ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​ត្រូវ​បង្កើត​បាន​កាលពី​ថ្ងៃ​ទី​១៩ មក​រា នៅ​លី​ប៊ី ដែល​នេះ​ជា​ដំណាក់កាល​មួយ​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។ វា​ជា​ជំហាន​ផុយ​ស្រួយ​ដំបូង​មួយ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​វិបត្តិ​បំបែក​ប្រទេស​នេះ ខណៈ​នៅ​ទីនោះ​ការ​គំរាមកំហែង​របស់​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម​កើន​កាន់តែ​ខ្លាំង ។

រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ ដឹកនាំ​ដោយ​ពាណិជ្ជករ​ក្រុង​ទ្រី​ប៉ូ​លី​មួយ​រូប លោក FAYEZ EL SARRAJ រួម​មាន​រដ្ឋមន្ត្រី​៣២​រូប តំណាង​ឱ្យ​ភាគី និង​តំបន់​ផ្សេង​ៗ ។ រដ្ឋមន្ត្រី​ទាំង នេះ​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​ប្រធានាធិបតី​ជា​ស្ថាប័ន​មួយ​ដឹកនាំ​ដោយ​លោក SARRAJ ហើយ​បង្កើត​ឡើង​បន្ទាប់​ពី​ការ​ចុះហត្ថលេខា​កាលពី​ខែធ្នូ នៅ​ប្រទេស​ម៉ា​រ៉ុ​កលើ​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​បណ្តា​សមាជិក​សភា​ទាំង​២​របស់​លី​ប៊ី ដែល​ប្រជែង​គ្នា ក៏​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក​ពុំ​ត្រូវ​បាន​សភា​ទាំង​២​នោះ​ផ្តល់​សច្ចាប័ន​ឡើយ ។

ដើម្បី​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ​អាច​ដំណើរការ​បាន លុះត្រាតែ​មានការ​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​២​ភាគ​៣ ដោយ​សភា​ក្នុង​រយៈពេល​១០​ថ្ងៃ ។

បេសកជន អ​.​ស​.​ប ទទួល​បន្ទុក​បញ្ហា​លី​ប៊ី លោក MARTIN KOBLER ស្នើ​កាលពី​ថ្ងៃ​ទី​១៩ មក​រា ដល់​សភា​ដែល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​មា​នទី​តាំងនៅ​ភាគ​ខាងកើត​ប្រទេស​ឱ្យ​រួម​ប្រជុំ​ដោយ​ឆាប់រហ័ស ដើម្បី​អនុម័ត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ ។

ប្រមុខ​ការទូត​សហភាព​អឺរ៉ុប លោកស្រី FEDERICA MOGHERINI ក៏​អំពាវនាវ​ដែរ​ឱ្យ​សភា​នេះ​មាន​សកម្មភាព​ដោយ​ឆាប់រហ័ស ព្រោះ​មាន​តែ​រដ្ឋាភិបាល​លី​ប៊ី​ឯកភាព​មួយ​គាំទ្រ​ដោយ​ពលរដ្ឋ​លី​ប៊ី​ទេ​ដែល​នឹង​អាច​បញ្ចប់​ការ​បែកបាក់​គ្នា​ខាង​នយោបាយ​នឹង​អាច​ប្រឈម​មុខ​ចំពោះ​ភេរវកម្ម ហើយ​គ្រប់គ្រង​បណ្តា​ការ​ប្រឈម​ខាង​សន្តិសុខ មនុស្សធម៌ និង​សេដ្ឋកិច្ច​របស់​ប្រទេស ។

រដ្ឋមន្ត្រី​ការ​បរទេស​អីុតា​លី លោក PAOLO GENTILONI ដែល​ប្រទេស​លោក​មានការ​ទាក់ទិន​ខ្លាំង​ក្នុង​សំណុំរឿង​លី​ប៊ី​ថ្លែង​ថា យើង​ប្រឈម​មុខ​នឹង​កាលានុវត្តភាព​ពិតប្រាកដ​មួយ​ដែល​ត្រូវធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ស្ថេ​រ​ភាព​ឡើង​វិញ ។

ប្រទេស​លី​ប៊ី​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់ ហើយ​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន​ចាប់តាំងពី​ការ​ផ្តួលរំលំ​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ឆ្នាំ​២០១១​មក ហើយ​មាន​អាជ្ញាធរ​២​ឈ្លោះ​ឈ្នះ​ដណ្តើម​អំណាច​គ្នា​ចាប់​ឆាំង​ពី​ពួក​ជីវពល​អ៊ិ​ស្លា​ម​និយម​ដណ្តើម​ត្រួតត្រា​រដ្ឋធានី​ទ្រី​ប៉ូ​លី​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤​មក ។

ការ​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយ​ទទួល​ការ​គាំទ្រ​ពេញទំហឹង​ពី​ពួក​លោក​ខាងលិច ដែល​ចង់​ឃើញ​អាជ្ញាធរ​តែ​មួយ​ចូលរួម​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក្រុម​នេះ​បាន​ពង្រឹង​ជា​បន្តបន្ទាប់​នូវ​វត្តមាន​របស់​ខ្លួន​នៅ​លី​ប៊ី​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​មាន​យុទ្ធ​ជន​ប្រមាណ​ជា​៣.០០០​នាក់​។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពីដើម​ខែមករា ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​២​នៅ​លី​ប៊ី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥៦​នាក់ ហើយ​ធ្វើការ​វាយ​ប្រហារ​​នានា​សំដៅលើ​បណ្តា​ទីតាំង​ប្រេងកាត​នៅ​ភាគ​ខាងជើង​ប្រទេស ។

ភារកិច្ច​ដឹកនាំ​រដ្ឋាភិបាល​រួបរួម​នេះ​ធ្លាក់​លើ​លោក FAYEZ EL SARRAJ មាន​ដើម​កំណើត​នៅ​ក្រុង​ទ្រី​ប៉ូ​លី ជា​សមាជិក​សភា​មួយ​រូប ។ លោក​មាន​សញ្ញាបត្រ​ខាង​គ្រប់គ្រង​កិច្ចការជំនួញ និង​ស្ថាបត្យកម្ម ព្រមទាំង​ជា​សមាជិក​នៃ​អាជ្ញាធរ​រៀបចំ​ការ​ចរចា​ដែល​ប៉ុនប៉ង​ប្រមូលផ្តុំ​តួអង្គ​ផ្សេង​ៗ​នៃ​សង្គម​សំដៅ​បញ្ចប់វិបត្តិ ។ បច្ចុប្បន្ន​លោក​រស់នៅ​ឯ​បរទេស ៕