លោកវង្សី វិស្សុត ពិភាក្សាការងារ និងផ្លាស់ប្តូរមតិ លើការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយលោកសាង ជីន វេ ប្រធានសេដ្ឋកិច្ច វិទូរបស់ធនាគារ ADB

ភ្នំពេញ៖ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រសៀលថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរមតិយោបល់លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាមួយលោក សាង ជីន វេ ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នៅក្នុងជំនួបពិភាក្សានេះ លោករដ្ឋលេខាធិការ វង្សី វិស្សុត បានលើកឡើងថា នៅក្នុងរយៈពេលពីរ ទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ និងបានកាត់បន្ថយ ភាពក្រីក្រយ៉ាងឆាប់រហ័ស ទោះបីកម្ពុជាបានធ្វើការ ផ្លាស់ទាំងនយោបាយ និងស្ថាប័នទាំងស្រុង ដើម្បីអនុវត្តប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារសេរី ហើយកម្ពុជាបានជួបប្រទះនឹង ភាពមិនប្រាកដប្រជា និងហានិភ័យច្រើន ទាំងនៅក្នុង និងក្រៅប្រទេសក៏ដោយ។ បើគិតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់ប្រមាណជាង ៧% ក្នុងមួយឆ្នាំ ហើយអតិផរណា មានកម្រិតទាប និងអត្រាប្តូរប្រាក់មានស្ថេរភាព ក្នុងខណៈដែលវិសមភាព សង្គមកាន់តែរួមក្តោបតូចជាលំដាប់ ដែលជាការសបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនត្រឹមតែសម្រេច បាននូវមូលដ្ឋានសេដ្ឋកិច្ច មួយដែលមានកំណើន ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រកបដោយគុណភាពទៀត។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅក្នុងលោកយើងនេះ មិនមែនមានប្រទេស ដែលធ្លាប់ឆ្លងកាត់សង្រ្គាម ដូចកម្ពុជាច្រើនទេ ដែលអាចសម្រេចបានដូចនេះ។ ក៏ប៉ុន្តែនិមាបន្មកម្ម សេដ្ឋកិច្ចពិភពលោក និងតំបន់ថ្មីៗនេះ នឹងបង្កើតឱ្យមាននូវ បញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យកម្ពុជា ត្រូវជំនះឱ្យបាននូវបញ្ហា ប្រឈមទាំងនេះ ដើម្បីធានាចិរភាពកំណើន និងបន្តរក្សាភាពប្រកួត ប្រជែងរបស់សេដ្ឋកិច្ច។

ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍថ្មីៗមួយចំនួនជាបន្តបន្ទាប់ ជាពិសេសការដាក់ចេញនូវ គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិ។ កម្ពុជាបានមើល ឃើញយ៉ាងច្បាស់ថា បើគ្មានកំណើនទេ កម្ពុជាពិតជានឹងមិនអាចសម្រេចបាននូវអ្វីៗទាំងអស់ ពោលគឺ បើគ្មានកំណើនសេដ្ឋកិច្ច ក៏នឹងគ្មានការបង្កើនការងារ និងឱកាសរកប្រាក់ចំណូល បានសមរម្យនោះដែរ។ ប៉ុន្តែយើងត្រូវធានាថា កំណើននេះ គឺត្រូវតែប្រកបដោយចិរភាព និងបរិយាប័ន្ន។

ពាក់ព័ន្ធប្រាក់ឈ្នួល អប្បរមាក្នុងវិស័យកាត់ដេរ លោករដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំតម្លើងប្រាក់ឈ្នួល អប្បរមាជាបន្តបន្ទាប់ ហើយមានកម្រិតខ្ពស់ជាងប្រទេស មួយចំនួនក្នុងតំបន់ ដូចជា ឡាវ មីយ៉ាន់មា និងបង់ក្លាដេសជាដើម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូរផងដែរ អំពីការលើកកម្ពស់ផលិតភាពការលើកកម្ពស់ លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងវិស័យកាត់ដេរ ព្រមទាំងការខិតខំលើក កម្ពស់តម្លៃបន្ថែម របស់វិស័យនេះ ឱ្យឈានឡើងដល់កម្រិតមួយថ្មីទៀត។ ដូច្នេះ អ្វីដែលសំខាន់បំផុត ក្នុងពេលបច្ចុប្បន្ននេះ គឺការអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារ។

ហេតុនេះហើយ ទើបបានជានៅក្នុង ច្បាប់ថវិកាឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលបានបង្កើន ថវិកាយ៉ាងច្រើនដល់ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តនូវការងារ អាទិភាពមួយចំនួន។

លោកសាង ជីន វេ ប្រធានសេដ្ឋកិច្ចវិទូ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការវាយតម្លៃចំពោះ សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលកម្ពុជាសម្រេចបានជាបន្តបន្ទាប់។ លោករដ្ឋលេខាធិការ និងឯកឧត្តមប្រធានសេដ្ឋកិច្ចវិទូ ក៏បានធ្វើការផ្លាស់ប្តូរនូវទស្សនៈ និងការពិភាក្សាលើគោល នយោបាយអភិឌ្ឍន៍នានា ហើយបន្ទាប់មក ភាគីទាំងពីក៏បានធ្វើការ ពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិ ការរវាងកម្ពុជា ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី៕

លោកវង្សី វិស្សុត ពិភាក្សាការងារ និងផ្លាស់ប្តូរមតិ លើការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយលោកសាង ជីន វេ ប្រធានសេដ្ឋកិច្ច វិទូរបស់ធនាគារ ADB

លោកវង្សី វិស្សុត ពិភាក្សាការងារ និងផ្លាស់ប្តូរមតិ លើការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយលោកសាង ជីន វេ ប្រធានសេដ្ឋកិច្ច វិទូរបស់ធនាគារ ADB