រាជរដ្ឋាភិបាល៖ អង្គការ អន្តរជាតិ យូមែន រ៉ៃ វ៉ច មិនដែលសម្លឹង កម្ពុជាក្នុងផ្លូវល្អទេ

ភ្នំពេញ៖ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃ វ៉ច (Human Rights Watch) មិនដែលសម្លឹង មកប្រទេសកម្ពុជា ក្នុងល្អផ្លូវនោះទេ បើទោះបីជា កម្ពុជាបានខិតខំប្រឹង កងសាងប្រទេស ឲ្យរីកចំរើន មកដល់សព្វថ្ងៃ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការ រំលោភសិទ្ធិមនុស្ស។

ការថ្លែងរបស់លោក នេះ បានធ្វើឡើងក្រោយ ពីអង្គការឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិមួយនេះ បានស្នើឲ្យ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី អាម៉េរិក ដែលទទួលភារកិច្ច ជាម្ចាស់ផ្ទះនៃកិច្ច ឲ្យត្រួតពិនិត្យ លើបញ្ហារំលោភសិទ្ធិមនុស្ស នៅតំបន់អាស៊ាន ក្នុងនោះ ក៏មានវត្តមានកម្ពុជាផងដែរ នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ។ នេះបើយោងតាមការ ចេញផ្សាយនៅក្នុង គេហទំព័រសារព័ត៌មាន អាស៊ីសេរី។

លោកថា អង្គការអន្តរជាតិទាំងនេះ មិនដែលមើលឃើញកម្ពុជាថា ជាប្រទេសដែលមាន លទ្ធិប្រជាធិបតេយ្យ នោះទេ ពួកគេឃើញតែពីចំណុច អាក្រក់របស់កម្ពុជា ទោះកម្ពុជា បានដើរលើផ្លូវត្រូវ ក៏ដោយ។ លោកបន្តថា “គេនិយាយទៅ ពួកគេហ្នឹងមិនដែល និយាយល្អពីខ្មែរឯណា ហើយការដែលអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិប្រាប់ទៅ អាម៉េរិក គឺជារឿងយល់ច្រឡំមួយ ព្រោះប្រជាជាតិ នៅក្នុងតំបន់អាស៊ាន មិនមែនជាខ្ញុំបម្រើ របស់អាម៉េរិកាំងឯណា”។

ដោយឡែក ក្នុងលិខិតដែលផ្ញើទៅ លោក អូបាមា ថាសម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងប្រទេសជាង ៣០ឆ្នាំ ដោយគាបសង្កត់ លើបក្សប្រឆាំងនោះ ត្រូវបាន លោក ផៃ ស៊ីផាន ឆ្លើយតបទៅវិញថា សម្តេចតេជោ មិនបានបង្កបញ្ហា ទៅដល់បក្សប្រឆាំងនោះទេ គឺមេបក្សប្រឆាំងបង្កបញ្ហាឡើង ដោយខ្លួនឯងតែប៉ុណ្ណោះ។ លោកថា សម្តេច បានទទួលការគំាទ្រ ជាច្រើន ពីសំណាក់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ទាក់ទងករណីនេះ លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជា បានថ្លែងការស្វាគមន៍ ចំពោះសំណើ របស់អង្គការអន្តរជាតិមួយនេះ។ លោកបញ្ជាក់ថា “ចឹងខ្ញុំមើលទៅ ការលើកឡើងនេះ គឺពិតជារឿងត្រឹមត្រូវ ហើយបញ្ហានេះគួរតែជាប្រធានបទមួយ យ៉ាងសំខាន់ផងដែរ “។

លោកបន្តថា មិនមែនមានតែកម្ពុជានោះទេ ដែលរំលោភសិទ្ធិមនុស្ស ប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត ក៏បានជួបបញ្ហានេះដូចគ្នា ដូចជានៅប្រទេសថៃ ភូមា ម៉ាឡេស៊ី និងវៀតណាមជាដើម៕