ដូចជាមិនទទួលបាន លទ្ធផលផ្លែផ្កាល្អ ទៅតាមសំណើររបស់ សហជីពទាល់តែសោះ ។

ពួកគេលើកឡើងថា ហាក់មិនបានទទួលយកសំណើ សំខាន់ៗរបស់សហជីពនៅឡើយ ពិសេសសំណើទាក់ទង នឹងវិសាលភាពនៃច្បាប់ស្តី អំពីសហជីពដែលគួរ គ្របដណ្តប់បន្ថែមទៅដល់ កម្មករធ្វើការតាមផ្ទះ បុគ្គលិករដ្ឋ ផ្នែកស៊ីវិល និងអ្នកធ្វើការផ្នែក សេដ្ឋកិច្ចក្រៅប្រព័ន្ធ មួយវិញទៀតការ ការពារសិទ្ធិក្នុងការបង្កើត អង្គភាពវិជ្ជាជីវៈ និងសិទ្ធិក្នុងការចរចា ជាសមូហភាព និងសិទ្ធិក្នុងការធ្វើ កូដកម្មជាដើម។

ក្រុមសហជីពទាំងនោះ បានយល់ឃើញទៀតថា “នៅក្នុងសេចក្តីព្រាងច្បាប់នេះ គឺមានការរឹតត្បិតដល់ អ្នកធ្វើការនៅក្នុងប្រភេទ មួយចំនួនធំ ដែលមិនអាចបង្កើត សហជីពបាន ។ ចំណែក ប្រភេទកម្មករ ដែលអាចបង្កើតសហជីពបាន ត្រូវតែរឹតត្បិតដោយចំនួនចាប់ពី ១០នាក់ឡើងទៅ។ ចុះកម្មករតិចជាង ១០នាក់ ដែលធ្វើការក្នុងសហគ្រាស ឬ គ្រឹះស្ថានរាប់ពាន់ម៉ឺនសហគ្រាស ឬគ្រឹះស្ថាននោះ ហេតុក៏មិនអាចទទួល យកការការពារដោយច្បាប់នេះ ព្រោះពួកគេក៏ជាកម្មករដូច កម្មករដទៃទៀតដែរ”។

សហជីពទាំងនោះបន្តថា ច្បាប់នេះ មានលក្ខណៈប្រឆាំង ទៅនឹងសិទ្ធិសហជីព ដែលទទួលស្គាល់ដោយ អនុសញ្ញាអន្តរជាតិខាងការងារ លេខ៨៧ និង៩៨ ហើយអង្គការសហជីព ហាក់ដូចមានការប្រឈម និងងាយនឹងត្រូវបាន គេរំលាយចោល បើសហជីពមិនអាច អនុវត្តតាមលក្ខខណ្ឌដ៏ស្មុគស្មាញ ដែលតម្រូវដោយច្បាប់។

កាលពីថ្ងៃទី១៩ មករា ម្សិលមិញនេះ ក្រុមការងារចំពោះកិច្ចរបស់ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបញ្ចប់សំណើទាំង ២១ចំណុច របស់សហជីព បន្ទាប់ពីបានជួបគ្នា ៣លើកនៅវិមានរដ្ឋសភា៕