ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រង​របួស​ក្បាល និង​ដៃ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​ម្នាក់​ទៀត​រត់​រួច​ផុត បន្ទាប់​ពី​ត្រូវ​ក្រុម​ចោរ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់​ប្លន់​យក​ម៉ូតូ Suzuki Let មួយ​គ្រឿង​ពី​ជន​រង​គ្រោះ តែ​មិន​បាន​សម្រេច​នោះ​ទេ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២០ មក​រា ២០១៦ ស្ថិត​នៅ​មុខ​ដី​ឡូត៍​ឃ្លាំង​មួយ​កន្លែង​គ្មាន​យីហោ តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ដែល​ក្រុម​ជន​ចោរ​ប្រើ​ដាវ​សា​មូ​រ៉ៃ​កាប់​ប្រហារ​ជា​ច្រើន​ដាវ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នោះ​ឈ្មោះ​ចេក ភា​រុន អាយុ​២៧​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅ​ឃុំ​ពញាឮ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ ចំណែក​មិត្តភក្តិ​ម្នាក់​ទៀត ដែល​រត់​រួច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​ទេ ។ ចំណែក​ខាង​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​សង់​សេ​១២៥ ។

តាម​សម្តី​ជន​រង​គ្រោះ​រៀបរាប់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​Suzuki Let ១​គ្រឿង ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF-9260 តាម​ផ្លូវ​២៧១ លុះ​ជិះ​មក​ដល់​ផ្លូវ​២៧១​កែង​២០០៤ ស្តុ​ប Nokia ហើយ​គាត់​បាន​បត់​មក​តាម​ផ្លូវ​២០០៤ ភ្លាម​នោះ​ក៏​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ហុងដារ​សេ​១២៥២​គ្រឿង ដេញ​តាម​ពីក្រោយ​ប្រកិត​ពីក្រោយ​ហើយ​ក៏​ដក​ដាវ​សា​មូ​រ៉ៃ​ចេញ​មក​បម្រុង​កាប់​មក​លើ​គាត់ តែ​គាត់​បន្ថែម​ល្បឿន រត់​រហូត​ទៅ​ដល់​កន្លែង​កើតហេតុ គាត់​បានឃើញ​ក្រុម
ត​បណ្តាញ​ខ្សែរ​កាប​អ៊ុ​ប​ទិច ហើយ​គាត់​បាន​ជិះ​ម៉ូតូ​ចូល​បំណង​ឱ្យ​គេ​ជួយ ខណៈ​ឈប់​ភ្លាម ជន​រង​គ្រោះ​បាន​ដក​សោ​ក្រវាត់​ចោល ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​កាប់​មក​លើ​គាត់​ជា​ច្រើន​ដាវ​ចំ​ក្បាល និង​ដៃ​ខាងឆ្វេង​ធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​ជិះ​មក​ជាមួយ បានរ​ត់ទៅ​ជាមួយ​ក្រុម​ត​បណ្តាញ​ខ្សែកាប​អ៊ុ​ប​ទិ​ក​បាត់​ទៅ រហូត​ក្រុម​ជនសង្ស័យ​ចេញ​ទៅ​បាត់ ទើប​ត្រឡប់​មក​វិញ ។ ម៉ូតូ​របស់​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ក្រុម​ចោរ​យក​បាន​ឡើយ ដោយសារ​តែ​គ្មាន​សោ​ចាក់ ព្រោះ​ជន​រង​គ្រោះ​បាន​ក្រវាត់​ចោល​បាត់ ។