គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​សុំ​អន្តរាគមន៍​ពី​សហភាព​អឺរ៉ុប​និង​ចៃកា​ទាក់ទង​ការ​បោះ​ឆ្នោត

គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ បាន​ដាក់​លិខិត​ទៅ​ប្រធាន​សហភាព​អឺរ៉ុប (EU) និង​ប្រធាន​អង្គការ​ចៃកា (JICA) នៅ​ថ្ងៃ​ទី​២០ មករា ស្នើសុំ​ពីរ​ចំណុច គឺ​ទី​១ សូម​ឲ្យ​សហភាព​អឺរ៉ុប និង​អង្គការ​ចៃកា មេត្តា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) រៀបចំ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ប្រទេស​ដែល​បាន​ចុះ អិម.អូ.យូ (MOU) ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ទាំង​នោះ រួម​មាន ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ទី​២ ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ពិនិត្យ និង​អនុវត្ត​ចំពោះ​ជន​អន្តោប្រវេសន៍ ដែល​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ ជាពិសេស​ជនជាតិ​វៀតណាម មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ជា​ដាច់​ខាត ពីព្រោះ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៧៦ ចំណុច​ទី​៤ ថ្មី បាន​ចែង​ថា អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត មាន​អាយុ​យ៉ាង​តិច ២៥​ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត។

នៅ​ក្នុង​លិខិត​ដដែល​របស់​លោក​បណ្ឌិត ហ៊ាង ឬទ្ធី ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ បាន​រៀបរាប់​ថា សហភាព​អឺរ៉ុប និង​អង្គការ​ចៃកា ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន គឺ​ជា​អ្នក​ចូលរួម​ផ្នែក​បញ្ចូល​ទិន្នន័យ និង​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។