ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​របស់​ខ្លួន​ក្នុង​ប្រទេស​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា ក្រុម​ជី​ហា​ដ រដ្ឋ​អ៊ិ​ស្លា​ម​បាន​ដោះ​លែង​ចំណាប់ខ្មាំង​២៧០​នាក់ ក្នុង​ចំណោម​ចំណាប់ខ្មាំង​ជា​ជន​ស៊ី​វិល​៤០០​នាក់ ដែល​គេ​ចាប់​កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្នុង​ពេល​វាយលុក​លើ​ទីក្រុង DEIR EZZOR ភាគ​ខាងកើត​ស៊ី​រី ។

យោង​តាម​លោក​រ៉ា​មី អាប់​ឌុ​ល​រ៉ា​ហ៍​ហ៊ី​ម នាយក​របស់ OSDH ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​រក្សា​ទុក​បុរស​ៗ​មាន​អាយុ​ចាប់ពី​១៤​ទៅ​៥៥​ឆ្នាំ ដើម្បី​សួរ​ចម្លើយ ។ លោក​បន្ត​ថា បណ្តា​អ្នក​ដែល​គេ​យល់​ថា ទាក់ទិន​នឹង​របប​លោក​អាសា​ដ នឹង​ត្រូវ​ដាក់ទោស ហើយ​អ្នក​ឯទៀត​ៗ​ត្រូវ​ទទួល​ការ​បង្រៀន​ខាង​សាសនា​យោង​តាម​ការ​បកស្រាយ​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។ អ្នក​ត្រូវ​ដោះ​លែង​ភាគច្រើន​ជានា​រី និង​កុមារ ។ បណ្តា​អ្នក​ដោះ​លែង​នឹង​ត្រូវ​ឱ្យ​រស់នៅ​ក្នុងភូមិ​ទាំងឡាយ​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត DEIR EZZOR ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ត្រួតត្រា​ផ្នែក​យ៉ាង​ធំ​នៃ​តំបន់ DEIR EZZOR ចាប់តាំងពី​ខែមីនា​មក​បាន​ឡោម​ព័ទ្ធ​ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នោះ​កាន់កាប់​ដោយ​កងទ័ព​រដ្ឋាភិបាល ៕