ពូទីន ត្រូវទទួលការ អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសថៃ

បាងកក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ថា លោក ប្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ត្រូវបានទទួលការ អញ្ជើញពីសំណាក់ លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ ។

លោក ប្រាយុទ្ធ ចាន់ឧចា បានថ្លែងឲ្យដឹងថា លោក ពូទីន នឹងត្រូវបានរដ្ឋាភិបាលថៃ អញ្ជើញជាផ្លូវការក្នុង ដំណើរទស្សនកិច្ចមួយ ។

នៅថ្ងៃពុធនេះ លោក Virachon Sukhonthapatipak អនុអ្នកនាំពាក្យរដ្ឋាភិបាល នៃទីស្តីការរដ្ឋាភិបាលថៃ បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីពិតជា បានអញ្ជើញឲ្យលោក ពូទីន មកបំពេញទស្សនកិច្ចជាថ្មី នៅក្នុងប្រទេសថៃឡង់ដ៏មែន ហើយកាលពីថ្ងៃអង្គារម្សិលមិញ លោកក៏បានជួបប្រជុំ ជាមួយអគ្គរដ្ឋទូត រុស្ស៊ីរួចហើយដែរ ។

គួររំលឹកថា លោក ប្រាយុទ្ធ បានធ្លាប់អញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសថៃ កាលពីខែមេសា ឆ្នាំមុន តាមរយៈដំណើរទស្សនកិច្ច មួយរបស់ លោក ឌីមេទ្រី ម៉េវេឌីវ នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលលោកបានមកបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសថៃ ។

តែគេមិនទាន់ដឹងច្បាស់ ថាតើ លោក ពូទីន នឹងមកកាន់ប្រទេសថៃ តាមការអញ្ជើញរបស់លោក ប្រាយុទ្ធ នោះនៅឡើយទេ ។

ចំណងការទូតរវាងថៃ និងរុស្ស៊ី ត្រូវបានគេមើលឃើញថា ជាការរឹតចំណងមេត្រីភាព គ្នាកាន់តែជិតស្និទ្ធ គិតមកដល់ពេលនេះ មានរយៈពេល ១២០ឆ្នាំមកហើយ ៕