បណ្ឌិត្យសភា​នគរបាល​កម្ពុជា ជំរុញ​ឲ្យ​ស្នងការ​រាជធានី ខេត្ត​បញ្ជូន​មន្ត្រី​ទៅ សិក្សា​វគ្គ​ឋានានុក្រម​

ភ្នំពេញ: ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី បាន​ជំរុញ​ឲ្យ​បណ្តា​ស្នងការ​នគរបាល​រាជធានី​ខេត្ត ត្រូវបញ្ជូន​មន្ត្រី​របស់ខ្លួន ទៅ​បណ្តុះបណ្តាល​តាម​ឋានានុក្រម មុននឹង​ធ្វើការ​តែងតាំង​ដំឡើង​មុខដំណែង ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ជំនាញ​គ្រប់គ្រាន់ មុននឹង​ចូល​បំពេញការងារ​ជំនាញ នៅក្នុង​អង្គភាព​ថ្មី របស់គេ​។​

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​សារា​ចរណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការបណ្តុះបណ្តាល​តាម​ឋានានុក្រម ទាំងបី​កម្រិត​ជូន​មន្ត្រីនគរបាល និង​មន្ត្រី​ពន្ធនាគារ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក នាយ​ឧ​ត្ត​ម​សេនីយ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា បាន​ថ្លែងថា ទន្ទឹមនឹង​ការបញ្ជូន​មន្ត្រី​ទៅ​បណ្តុះបណ្តាល​វគ្គ​ឋានានុក្រម​នេះ បណ្តា​ស្នងការ​នគរបាល​រាជធានី ខេត្ត ក៏​គួរ​ត្រូវ​កំណត់​មុខសញ្ញា​ជ្រើស​យក​មន្ត្រី​របស់ខ្លួន​ជាមុន​ឲ្យ​បានច្បាស់លាស់ ដើម្បី​ធនា​បាន​ថា មន្ត្រីនគរបាល​នោះ បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​នេះ​ចប់​គឺ​ពិតជា​ទទួលបាន​ដំណែង​ដែល​រួមមាន ជា​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ជា​អធិការ និង​ជា​ប្រធានការិយាល័យ​ជាដើម ។

​សម្រាប់​ការបញ្ជូន​មន្ត្រី ទៅ​បណ្តុះបណ្តាល​វគ្គ​ឋានានុក្រម​នោះ លោក​សេង ផល្លី បានស្នើ​ឲ្យ​បណ្តា​ស្នងការ​នគរបាល ឬ​ថ្នាក់ដឹកនាំ​អង្គភាព​នានា ត្រូវ​ពិនិត្យ​ឲ្យ​ដឹង​ដល់​នូវ​លក្ខណៈសម្បត្តិ​ឲ្យ​គ្រប់គ្រាន់ ដូចជា​កាយសម្បទា​សម​ត្ថ​ភាព​សុខភាព​ម៉ាំ​មួន មាន​សីលធម៌​គោរព​វិន័យ​និង​មាន​អាកប្បកិរិយា​ល្អជា​ដើម ។​

​នៅក្នុង​ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានសម្រេច​ឲ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ជំរុញ​ការបណ្តុះបណ្តាល​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឲ្យ​បាន​២០០០​នាក់ ដោយឡែក​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ ថា​នឹង​ជ្រើសរើស​ក្របខ័ណ្ឌ​នគរបាល​បន្ថែម​ដើម្បី​ដាក់ពង្រាយ​បង្កើន​ចំនួន​នគរបាល នៅតាម​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​បាន​ចាប់ពី​៩​នាក់ ឡើងទៅ ។

​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​នេះដែរ នឹង​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​នៅ ក្នុង​មូលដ្ឋាន គឺមាន​ជំនាញ​គ្រប់គ្រង​អង្គភាព ចេះ​នីតិវិធី​របស់ខ្លួន​ច្បាស់លាស់ ក្នុង​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​ចេះ​របៀប​រាយការណ៍ ជូន​ថ្នាក់ដឹកនាំ ការចេះ​ការងាររដ្ឋបាល និង​ការងារ​ផ្សេងៗ​ទៀត ។​

​លោក សេង ផល្លី ថា​នឹងមិន​ផ្តល់​សញ្ញាបត្រ​ជូន​នោះទេ ចំពោះ​មន្ត្រីនគរបាល ណា​ដែល​ត្រូវ​ថ្នាក់ដឹកនាំ របស់ខ្លួន​បាន​បញ្ជូនទៅ​រៀន​ហើយ ចូលរៀន​មិនបាន​ទៀងទាត់ មិនបាន​បំពេ​ញល​ក្ខ័​ន្ត​សិក្សា​នៅ តាម​មុខជំនាញ​នីមួយៗ ហើយ​មន្ត្រី​នោះ មិនត្រូវ​បានទទួល​បាន​ការដំឡើង​ឋានន្តរសក្តិ និង​មុខដំណែង​នោះដែរ ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តល់​ឲ្យ​មន្ត្រី​មាន​សមត្ថភាព​បំពេញការងារ ៕​

បណ្ឌិត្យសភា​នគរបាល​កម្ពុជា ជំរុញ​ឲ្យ​ស្នងការ​រាជធានី ខេត្ត​បញ្ជូន​មន្ត្រី​ទៅ សិក្សា​វគ្គ​ឋានានុក្រម​