ព្រះច័ន្ទ ទីតាននៃភពសៅរ៍ មានចរន្តខ្យល់ប៉ូល ដូចផែនដី

យោងទៅតាមភ្នាក់ងារ អវកាសណាសា បានឲ្យដឹងនាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥នេះថា ភពផែនដី និង ព្រះច័ន្ទទីតានរបស់ភពសៅរ៍ មានស្រទាប់បរិយាកាសក្រាស់ ថ្មក្រោមដី និង និង ប្រព័ន្ធតិចតូនិចដូចគ្នា។ ដោយឡែក បច្ចុប្បន្នក្រុមអ្នកស្រាវ ជ្រាវបានរកឃើញថា វាមានចរន្តខ្យល់ប៉ូលដូចគ្នា ដែលអាចរុញច្រាន ពពួកឧស្ម័នផ្សេងៗ ចេញពីបរិយាកាសរបស់វា ទៅកាន់លំហអាកាស។

ព្រះច័ន្ទដ៏ធំបំផុត របស់ភពសៅរ៍ ឈ្មោះទីតាន ត្រូវបានស្គាល់ជា លើកដំបូងថា ជាភពមួយដែលអាច មានចរន្តខ្យល់ប៉ូល យ៉ាងពិសេស។ ជាមួយគ្នានេះដែរ យានរុករក កាសានីរបស់ ភ្នាក់ងារអវកាសណាសា ដែលបានសិក្សាអំពី ភពសៅរ៍កាលពីឆ្នាំ២០០៤ បានរកឃើញភស្តុតាង មួយនៃចរន្តខ្យល់ ដែលបានឆ្លងកាត់ បរិយាកាស របស់ព្រះច័ន្ទទីតាន និង កន្ទុយម៉ាញ៉េទិចរបស់វា។

ជាក់ស្តែង ភស្តុតាងនេះ ត្រូវបានរកឃើញនៅ ក្នុងទំរង់អេឡិចត្រុង ២៤.១ វ៉ុល នៃថាមពលជាក់លាក់មួយ ដែលក្រុមអ្នកស្រាវ ជ្រាវបានដឹងថាវា ជាទំនាក់ទំនងរវាង ភាគល្អិតតូចៗ និងពន្លឺ។ ទោះបីជា ព្រះច័ន្ទទីតានមានចំងាយ ឆ្ងាយពីព្រះអាទិត្យ តែស្រទាប់បរិយាកាស របស់វានៅតែទទួល ពន្លឺពីព្រះអាទិត្យ។

គួរបញ្ជាក់ដែរថា នៅលើភពផែនដី ក៏មានឥទ្ធិពលនៃភាគល្អិតតូចៗ នៅក្នុងស្រទាប់បរិយាកាសដូចគ្នា ដោយវាតែងតែមានទំនាក់ទំនង ជាមួយនឹងដែន ម៉ាញេទិចរបស់ផែនដី។

ព្រះច័ន្ទ ទីតាននៃភពសៅរ៍ មានចរន្តខ្យល់ប៉ូល ដូចផែនដី