ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​នៃ​សភា​ព្រហ្មទណ្ឌ​របស់​សាលាឧទ្ធរណ៍ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ​ បាន​បើក​សវនាការ​ដើម្បី​ជំនុំ​ជម្រះក្តី​បណ្តឹងឧទ្ធរណ៍​របស់​លោក លឹ​ម សុ​គ​ន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ដែល​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល ក្នុង​សំណុំរឿង «​ឃាតកម្ម​គិត​ទុកជា​មុន​» ករណី​សម្លាប់​កូនប្រុស​ថៅកែ​ហាង​នំ​បុ័ង​យីហោ ហេង ចេ​ង នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សាលាឧទ្ធរណ៍​បើក​សវនាការ​ជំនុំជម្រះ​នេះ​ដឹកនាំ​ដោយ​លោក ចាយ ច័ន្ទ​តារា​វណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ និង​លោក អ៊ឹម វិជ្ជា ជា​តំណាង​មហាអយ្យការ ។ សវនាការ​នេះ​បាន​ធ្វើ​ឡើងជា​សាធារណៈ​ដោយ​មាន​វត្តមាន​ជនជាប់ចោទ​ចំនួន​៣​នាក់​ត្រូវ​បាន​នាំ​ចូលរួម​សវនាការ ។

សូម​បញ្ជាក់​ថា លោក ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៥​កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ឈ្មោះ សេង ចាន់​ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តែ​ប្តូរ​បទចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ ឥ​ន្ឋ រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន មក​ជា​បទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​តែ​១​ឆ្នាំ ។ ក្នុង​ពេល​ប្រកាស​សាលក្រម​នោះ​ដែរ លោក​ចៅក្រម​តុលាការខេត្ត​កណ្ដាល បាន​ក៏​បាន​សម្រេច ប្តូរ​បទចោទប្រកាន់​លើ​ឈ្មោះ សេង សុក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ មក​ជា​បទ​មិន​រាយការណ៍​ដល់​សមត្ថកិច្ច និង​ដាក់​ពន្ធនាគារ​ត្រឹមតែ​១​ឆ្នាំ​ដែរ ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​លោក​ព្រះរាជអាជ្ញា​ប្តឹង​ឧទ្ធរណ៍​ដោយ​មិន​អាច​ទទួលយក​បាន​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​តុលាការ​ខេតកណ្តាល ។

គួរ​រំលឹក​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ហេង ពិសិដ្ឋ អាយុ​២៥​ឆ្នាំ រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​​ក្នុង​​រាជធានី​ភ្នំពេញ ជា​កូន​ថៅកែ​ហាង​នំ​បុ័ង​យីហោ ហេង ចេ​ង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៤ អណ្ដែត​ទឹក​ក្បែរ​ជើងភ្នំ​កក់ ស្ថិត​ក្នុងភូមិ​តា​រាជ​ចុង​កើត ឃុំ​កក់ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំងពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ មក​ម្ល៉េះ ។ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ចេញពីផ្ទះ​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 2A-9699 មិនដឹង​ទៅ​ទីណា ។

សមត្ថកិច្ច​ខេត្តកណ្តាល​បានឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្លុង​ចោល​នៅ​ផ្លូវ​ចូល​បុរី​ស្វាយ​រលំ ក្នុង​ដី​ឧកញ៉ា ថោ​ង សា​រ៉ាត់ ស្ថិត​ក្នុងភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ផ្អែក​តាម​វត្ថុ​តាង និង​ចម្លើយ​របស់​សាក្សី សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​តែ​ម្តង ។

គិត​មក​ដល់​ម៉ោង​៤ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមករា​នេះ សាលាឧទ្ធរណ៍​មិន​ទាន់​សម្រេច​យ៉ា​ង​នៅឡើយ​ទេ ៕