ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ តែ​មិន​បាន​សម្រេច​នោះ​ទេ គ្រាន់​តែ​បណ្ដាល​ឲ្យ​នារី​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស​ស្រាលប៉ុណ្ណោះ ។

ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពេល​នាង​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​មន្ទីរពេទ្យ IU ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ខណៈ​កំពុង​ជិះ​ម៉ូតូ​ម៉ាក Wave S ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1B-6501 តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ដល់​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​៨​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នាង​ដែល​នាង​ដាក់​ក្នុង​អាវ​រូត​ជិត​តែ​លាន​ចេញ​មក​ក្រៅ​បន្តិច ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ តែ​បណ្ដាល​ឲ្យ​នាង​ដួល​ម៉ូតូ​រង​របួសស្រាល ។ ភ្លាម​ៗ​នោះ​ក្រុម​ក្មេង​ស្ទាវ​ជា​ចោរឆក់​ទាំងនោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ចូល​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ​លាងមុខ​របួស​ឲ្យ ហើយ​ទូរស័ព្ទ​ហៅ​បងប្អូន​ឲ្យ​មក​ទទួល​និង​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕