សម្តេច​ក្រឡាហោម ៖ គណបក្ស​សង្គ្រោះ​ជាតិ គួរ​រក្សា​ការសន្យា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​វប្បធម៌​សន្ទនា​ឡើងវិញ​

ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ប្រាប់​លោ​កឯ​ក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​ជាមួយគ្នា​ជា​ហូរហែ​នាពេល​កន្លងមក ជាពិសេស​ដើម្បីឱ្យ​ទំនាក់ទំនង​នេះ​ល្អ គណបក្ស​សង្គ្រោះ​ជាតិ គួរ​រក្សា​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​បាន​សន្យា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​ជា​ហូរហែ​ក្នុងពេល​កន្លងមកនេះ​។​

​សម្ដេច​ក្រឡាហោម បាន​បញ្ជាក់ថា ជាក់ស្តែង​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បង្កើតឡើង​ដោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បាន​ជួបពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព មុននឹង​ដាក់ឱ្យ​សភា​អនុម័ត​ជាដើម​។​

​សម្តេច​ក្រឡាហោម បន្តថា ដើម្បីឱ្យ​ទំនាក់ទំនង​នេះ​ល្អ គណបក្ស​សង្គ្រោះ​ជាតិ គួរ​រក្សា​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​បាន សន្យា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជៀសវាង​ការប្រើប្រាស់​ការ​តិះ​ទៀន ទៅជា​ការជេរប្រមាថ ដែលនាំឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​នេះ​។​

​លោក George Edgar បាន​មានប្រសាសន៍ថា សហភាព​អឺរ៉ុប​ចង់ឃើញ​គណបក្ស ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​វប្បធម៌​សន្ទនា​ឡើងវិញ​។ សហភាព​អឺរ៉ុប​សង្ឃឹមថា ទំនាក់ទំនង​ល្អ​រវាង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​វិញ​ក្នុងការ​ពង្រឹង នូវ​វប្បធម៌​សន្ទនា​៕

សម្តេច​ក្រឡាហោម ៖ គណបក្ស​សង្គ្រោះ​ជាតិ គួរ​រក្សា​ការសន្យា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​វប្បធម៌​សន្ទនា​ឡើងវិញ​