ប៉ូ​លិស​ម្នាក់​​ប្រឈម​ការ​ជាប់​ទោស ក្រោយ​ពី​​បង្ហាញ​លិខិត​ឆ្លង​ដែន​របស់ Messi

មន្ត្រី​ប៉ូលិស​នៅ​អាកាស​យាន​ដ្ឋាន​ក្នុង​ទីក្រុង​ឌូ​បៃ​ម្នាក់​អាច​នឹង​ត្រូវ​ជាប់​គុក​​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​៦​ខែ​​ពី​បទ​បង្ហោះ​រូប​ភាព​វីដេ​អូ​ដែល​បង្ហាញ​ពី​លិខិត​ឆ្លង​ដែន​របស់​តា​រា​ឆ្នើម Lionel Messi នៃ​ក្លិប Barcelona នៅ​លើ​បណ្តាញ​សង្គម​។

messi-passportនេះ​បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​​​បណ្តាញ​សារ​ព័ត៌​មាន​នា​នា​កាល​ពី​ថ្ងៃ​ពុធ​។ ករណី​នេះ​បាន​កើត​ឡើង​នៅ​អាកាស​យាន​ដ្ឋាន​ទីក្រុង​ឌូ​បៃ ដែល​ជា​កន្លែង Messi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​កាល​ពី​ខែ​មុន​ដើម្បី​ចូល​រួម​​ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់ Globe Soccer Awards លើក​ទី​៧ ដោយ​ក្នុង​នោះ​​រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ក្នុង​នាម​ជា​កីឡាករ​ដ៏ឆ្នើម​បំផុត និង​ក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​។ កា​សែត​ប្រចាំ​ថ្ងៃ National បាន​ចេញ​ផ្សាយ​ថា ប៉ូលិស​របស់​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​រូប​នេះ ចង់​ថត​រូប​រូប​គេ​ផ្ទាល់​​ជា​មួយ​នឹង​​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់ទីន Messi ត្រូវ​បាន​បាន​ប្រាប់​ថា តា​​រា​ឆ្នើម​រូប​នេះ​អស់​កម្លាំង​ពី​ការ​ធ្វើ​ដំណើរ​ដោយ​យន្ត​ហោះ​។ វា​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​របស់​មន្ត្រី​ប៉ូលិស​រូប​នោះ​ក្នុង​ពេល​និយាយ​ថា៖ «បន្ទាប់​មក ខ្ញុំ​បាន​​ដើរ​ទៅ​កាន់​តុ​ពិនិត្យ​លិខិត​ឆ្លង​ដែន និង​បាន​ដឹង​ថា លិខិត​ឆ្លង​ដែន​របស់ Messi ត្រូវ​​បាន​ដាក់​នៅ​លើ​តុក​នោះ ហេតុ​នេះ ខ្ញុំ​​ក៏​បាន​រើស​ឡើង និង​ថត​វីដេ​អូរបស់​ខ្ញុំ​ផ្ទាល់​ ខណៈ​​កំពុង​កាន់​លិខិត​ឆ្លង​ដែន​នោះ​»​។ ​រូប​គេ​បាន​បង្ហោះ​​រូប​ភាព​វី​ដេ​​អូ​នោះ​នៅ​លើ​​កម្ម​វិធី Snapchat និង​បាន​សរសេរ​ថា៖ «នេះ​គឺ​ជា​​លិ​ខិត​ឆ្លង​ដែន​របស់ Messi រូប​គេ​នៅ​ទី​នេះ​ក្នុង​ទីក្រុង​ឌូ​បៃ ហើយ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី? តើ​ខ្ញុំ​​គួរ​តែ​​ដុត​លិខិត​ឆ្លង​ដែន​នេះ​ចោល ឬ​ក៏​​ទុក​វា​វិញ​! អូ​ខេ អ្នក​អាច​ទៅ​បាន​ហើយ​!​»​។ មន្ត្រី​ប៉ូ​លិស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​​តុលា​ការ ដែល​ជា​កន្លែង​រូប​គេ​បាន «ទទួល​ស្គាល់​កំហុស និង​ទទួល​ស្គាល់​ថា រូប​គេ​បាន​ធ្វើ​ខុស​នៅ​ពេល​ដែល​រូប​គេ​បាន​បង្ហោះ​​សេច​ក្តី​លម្អិត​នៃ​លិ​ខិត​​ឆ្លង​ដែន​​របស់ Messi នៅ​លើ​បណ្តាញ​​សង្គម​»​។ វា​ត្រូវ​បាន​​​គេ​ចេញ​ផ្សាយ​ថា ប៉ូ​លិស​រូប​នេះ​​អាច​នឹង​​ប្រឈម​មុខ​នឹង​​ការ​​ជាប់​គុក​តិច​បំផុត​៦​ខែ និង​រង​ពិន័យ​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ​១៣៦០០០​ដុល្លារ​អាមេ​រិក​​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia