ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ឧត្តរមានជ័យ​ ៖​ បុរស​ម្នាក់​បន្ទាប់​ពី​ហូប​កាហ្វេ​រួច​ស្រាប់​តែ​​ប្រកាច់​ស្លាប់​​ភ្លាមៗ​ដោយ​មិន​អាច​ជួយ​​សង្គ្រោះ​បាន​​ឡើយ គេ​​​ដាក់​ការ​សង្ស័យ​កា​ហ្វេ​មាន​ជាតិពុល​ កាល​ពី​​វេលា​ម៉ោង​៧និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មក​រា ​២០១៦ ​ស្ថិត​​នៅ​ក្នុង​​ភូមិ​អូរ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។​

ជន​រង​គ្រោះ ​ឈ្មោះ​ សូ សៅ​ ​​អាយុ​៤៨​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ អូន ​ពុទ្ធា​រី ​អាយុ​៣៧​ឆ្នាំ​ និង​មានកូន​២​ស្រី​ ​​ប្រកប​របរ​ធ្វើស្រែ​​ចម្ការ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។

បើ​តាម​សម្តី​បុរស​​​ឈ្មោះ​ ឃួ​ន ​ប៊ុ​ន ​អាយុ​៥២​ឆ្នាំ​ ត្រូវជា​បង​បង្កើត​ជន​រង​គ្រោះ​បាន​អះអាង​ថា ​ប្អូនប្រុស​របស់​គាត់​​ជា​អ្នក​រក​ស៊ីចិញ្ចឹម​ក្រុម​គ្រួសារ​ជា​រៀង​រា​ល៉​ថ្ងៃ​ ដោយ​មិន​មាន​​​​ជំងឺ​ប្រចាំ​កាយ​នោះ​ទេ​ ។​ ​ក្រុម​គ្រួសារ​នេះ​កន្លង​មក ​ប្តី​ប្រពន្ធ​​ធ្លាប់​​​ឈ្លោះ​គ្នា​​ផង​ដែរ ចំណែក​ប្រពន្ធ​បាន​រត់​ចោល​ប្តី​ក្រោយមក​ទើប​ចូល​មក​ផ្ទះ​​​រស់​នៅ​ជា​មួយ​គ្នា​​ជា​ប្តី​ប្រពន្ធ​ធម្មតា​​វិញ​ ​។

បុរស​ដដែល​បាន​បន្ត​ថា ​កាល​ពី​​វេលា​ម៉ោង​៧និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មក​រា ​២០១៦ ប្អូន​ប្រុស​របស់​គាត់​​បាន​ប្រើ​កូន​ឈ្មោះ​ សៅ លី​ន​ដា ​ភេទ​ស្រី​ អាយុ​១១​ឆ្នាំ ទៅ​ផ្សារ​អូរ​ត្រាំ​ប៉ោង​ទិញ​ការ​ហ្វេ​ចំនួន​២​កញ្ចប់​តូច​មក​ឆុង​ហូប បន្ទាប់​ពី​ហូប​កាហ្វេនោះ​ហើយ​ស្រាប់តែ​ប្រកាច់​ស្លាប់​​​ភ្លាម​ៗ​មិន​អាច​ជួយ​​​សង្គ្រោះ​បាន​ឡើយ​ រូប​គាត់​​ និង​អ្នក​ភូមិ​មួយ​ចំនួន​បាន​ដាក់​ការ​សនិដ្ឋាន​ថា ​ប្អូន​ប្រុស​គាត់​​សង្ស័យ​​​​ហូប​កាហ្វេ​​មាន​ជាតិពុល​​ទើប​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ​ ។​

លោក​វរសេនីយ៍ត្រី​ ​អ៊ិន កាយ​ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​ករណី​ហូប​ការ​ហ្វេ​ស្លាប់​​​នោះ​ លោក​បាន​បញ្ជា​​កម្លាំងប៉ូ​លិស​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ ដើម្បី​ពិនិត្យ​​និង​ធ្វើ​កោសល​វិច័យ ​ដោយ​​សាកសួរ​ប្រពន្ធ​ជន​រង​គ្រោះ​​ ហើយ​​ស្ត្រីជា​ប្រពន្ធ​បុរស​រង​​គ្រោះ​បាន​​រៀប​រាប់​​ប្រាប់​ថា ​ប្តី​របស់​ខ្លួន​ធ្លាប់​កើត​មាន​​ជំងឺ​បេះដូង​ ។ ​ទោះ​បី​ជា​បែប​ណាក្តី ​ប៉ូ​លិ​សនៅ​មិន​ទាន់​អាច​​សន្និដ្ឋាន​នោះទេ ​រង់​ចាំ​យក​កញ្ចប់​កា​ហ្វេ​ដែល​សល់​មួយ​កញ្ចប់​តូចនោះ​មក​ធ្វើការ​ពិសោធន៍​​ជា​មុន​សិន​ ទើប​អាច​សនិដ្ឋាន​​ជា​ក្រោយ ៕