ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បានកូន​ប្រុស​អះអាង​ថា បាន​ចាប់​កាច់​ដក​ធ្មេញ​រង្គើដោយ​ខ្លួន​ឯង​ ដោយ​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ធ្មេញ​ឲ្យ​ពិនិត្យ និង​ព្យាបាល ឬ​ដក​ឲ្យ​នោះ​ឡើយ បណ្ដាល​ឲ្យ​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​ទោះបីជា​លេបថ្នាំ​ក៏​ដោយ​ក៏​មិន​បានជា និង​មិន​បាត់​ការ​ឈឺចាប់​ដែរ លុះ​រយៈពេល​២​ថ្ងៃក្រោយ​ការ​​ដក​ធ្មេញ​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្ដង ហើយ​ប៉ូលិស​អះអាង​ថា បុរស​នោះ​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង (​ខ្យល់គរ​) ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ខាត់ ជា អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​លៀស មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​កូនប្រុស​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​២​ថ្ងៃ​ឪពុក​ខ្លួន​បាន​ត្អូញត្អែរ​ថា​ឈឺធ្មេញ ព្រោះ​ធ្មេញ​របស់​គាត់​រង្គើ ខណៈ​នោះ​គាត់​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ធ្មេញ​ឲ្យ​ពិនិត្យ​មើល​នោះ​ឡើយ ក៏​បាន​កាច់​ដក​ធ្មេញ​នោះ​ដោយ​ខ្លួនឯង​តែ​ម្ដង ។ បន្ទាប់​ពី​ដក​ធ្មេញ​រួច​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​ឈឺ​កន្លែង​ដក​ធ្មេញ​នោះ ហើយ​គាត់​បាន​ទិញ​ថ្នាំលេប​ដែរ ប៉ុន្តែ​មិន​បាត់​សោះ​នៅ​តែ​ឈឺ ហើយ​ចេះ​តែ​ទ្រាំ​ មិន​បាន​ទៅ​រក​គ្រូពេទ្យ​នោះ​ឡើយ ហើយ​នៅ​យប់​ថ្ងៃ​ទី​១៩​មក​រា គាត់​បាន​ចូល​សម្រាន្ត​ធម្មតា​ដូច​សព្វ​មួ​ដងដោយ​មិន​មាន​នរណា​ម្នាក់​បាន​ចាប់អារម្មណ៍​ថា​គាត់​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ លុះដល់​ពេល​កើតហេតុ ខ្លួន​ដែល​ជា​កូន​មិនឃើញ​ឪពុក​ក្រោកដូច​សព្វ​មួយ​ដង​ ក៏​បាន​ចូល​ទៅ​ដាស់ ស្រាប់តែ​ប្រទះ​ឃើញ​ឪពុក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​បាន​រក​ឃើញ​ថា បុរស​នោះ​បាន​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង (​ខ្យល់គរ​) រួច​ក៏​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕