ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២៥​នាក់​នៅ​សាកលវិទ្យាល័យ​មួយ​ប៉ែកពាយព្យ​ប៉ាគីស្ថាន

ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២៥​នាក់​នៅ​សាកលវិទ្យាល័យ​មួយ​ប៉ែកពាយព្យ​ប៉ាគីស្ថាន

សាកសព​ជនរងគ្រោះ​ត្រូវ​បាន​យកចេញ​ពី​កន្លែង​រង​ការ​វាយប្រហារ​ដោយ​ជន​សកម្មប្រយុទ្ធ​នៅ​ឯសាកលវិទ្យាល័យ Bacha Khan នៅ​ក្រុង Charsadda ប្រទេស​ប៉ាគីស្ថាន។

មាន​ការវាយប្រហារ​ដោយ​កាំភ្លើង​ និង​គ្រាប់បែក​ទៅ​លើ​សាកលវិទ្យាល័យ​មួយ​ ដែល​ស្ថិត​នៅ​ប៉ែកពាយព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ពុធ​នេះ ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​២៥​នាក់​ និង​របួស​ចំនួន​រាប់សិប​នាក់​ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​ប្រភព​នៃ​ក្រុម​មន្ត្រី ​និង​មន្ទីរពេទ្យ។

យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា ក្រុមភេរវករ​ដែល​មានគ្នា​ចំនួន​ពី​១០​ទៅ​១២​នាក់​ បាន​សម្រុក​ចូល​ទៅ​ក្នុង​សាកលវិទ្យាល័យ Bacha Khan ដែល​ស្ថិត​នៅ​ក្នុង​ក្រុង Charsadda នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ ហើយ​បាន​ធ្វើ​ការបាញ់​ប្រហារ​ទៅ​លើ​និស្សិត​ និង​សាស្រ្តាចារ្យ។

លោក Saeed Wazir Khan អគ្គ​ស្នងការរង​ប៉ូលិស​អធិការកិច្ច​ក្នុង​តំបន់​បាន​ថ្លែង​ថា មាន​ជន​គ្រាប់​បែក​អត្តឃាត​យ៉ាង​តិច​ណាស់​ចំនួន​២​នាក់​ក្នុង​ចំណោម​ក្រុម​ភេរវករ​ដែល​បាន​ធ្វើ​ការវាយប្រហារ​ទាំង​នោះ។

លោក Mohammad Khorasani អ្នក​នាំពាក្យ​របស់​ក្រុម​តាលីបង់​នៅ​ប៉ាគីស្ថាន បាន​មាន​ប្រសាសន៍​ថា ក្រុមភេរវករ​នេះ​មិនមាន​ហេតុផល​អ្វី​ត្រូវ​ធ្វើ​ការវាយប្រហារ​ទៅ​លើ​សាកលវិទ្យាល័យ​នេះ​យ៉ាង​ដូច្នេះ​ទេ ដោយ​លោក​បាន​បន្ថែម​ថា ស្ថាប័ន​មិនមែន​យោធា​មិនមែន​ជា​គោលដៅ​នៅ​លើ​បញ្ជី​ដែល​ពួកគេ​ត្រូវ​ធ្វើការវាយប្រហារ​នោះ​ទេ។ នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​មក​កាន់​ VOA លោក Khorasani បាន​ប្រកាស​ថា ការវាយប្រហារ​នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ជា​ការប្រឆាំង​នឹង​ក្រុមឥស្លាម Shariah។

មុន​នេះ មេបញ្ជាការ​ក្រុមតាលីបង់​ក្នុង​តំបន់​បាន​និយាយ​ថា ខ្លួន​ជា​អ្នកបញ្ជូន​អ្នកវាយប្រហារ​ចំនួន​៤​នាក់​ទៅ​កាន់​សាកលវិទ្យាល័យ​នោះ។ នៅ​មិន​ទាន់​ការបកស្រាយ​បន្ថែម​ចំពោះ​ជម្លោះ​ដែល​បាន​អះអាង​នេះ​នៅ​ឡើយ​ទេ៕