ក្រសួង​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​មាន​លិខិត​គ្រប់​គ្រាន់​មុន​ថ្ងៃ​ទី​១៥​មីនា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អំពាវ​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​មាន​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃ​ទី​១៩ មករា បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា មន្ត្រី​ចរាចរណ៍​ផ្លូវ​គោក នឹង​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​រាល់​បទល្មើស​ទាំងអស់ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក។

លិខិត​​ដដែល​ក៏​អំពាវ​នាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង ក្នុង​ការ​ផ្ដល់​សេវា​ជូន​ដល់​សាធារណជន​ឲ្យ​ល្អ​ប្រសើរ។

ការ​លើក​លែង​ការ​ផាក​ពិន័យ​ពី​ម្ចាស់​យានយន្ត ដែល​គ្មាន​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត​ជាដើម ត្រូវ​បាន​ពន្យារ​ពេល​ជិត​៣​ខែ បន្ទាប់​ពី​មាន​ការ​​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពេល​ដែល​ពលរដ្ឋ​រអ៊ូរទាំ ពី​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ដើម​ឆ្នាំ​នេះ។

យ៉ាងណាក៏ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​កោតសរសើរ​ដល់​សាធារណជន និង​សមត្ថកិច្ច​ទូទាំង​ប្រទេស ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​យ៉ាង​ផុលផុស។

ចំពោះ​ការ​ធ្វើ​លិខិត​បញ្ជាក់​ឯកសារ​ថត​ចម្លង​ប័ណ្ណ​សម្គាល់​យានយន្ត ត្រូវ​បាន​ក្រសួងមហាផ្ទៃ​សម្រេច​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ជា​អ្នក​ផ្ដល់​សេវា​ជូន​ពលរដ្ឋ ចាប់​ពី​ថ្ងៃ​ទី​១៤ មករា​តទៅ រួម​នឹង​តារាង​តម្លៃ​បិទ​នៅ​ទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។