ប៉ូលិស​ខេត្ត​សៀមរាប​បិទ​ការដ្ឋាន​ជីក​រ៉ែ​ទង់ដែង​របស់​ក្រុមហ៊ុន​ចិន​នៅ​ស្រុក​ជីក្រែង

ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​រង់ចាំ​បញ្ជា​ពី​តុលាការ​ខេត្ត​សៀមរាប ថា​តើ​នឹង​ត្រូវ​តាម​រក​ចាប់​ខ្លួន​ថៅកែ​ចិន នៃ​ក្រុមហ៊ុន ម៉េង សេង ហុងហ្វា ដែល​បាន​ចូល​ទៅ​ជីក​យក​រ៉ែ​ទង់ដែង​ដោយ​ខុស​ច្បាប់ នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប នោះ​ឬ​ក៏​យ៉ាង​ណា។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា កន្លង​ទៅ សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​កន្លែង​ជីក​យក​រ៉ែ​ទង់ដែង​របស់​ក្រុមហ៊ុន​ចិន នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៣.៦០០​ហិកតារ។

មន្ត្រី​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា គេ​បាន​ធ្វើ​កំណត់​ហេតុ​ជាច្រើន​ច្បាប់ ដើម្បី​បិទ​ការដ្ឋាន​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ម៉េង សេង ហុងហ្វា មិន​ឲ្យ​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​ទង់ដែង​ពី​ក្រោម​ដី ក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​ត​ទៅ​ទៀត​ទេ។

ប្រធាន​ការិយាល័យ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប គឺ​លោក សឿង សេន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែ​មករា ថា រយៈពេល​ជាង ៣​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​ចិន ឈ្មោះ ម៉េង សេង ហុងហ្វា បាន​ចូល​ទៅ​ជីក​យក​រ៉ែ​ទង់ដែង​លើ​ផ្ទៃដី​ទំហំ ៣.៦០០​ហិកតារ ប៉ុន្តែ​ក្រុមហ៊ុន​ចិន នោះ មិន​មាន​អាជ្ញាប័ណ្ណ និង​លក្ខណៈ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់​ទេ។ លោក សឿង សេន បញ្ជាក់​ថា សមត្ថកិច្ច​បាន​សម្រេច​ធ្វើ​កំណត់​ហេតុ​បិទ​ការដ្ឋាន​ជីក​យក​រ៉ែ​ទង់ដែង​នោះ មិន​ឲ្យ​ធ្វើ​សកម្មភាព​ត​ទៅ​ទៀត​បាន​ទេ៖ «ប៉ូលិស​បាន​ធ្វើ​កំណត់​ហេតុ​បិទ​ហើយ គឺ​ហាម​មិន​ឲ្យ​ដំណើរ​ការ​ផលិតកម្ម សង្វាក់​ផលិតកម្ម​ត​ទៅ​ទៀត នៅ​ពេល​ដែល​គ្មាន​អាជ្ញាប័ណ្ណ​បន្ត​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល»

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា កន្លង​ទៅ សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​ការដ្ឋាន​ជីក​យក​រ៉ែ​ទង់ដែង​នោះ ព្រម​ទាំង​នាំ​ខ្លួន​ជនជាតិ​ចិន ២​នាក់ ដែល​ជា​មេការ និង​ជា​អ្នក​បើក​ឡាន​មក​ឲ្យ​តុលាការ​ខេត្ត​សៀមរាប សាកសួរ។ ចំណែក​ឯ​ថៅកែ​ក្រុមហ៊ុន​ចិន នោះ គេ​ដឹង​ថា​បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ទៅ​ហើយ។

អភិបាល​ស្រុក​ជីក្រែង លោក ពៅ ប៊ុនធឿន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន លោក​បាន​ចាត់​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ខ្វាវ ឲ្យ​ឃ្លាំ​មើល​ការដ្ឋាន​រ៉ែ​ទង់ដែង​នោះ ខ្លាច​ក្រែង​មាន​អ្នក​មក​បើក​ធ្វើ​សកម្មភាព​រុក​រក​រ៉ែ​ត​ទៅ​ទៀត៖ «ឥឡូវ​យើង​កំពុង​អនុវត្ត​តាម​បញ្ជា​ព្រះរាជអាជ្ញា ដែល​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ជីក្រែង នេះ​តាម​ឃ្លាំ​មើល»

រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​ចិន ឈ្មោះ ម៉េង សេង ហុងហ្វា បាន​ជីក​យក​រ៉ែ​ទង់ដែង​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ជាច្រើន​តោន ដឹក​ជញ្ជូន​ចេញ​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត។

កាល​ពី​អំឡុង​ខែ​កញ្ញា ​ឆ្នាំ​២០១៥ កន្លង​ទៅ សមត្ថកិច្ច​ខេត្ត​កំពង់ធំ ធ្លាប់​បាន​ចាប់​ឡាន​របស់​ក្រុមហ៊ុន​ចិន ម៉េង សេង ហុងហ្វា ចំនួន ២​គ្រឿង ហើយ​រឹប​អូស​យក​បាន​សារធាតុ​រ៉ែ​ទង់ដែង​ពាក់​កណ្ដាល​សម្រេច​ចំនួន​ជាង ៤០​តោន។

ក្រុមហ៊ុន​ចិន ឈ្មោះ ម៉េង សេង ហុងហ្វា គឺ​បាន​ចូល​ទៅ​ជីក​យក​រ៉ែ​ទង់ដែង​នៅ​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ដោយ​ទទួល​អាជ្ញាប័ណ្ណ​បន្ត​ពី​ក្រុមហ៊ុន ណឹប ម៉េងគ្រុប កាល​ពី​អំឡុង​ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។