គណៈមេធាវីបោះពុម្ពសៀវភៅ "បញ្ជីសមាជិកគណៈមេធាវីឆ្នាំ២០១៥" ទប់ស្កាត់មេធាវី ខុសច្បាប់នៅកម្ពុជា

ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ ការក្លែងបន្លំ ពីជនខិលខូចមួយចំនួន ដែលបានបន្លំខ្លួន ជាមេធាវី និងប្រកបវិជ្ជាជីវៈ មេធាវីដោយខុសច្បាប់ នៅក្នុងកម្ពុជា គណៈមេធាវីបានបោះពុម្ព ផ្សាយសៀវភៅ "បញ្ជីសមាជិក គណៈមេធាវី ឆ្នាំ២០១៥" ដែលមានរាយនាម មេធាវី បានចុះឈ្មោះ ត្រឹមត្រូវ ក្នុងបញ្ជីរបស់ខ្លួន ដើម្បីឲ្យអ្នកដែលចង់ស្វែងរក សេវាផ្នែកច្បាប់ ដឹង និងស្គាល់ថា មេធាវីដែលមានឈ្មោះ នៅក្នុងបញ្ជីនេះ គឺជាមេធាវីត្រឹមត្រូវ តាមច្បាប់ដោយឡែកអ្នកដែលមិនមានឈ្មោះ នៅក្នុងបញ្ជីសមាជិក គណៈមេធាវី គឺជាមេធាវីក្លែងបន្លំ។

គួរំលឹកថា ប្រធានគណៈមេធាវីកម្ពុជា លោក ប៊ុន ហុន ធ្លាប់បានធ្វើការព្រមានចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះមេធាវីបរទេស មួយចំនួន ដែលកំពុងប្រកបវិជ្ជាជីវៈ មេធាវីខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ ពោលគឺមេធាវីដែលពុំបានចុះបញ្ជីសមាជិកគណៈមេធាវី ឯមេធាវីកម្ពុជា ក៏ដូច្នោះដែរ លោក ប៊ុន ហុន ក៏ធ្លាប់បានប្រមានផងដែរចំពោះមេធាវីណា ដែលមិនបានចុះបញ្ជីសុំវិញ្ញាបនប័ត្រ ប្រកបវិជ្ជាជីវៈមេធាវី និងវិញ្ញាបនប័ត្រ ចុះបញ្ជីការិយាល័យរបស់ខ្លួន។

តាមសេចក្តីជូនដំណឹង របស់គណៈមេធាវី ដែលជម្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ក្នុងខឹមសារនោះ ប្រធានគណៈមេធាវី លោក ប៊ុន ហុន បានជម្រាបជូនសាធារណជន គ្រប់ស្ថាប័នជាតិ និងអន្តរជាតិ ជ្រាបថា សៀវភៅ "បញ្ជីសមាជិក គណៈមេធាវី ឆ្នាំ២០១៥" ជាមគ្គទ្ទេសមួយ សម្រាប់ជាព័ត៌មានផ្តល់ជូនស្ថាប័នជាតិ និងអន្តរជាតិ សហគ្រាស ក្រុមហ៊ុនពាណិជ្ជកម្ម និងសាធារណជន ដើម្បីងាយស្រួល ស្វែងរកសេវាកម្ម ផ្លូវច្បាប់ ដែលផ្ដល់ដោយមេធាវី ។

ចំពោះ សៀវភៅ បញ្ជីសមាជិកគណៈមេធាវីឆ្នាំ២០១៥ អាចរកទិញបាន នៅទីស្នាក់ការគណៈមេធាវី ស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ២៤១ ១៩៩ តម្លៃក្នុងមួយក្បាល ៤៨០០០រៀល ឬ ១២ដុល្លារ៕

គណៈមេធាវីបោះពុម្ពសៀវភៅ "បញ្ជីសមាជិកគណៈមេធាវីឆ្នាំ២០១៥" ទប់ស្កាត់មេធាវី ខុសច្បាប់នៅកម្ពុជា

គណៈមេធាវីបោះពុម្ពសៀវភៅ "បញ្ជីសមាជិកគណៈមេធាវីឆ្នាំ២០១៥" ទប់ស្កាត់មេធាវី ខុសច្បាប់នៅកម្ពុជា