អាជ្ញាធរភ្នំពេញ ផ្ដល់សំណងជាង ១០លានដុល្លារ ដល់ក្រុមហ៊ុនស្ថាបនា ផ្លូវវេងស្រេង

ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធ អស់រយៈពេលមួយថ្ងៃ អាជ្ញាធរភ្នំពេញ បានសម្រេចផ្តល់ សំណង ទៅឲ្យក្រុមហ៊ុន ដែលទទួលការសាងសង ផ្លូវវេងស្រេងនូវ ទឹកប្រាក់ជាង ១០ម៉ឺនដុល្លារអាម៉េរិក បន្ទាប់ពីការស្ថាបនាសល់ ៥ភាគរយ ហើយត្រូវផ្ទេរ ទៅឲ្យមន្ទីរសាធារណការ សាងសងបន្ត។

បើតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា(AKP) លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំក្រុមការងារ វាយតម្លៃទុនវិនិយោគ ដើម្បីផ្ដល់សំណង ១០.៩០០.០០០ដុល្លារអាម៉េរិក ទៅក្រុមហ៊ុន ថូលវេ នៃគម្រោងវិនិយោគ ផ្លូវចោមចៅ-ស្ទឹងមានជ័យ (វេងស្រេង) បន្ទាប់ពីរាជរដ្ឋាភិបាល ដកហូតផ្លូវវេងស្រេងមក គ្រប់គ្រងដោយរដ្ឋវិញ។

ក្នុងកិច្ចប្រជុំនោះ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា "ខ្លួនបានចំណាយ ការសាងសង់ផ្លូវ វេងស្រេងនេះអស់ ប្រាក់ចំនួនប្រមាណ ១០.៥០០.០០០ដុល្លារអាម៉េរិក និងសុំឲ្យគណៈកម្មការ ដោះស្រាយទូទាត់សំណង ផ្តល់ទឹកប្រាក់ត្រឡប់មកវិញ នូវប្រាក់ថ្លៃសាងសង់ ចំនួន១០.៥០០.០០០ដុល្លារ បូកការប្រាក់ដែលខ្លួន បានចំណាយចំនួន ៤០ម៉ឺនដុល្លារទៀត សរុបប្រមាណ ១០.៩០០.០០០ដុល្លារ " ។

ជាការឆ្លើយតបពីតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា " ចំពោះ ថវិកាចំនួន ៤០ម៉ឺនដុល្លារ ដែលក្រុមហ៊ុនអះអាងថា ជាថ្លៃការប្រាក់នោះ ខ្លួនមិនអាច សម្រេចសងបាននោះទេ ដោយសុំពេលប្រជុំ ពិភាក្សាជាមួយគណៈ កម្មការបន្តទៀត ដោយ ឡែកចំពោះថវិកា ១០.៥០០.០០០ដុល្លារ ដូចកិច្ចសន្យានោះ ក្រសួងនឹងប្រគល់ជូនត្រឹមតែ មួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន ផ្តល់របាយការណ៍ ជាក់ស្តែងរួចមក "។

លោក ប៉ា ជាតិវង្ស បានបញ្ជាក់ថា " ផ្លូវវេងស្រេងនេះមានប្រវែង ៦.៥០០ ម៉ែត្រ ដោយចាក់កម្រាល បេតុងកម្រាស់ ២០សង់ទីម៉ែត្រ ពង្រីកទទឹងផ្លូវ ២២ម៉ែត្រ និងមានសួនច្បារ កណ្តាលទំហំ ២,៥០ម៉ែត្រ ដែលបច្ចុប្បន្នបាន កសាងហើយប្រមាណ ៩៥ភាគរយ នៃគម្រោងវិនិយោគ ដោយក្រុមហ៊ុន BOTT WAYS និងនៅសល់ប្រមាណ ៥ភាគរយទៀត នៃគម្រោងដែលនឹងត្រូវផ្ទេរ ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាបន្ដធ្វើការសាងសងបញ្ចប់"៕

អាជ្ញាធរភ្នំពេញ ផ្ដល់សំណងជាង ១០លានដុល្លារ ដល់ក្រុមហ៊ុនស្ថាបនា ផ្លូវវេងស្រេង