រាជរដ្ឋាភិបាល​និង​គណៈកម្មការ​ “​ប្រថាប់ត្រា​”​ ការ​កាប់​ និង​ជំនួញ​ឈើ​ស្របច្បាប់​ឲ្យ​លោក​ឧកញ៉ា​ ទ្រី​ ភាព​

​កាលពី​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​២៣​នាក់​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ តាម​រយៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​វីរ​ជ័យ​ តំបន់​កន្ទុយ​នាគ​ នៅ​ស្រុក​តា​វែង​ ខេត្តរតនគិរី​ ហើយ​សំណើ​នេះ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ឆ្លើយ​តប​វិញ​តាម​លិខិត​លាយលក្ខណ៍អក្សរ​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថា​ ក្រុមហ៊ុន​ ទ្រី​ ភាព​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ (Try​ Pheap​ Import​ Export)​ និង​ក្រុមហ៊ុន​ MDS​ Thmorda​ SEZ​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ គឺ​គ្រាន់តែ​ប្រមូល​ផល​-​អនុ​ផល​ព្រៃឈើ​ពី​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​វិនិយោគ​ អភិវឌ្ឍន៍​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ ត​ភ្ជាប់​ពី​ស្រុក​អណ្តូង​មាស​ ទៅ​តំបន់​កន្ទុយ​នាគ​ និង​ឈើ​ដែល​រឹបអូស​ពី​ជនល្មើស​ប៉ុណ្ណោះ​ (Sic!)​ ។​

​ដោយឡែក​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ជាតិ​មួយ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រត់ពន្ធ​ទៅ​ស្រុក​យួន​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​ តាម​សេចក្តីសម្រេច​លេខ​០៩​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​នោះ​ គណៈកម្មការ​នេះ​នា​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ចុះ​ទៅ​ឆែកឆេរ​ពិនិត្យ​មើល​ការ​ឃ្លាំង​ស្តុក​ឈើ​ប្រណី​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ឋិត​នៅ​ចំណុច​គល់​ស្ពាន​សេ​កុង​ ក្នុងភូមិ​លើ​ សង្កាត់​ស្រះ​ឫស្សី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ រក​ឃើញ​ឈើ​ប្រភេទ​ធ្នង់​រាប់​ពាន់​កំណាត់​ ប៉ុន្តែ​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​វាយតម្លៃ​ថា​ គឺជា​ឈើ​ស្របច្បាប់​ (Resic!)​ ។​

​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ទៀត​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​ជា​អ្នកជំនួញ​ឈើ​ល្បីឈ្មោះ​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ តែង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ ខេត្តរតនគិរី​ តាម​រយៈ​លោក​ឧកញ៉ា​ អ៊ុ​ក​ គឹ​ម​សាន​ ជា​ដៃស្តាំ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ក្នុង​មុខរបរ​ជំនួញ​ឈើ​ យក​មក​គរ​ចាក់​ធារ​ទុក​ក្នុង​ឃ្លាំង​ក្រោម​រូបភាព​ថា​ ជា​ការ​ប្រមូល​ឈើ​ពី​ក្នុង​តំបន់​ដី​ព្រៃ​សម្បទាន​ស្របច្បាប់​ ខណៈ​ឈើ​មួយ​ចំនួន​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ពី​ខេត្តស្ទឹងត្រែង​ ឆ្លងកាត់​ខេត្តព្រះវិហារ​ ឆ្ពោះ​មក​ឃ្លាំង​ស្តុក​ឈើ​នៅ​ចំណុច​ត្មាត​ពង​ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកណ្តាល​ ជាប់​ព្រំប្រទល់​នឹង​ខេត្តកំពង់ស្ពឺ​ ទល់មុខ​ភ្នំ​តូច​ តាម​បណ្តោយ​ផ្លូវ​លេខ​៥១​យ៉ាង​សកម្ម​ជាប់​ជា​ហូរហែ​ ។​

​សរុបសេចក្តី​មក​ មជ្ឈដ្ឋាន​អ្នក​ឃ្លាំមើល​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នា​ពេល​នេះ​ គឺ​ដូច​ជា​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ និង​គណៈកម្មការ​ជាតិ​របស់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ "​ប្រថាប់ត្រា​"​ លើ​ការ​កាប់​ និង​ជំនួញ​ឈើ​ស្របច្បាប់​ឲ្យ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​យ៉ាង​រលូន​ ៕​

រាជរដ្ឋាភិបាល​និង​គណៈកម្មការ​ “​ប្រថាប់ត្រា​”​ ការ​កាប់​ និង​ជំនួញ​ឈើ​ស្របច្បាប់​ឲ្យ​លោក​ឧកញ៉ា​ ទ្រី​ ភាព​រាជរដ្ឋាភិបាល​និង​គណៈកម្មការ​ “​ប្រថាប់ត្រា​”​ ការ​កាប់​ និង​ជំនួញ​ឈើ​ស្របច្បាប់​ឲ្យ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ រាជរដ្ឋាភិបាល​និង​គណៈកម្មការ​ “​ប្រថាប់ត្រា​”​ ការ​កាប់​ និង​ជំនួញ​ឈើ​ស្របច្បាប់​ឲ្យ​លោក​ឧកញ៉ា​ ទ្រី​ ភាព​

Related