តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​ទឹកជ្រោះ​អន្លង់​រ័ត្ន​ និង សារមន្ទីរ​នរៈ​បុរី​)

Doliprane TVC

*​ទឹកជ្រោះ​អន្លង់​រ័ត្ន​
​ទឹកជ្រោះ​អន្លង់​រ័ត្ន​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៤ គីឡូម៉ែត្រ ខាងជើង​ឧទ្យាន​ជាតិ​គិរី​រម្យ និង មាន​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ ពី​រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​សហគម​ន៍​ទេសចរណ៍​ឃុំ​ចំបក់ ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៨ ។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ទៅកាន់​រមណីយដ្ឋាន​ទឹកជ្រោះ​អន្លង់​រ័ត្ន​បាន​ដោយ​មធ្យោបាយ​គ្រប់​ប្រភេទ​ទៅដល់​កន្លែង​តែម្តង ។

ក្រៅពី​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកភូមិ​នៅ​ទីនោះ នៅមាន​ចំណុច​ទាក់ទាញ​សំខាន់​បី ដែលនាំឱ្យ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅទីនេះ​មានដូចជា អាហារ​ដែលមាន​តម្លៃ​សមរម្យ ទឹកជ្រោះ​ដែល​អាច​ងូត​លេង​បាន និង ទេសភាព​ព្រៃព្រឹក្សា​ដ៏​ស្រស់បំព្រង​គួរឱ្យ​ចង់​គយគន់ ។​ ​ក្រៅពី​ការ​ទស្សនា​ទឹកជ្រោះ ព្រៃព្រឹក្សា និង ងូតទឹក​បឹង​លេង ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​ល្បែង​ប្រជាប្រិយ​ដែល​សម្តែង​ដោយ​អ្នកភូមិ និង ឈ្វេងយល់​ពី​ជីវភាព និង ការរស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នេះ​ថែមទៀត ។​

តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​ទឹកជ្រោះ​អន្លង់​រ័ត្ន​ និង សារមន្ទីរ​នរៈ​បុរី​)

*​សារមន្ទីរ​នរៈ​បុរី​
​សារមន្ទីរ​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ។ សារមន្ទីរ​នេះ​ត្រូវបាន​សាងសង់ ឡើងជា​លក្ខណៈ​គ្រួសារ ក្នុង​បំណង​ទុកជា​សម្បត្តិ​ផ្ទាល់ខ្លួន​របស់គេ​ផង ហើយ​ជាការ​រួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឱ្យ​គង់វង្ស​ផងដែរ ។​ ​សារមន្ទីរ​នរៈ​បុរី​មាន​វត្ថុ​បុរាណ​តាំងពី​បុរេប្រវត្តិ​រហូតមកដល់​បច្ចុប្បន្ន​នេះ ហើយ​វត្ថុ​ទាំងនោះ​ភាគច្រើន​ជា​រូប​បដិមា​ធ្វើ​ពី​ឈើ ពី​ថ្ម និង កុលាលភាជន៍ ដែល​សរុប​ទាំងអស់​មាន​រាប់ពាន់ ។

តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​ទឹកជ្រោះ​អន្លង់​រ័ត្ន​ និង សារមន្ទីរ​នរៈ​បុរី​)

នៅក្នុង​សារមន្ទីរ​នេះ​គេ​បានដាក់​តាំង​វត្ថុ​ជាច្រើន​ប្រភេទ​ធ្វើ​អំពី​ថ្មភក់ ថ្មភ្នំ ពី​ឈើ ដូចជា ព្រះពុទ្ធ​ប្បដិមា រូបចម្លាក់​ព្រះបាទ ជយ​វរ្ម័ន ទី ៧ រូប​ឆ្មាំ​ប្រាសាទ រូបនាង ចេក នាង ចម និង មាន​វត្ថុ​ប្រើប្រាស់​ពី​ជំនាន់​បុរាណ​រួមមាន​ឆ្នាំង​ស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំង ធ្វើ​ពី​ដីឥដ្ឋ ក្រឡ ពួច ជាដើម ។ ក្រៅពីនេះទៀត​នៅមាន​ក្បាច់ចម្លាក់​តុ ទូ កៅអី ដែល​ធ្វើ​ពី​ឈើ ពី​គល់ឈើ​ធំៗ​មាន​អាយុកាល​ជាច្រើន​ឆ្នាំ ។

វត្ថុ​ទាំងអស់នេះ​ត្រូវបាន​គេ​តម្កល់​ទុកដាក់​ដោយឡែក​ពីគ្នា និង ដាក់​នៅតាម​ថែវ​នីមួយៗ​នៃ​សារមន្ទីរ​នេះ ។ វត្ថុ​ទាំង​ប៉ុន្មាន​នេះ មុននឹង​បាន​យកមក​ដាក់តាំង​នៅក្នុង​សារមន្ទីរ​នេះ ត្រូវបាន​ម្ចាស់​ប្រមែប្រមូល​ទិញ​ពី​អ្នកស្រុក​នៅតាម​ខេត្ត​ផ្សេងៗ​តាំងពី​ក្រោយ ប្រទេសជាតិ​បាន​រំដោះ​ពីរ​បប​ខ្មែរក្រហម​ឆ្នាំ ១៩៧៩ មកម្ល៉េះ ៕នឿន

តំបន់​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ (​ទឹកជ្រោះ​អន្លង់​រ័ត្ន​ និង សារមន្ទីរ​នរៈ​បុរី​)