EU ស្នើឱ្យ CPP និងCNRP បន្តវប្បធម៌ សន្ទនាឡើងវិញ

ភ្នំពេញ៖ ប្រមុខការទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានលើកឡើងថា សហភាពអឺរ៉ុបចង់ឃើញ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) បន្តវប្បធម៌សន្ទនា ជាមួយគ្នាឡើងវិញ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួងមហាផ្ទៃ លោក George Edgar បានមានប្រសាសន៍ថា សហភាពអឺរ៉ុបសង្ឃឹមថា ទំនាក់ទំនងល្អរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងត្រឡប់ទៅរកភាពល្អ ប្រសើរវិញក្នុងការពង្រឹង នូវវប្បធម៌សន្ទនា។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គណបក្សជាប់ឆ្នោតទាំងពីរបាន ធ្វើការជាមួយគ្នាជាហូរហែរ ក្នុងពេលកន្លងមកនេះ។ ជាក់ស្តែងគណៈកម្មការចំពោះកិច្ច ដែលបង្កើតឡើងដោយ គណបក្សជាប់ឆ្នោតទាំងពីរ បានជួបពិភាក្សាលើ សេចក្តីព្រាងច្បាប់សហជីព មុននឹងដាក់ឱ្យសភា អនុម័តជាដើម។

សម្តេច បានប្រាប់ទៅកាន់ សហភាពអឺរ៉ុបថា ដើម្បីឱ្យទំនាក់ទំនង នេះល្អប្រសើរនោះ គណបក្សសង្រ្គោះជាតិ គួររក្សាឱ្យបាននូវអ្វីដែលខ្លួនបាន សន្យាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជៀសវាងការ ប្រើប្រាស់ការតិះទៀន ទៅជាការជេរប្រមាថ ដែលនាំឱ្យប៉ះពាល់ដល់ វប្បធម៌សន្ទនានេះ៕