ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្តាល ៖ លោកតា​អាយុ​៧៣​ឆ្នាំ​ម្នាក់​ដើរ​ឆ្លងថ្នល់​ជាតិ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ទាំង​កំរោល​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១ ស្ថិត​ក្នុងភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​សង្គ្រោះ ​តែ​ជា​អកុសល​ពេល​ដល់​មន្ទីរពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់ទៅ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​លោកតា​ឈ្មោះ កុយ សៀ​ក អាយុ​៧៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ បាន​ដើរ​ឆ្លងថ្នល់​ជាតិ ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​មក​ភ្នំពេញ បាន​បុក​ជន​រង​គ្រោះ​ទាំង​កំរោល បណ្ដាល​ឲ្យ​ផ្លោង​ឡើង​លើ​ធ្លាក់​មក​វិញ​បោក​​ក្បាល​នឹង​ថ្នល់ជាតិ​រង​របួសធ្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ប៉ុន្តែ​អកុសល​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់ ។

ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​កំពុង​តាម​ស្រាវជ្រាវ​ស្វែងរក ដើម្បី​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​យក​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕