ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៤៣​នាក់ រស់នៅ​តំបន់​ផ្សេង​គ្នា បាន​ពុល​នំប៉័ង​ដាក់​សាច់​របស់​ជនជាតិ​វៀតណាម ដែល​ដឹក​តាម​ម៉ូតូ​ដើរ​លក់​តាម​ភូមិ​ជាប់​ព្រំដែន ក្នុង​នោះ​មាន​២៥​នាក់​រស់នៅ​ស្រុក​ស្នួល ខេត្តក្រចេះ និង​១៨​នាក់​ទៀត​រស់នៅ​ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ។ ហេតុការណ៍​ពុល​នំប៉័ង​ដាក់​សាច់​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៦ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២០​មក​រា​នេះ​មាន​មួយ​ចំនួន​បាន​ធូរស្រាល ហើយ​បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ត្រង់​ចំណុច​គីឡូម៉ែត្រ​៦២ ភូមិ​ស្រែ​ចារ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​២៥​នាក់ ​កាល​ល្ងាច​ថ្ងៃ​ទី​១៩​មក​រា បាន​នាំ​គ្នា​ទិញ​នំប៉័ង​ដាក់​សាច់​ដែល​ជនជាតិ​វៀតណាម​ដឹក​តាម​ម៉ូតូ​មក​ដើរ​លក់ លុះ​ពេល​ដែល​នាំ​គ្នា​ទិញ​មក​ទទួលទានរួច​ ក៏​ស្រាប់តែ​មាន​អាកា​រៈ​ពុល​ក្អួតចង្អោរ និង​រាគ​រូស​បន្តបន្ទាប់​គ្នា ក៏​ប្រញាប់​ដឹក​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​អធិការ​នគរបាល​ស្រុក​មេមត់ ប្រាប់​បន្ត​ទៀត​ថា ចំណែក​អ្នក​ភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំ​ពាន់ ស្រុក​មេមត់ ចំនួន​១៨​នាក់​ក៏​បាន​ពុល​នំប៉័ង​ដាក់​សាច់​ដែរ ត្រូវ​បាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ដែល​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០​មក​រា​នេះ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពុល​នំប៉័ង​ដាក់​សាច់​ទាំងនោះ​ត្រូវ​បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្តើរ​ៗ​ហើយ ។

លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ពុល​ខាងលើ​ដោយសារ​តែ​ប្រជាជន​នាំ​គ្នា​ហូប​នំប៉័ង​ដាក់​សាច់​ដែល​ជន​ជាតិ​វៀតណាម​ដឹក​មក​លក់​នៅ​ស្រុក​ជាប់​ព្រំប្រទល់​ជាមួយ​និង​វៀតណាម ។ មាន​អ្នកខ្លះ​ដែល​មិន​ទាន់​មាន​សុខភាព​ប្រសើរ​នោះ រូប​លោក​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចេញ​នោះ​ទេ ដោយ​ឲ្យ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ តាមដាន​ពី​សុខភាព​សិន ។

លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​ពុល​ជាង​៤០​នាក់​នោះ គឺ​មាន​ម្នាក់​បាន​ផឹក​ស្ទី​ង​មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

លោក​វេជ្ជបណ្ឌិត នុ​ត មុនី ប្រធាន​ការិយាល័យ​បច្ចេកទេស មន្ទីរ​សុខាភិបាល​ខេត្ត បញ្ជាក់​ថា អ្នក​រង​គ្រោះ​ដែល​ពុល​នំប៉័ង​ដាក់​សាច់​ទាំងនោះ​បាន​ចាក​ចេញ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​នា​ល្ងាច​ថ្ងៃ​ទី​២០​មក​រា​នេះ ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​មក​មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​៣៤​នាក់ នៅ​ភូ​មិច​ង្គុំ​ទី​១ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​ពុល​នំប៉័ង​ដាក់​សាច់​ជនជាតិ​វៀតណាម​ក៏​មិន​ទាន់​ទទួល​បាន​លទ្ធផល​ចេញពី​ការ​ពិសោធន៍​នៅឡើយ​ទេ ឥឡូវ​នេះ​ស្រាប់តែ​ពុល​នំប៉័ង​ដាក់​សាច់​ដែល​លក់​ដោយ​ជន​ជាតិ​វៀតណាម​៤៣​នាក់​បន្ថែម​​ទៀត ៕