កម្ពុជា​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន ដល់​ជនជាតិ​ម៉ុង​តា​ញ​ញ៉ា ១៣​នាក់ ហើយនឹង​ត្រូវ​បញ្ជូនទៅ​កាន់​ប្រទេស​ទី​៣

ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ទទួលយក ជនជាតិ​ម៉ុង​តា​ញ​ញ៉ា ១៣​រូប មាន​ឋានៈ​ជា​ជនភៀសខ្លួន បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ វាយតម្លៃ និង​ឆ្លងកាត់​ការសម្ភាសន៍​រួចមក ។​

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​អ្នកសម្របសម្រួល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន ហៅ​កាត់​ថា UNHCR នា​ល្ងាច​ថ្ងៃទី​២០ ខែមករា នៅ​ទី​ស្តី​ក្រសួង ថា ជនជាតិ​ម៉ុង​តា​ញ​ញ៉ា ដែល​បានទទួល​ឋានៈ​ជា​ជនភៀសខ្លួន​រួច ហើយ​មាន​១៣​នាក់ នៅ​ថ្ងៃ​ខាងមុខ គេ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ទី​៣​ទៀត ហើយ​អ្នក​ដែល​នៅ​សេសសល់​ប្រមាណ​១៧១​រូប បាន​កំពុងធ្វើការ​ពិនិត្យ​វាយតម្លៃ និង​ជួប​សំភាសន៍​ដើម្បី​ទទួលបាន​ឋានៈ​ជនភៀសខ្លួន និង​ការទទួលបាន​នូវ​សិទ្ធ​ជ្រកកោន ។​

​ក្នុងជំនួប​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​ស្វាគមន៍ និង​អបអរសាទរ​នូវ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​UNHCR ដែល​បានការ​ងារ​ករណី​ជនភៀសខ្លួន​នេះ​ជាមួយគ្នា ។​

​លោក James Lynch អ្នកសម្របសម្រួល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់ UNHCR ថ្លែងថា អ្នក​ដែល​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន​នោះ នៅ​ថ្ងៃ​ខាងមុខ ត្រូវបាន​សហការ​បញ្ជូន​បន្តទៅ​កាន់​ជំរុំ​បណ្តោះអាសន្ន នៅក្នុង​ប្រទេស​ហ្វីលីពីន មុននឹង​បញ្ជូន​គាត់​ទៅកាន់​ប្រទេស​ទី​៣​ទៀត​។​

​លោក James Lynch ថា UNHCR បាន​ត្រៀមខ្លួន​ជាប់​ជានិច្ច​ថា​នឹង​ជួយ​ពង្រឹងសមត្ថភាព​ជូន​ដល់​មន្ត្រី​ជំនាញ​កម្ពុជា នៅក្នុង​នាយកដ្ឋាន​ជនភៀសខ្លួន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ក្នុងនោះ​UNHCR នឹងមាន​ផ្តល់ជំនួយ​គាំទ្រ​ទាំង​ថវិកា​សម្រាប់ធ្វើ​ការងារ​នេះ​ផងដែរ ។​

​លោក ស​ង្ឈឹ​ម​ថា កម្ពុជា នឹង​បន្ត​អនុវត្ត​នៅ​អ្វីដែល​មានចែង​ក្នុង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ការងារ​ជនភៀសខ្លួន ហើយ​ស​ង្ឈឹ​ម​ថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​UNHCR លើ​ការងារ​ជនភៀសខ្លួន​នេះ​ផងដែរ​៕

កម្ពុជា​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន ដល់​ជនជាតិ​ម៉ុង​តា​ញ​ញ៉ា ១៣​នាក់ ហើយនឹង​ត្រូវ​បញ្ជូនទៅ​កាន់​ប្រទេស​ទី​៣