សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ច្រើន​ខែ​មក​ហើយ ព្រោះតែ​សម្រាក​ព្យាបាល​ជំងឺ​រលាក​បំពង់ក ។ នៅ​ពេល​នេះ​អាការ​ជំងឺ​បាន​ធូរស្បើយ ដូច្នេះ​នៅ​ខែកុម្ភៈ ២០១៦ នឹង​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​ដូច​មុន​វិញ ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ រលាក​បំពង់ក​ធ្វើ​ឲ្យ​ការ​ច្រៀង និង​សម្តែង​របស់​នាង​ផ្អាក​អស់​រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ ដោយ​ត្រូវ​នៅ​សម្រាក​ព្យាបាល​តាម​ការ​បង្ហាញ​ប្រាប់​របស់​គ្រូពេទ្យ ។​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ឈួ​ន សុវណ្ណ​ឆៃ ឧស្សាហ៍​ឃើញ​បង្ហាញ​សារ​មួយ​ចំនួន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​សរសេរ​លើក​ឡើង​ថា រំពឹង​ខ្ពស់​ជំងឺ​រលាក​បំពង់ក​បាន​ប្រសើរ​ឡើង​វិញ ដើម្បី​ឆាប់​បាន​បំពេញការងារ​សម្តែង​យក​ប្រាក់​ទុក​ឲ្យ​កូន​រៀន ព្រោះ​ពេល​នេះ​គ្មាន​អ្នក​ណា​មើល​ខុស​ត្រូវ​ក្រៅពី​ខ្លួនឯង​ជា​ស្ត្រី​មេម៉ាយ​ទេ ។

តារាចម្រៀង​ឈួ​ន សុវណ្ណ​ឆៃ បែកបាក់​ពី​ស្វាមី​ជា​មន្ត្រី​ធ្វើការ​នៅ​ស្ថានទូត​បារាំង​ជា​ច្រើន​ខែ​មក​ហើយ ។ ចំណងអាពាហ៍ពិពាហ៍​នេះ​មានកូន​២​នាក់ ស្រី​១​ប្រុស​១ ។ ការ​លែងលះ​នេះ​មាន​លិខិត​ដាច់ស្រេច​តាម​អំណាចតុលាការ ដោយ​អ្នក​នាង​សុវណ្ណ​ឆៃ មិន​បាន​ទាមទារ​អ្វី​ក្រៅពី​យក​កូន​ទាំង​២​មក​បីបាច់​ថែរក្សា​ទេ ព្រោះ​នាង​ចាត់​ទុក​កូន​ទាំង​២​ជា​អាយុជីវិត​របស់​នាង ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ និយាយ​ថា ជា​ច្រើន​ថ្ងៃ​មក​ហើយ​តាំងពី​អំឡុង​ពិធីបុណ្យ​អុំទូក​នាង​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​រលាក​បំពង់ក​ដែល​ធ្វើទុក្ខ​នៅ​មន្ទីរពេទ្យ ព្រោះ​ចំណាយ ពេល​ច្រៀង​ច្រើន​ពេក​បណ្តាល​ឱ្យ​ប៉ះពាល់ ។ ស្ថិត​ក្នុង​សភាព​ស៊ូទ្រាំ​អស់​មួយ​រយៈកាល​មក សភាព​ជំងឺ​ផ្នែក​បំពង់ក​ប្រសើរ​ឡើង​វិញ ហើយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា នាង​អាច​ច្រៀង​បាន​ដូច​មុន ។

ស្ត្រី​មេម៉ាយ​កូន​ពីរ​នៅ​តែ​ស្អាត​រូប​នេះ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មិនយូរ​ទេ​នៅ​ក្នុង​ខែកុម្ភៈ នាង​នឹង​ចូលរួម​ច្រៀង​ដូច​មុន​វិញ ដោយ​បាន​ទទួល​កក់ និង​សន្យា​ជា មួយ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​រួច​ហើយ​។ ម្យ៉ាងទៀត​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​ដឹង​ថា សុវណ្ណ​ឆៃ ធូរស្បើយ​ក៏​អញ្ជើញ​ឱ្យ​សម្តែង​បន្តបន្ទាប់​គ្នា ដែល​ធ្វើ​ឲ្យ​នាង​សប្បាយ​រីករាយ​ពន់ពេក ព្រោះ​មាន​គេ​ត្រូវការ​ឱ្យ​សម្តែង ជួយ​លើកកម្ពស់​ជីវភាព​នាង​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ និយាយ​ថា «​បើ​មិន​ទៅ​ច្រៀង​វិញ​បាន​ប្រាក់​ឯណា​ទិញ​អង្ករ ម្ហូប​ដាក់​ផ្ទះ ! ណាមួយ​ត្រូវ​យក​លុយ​ឲ្យ​កូន​ទៅ​រៀន​ទៀត ព្រោះ​គ្នា​ចូល​រៀន​អស់​ហើយ​បើ​មិន​គិតគូរ​ខ្វះ​លុយ​បង់​សាលា​មិន​ខាន ។ ទោះជា​លំបាក​បែប​ណា​ក៏​នាង​ខ្ញុំ​ពេល​នេះ​សុខចិត្ត​ធ្វើ​អ្វី​តែ​ម្នាក់ឯង​ដោយ​មិន​រំពឹង​លើ​កម្លាំង​មនុស្ស​ប្រុស​ទៀត​ឡើយ ព្រោះ​នាង​ខ្ញុំ​ក៏​អាច​មាន​ផ្លូវ​អាច​ដោះស្រាយ​ជីវភាព​បាន​ដែរ​» ។

រឿង​ស្នេហា​រហូត​មក​ទល់​ពេល​នេះ អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ មិន​ទាន់​បើក​ចិត្ត​រើស​យក​បុរស​ណា​ទៀត​ទេ ។ សំខាន់​តារាចម្រៀង​រូប​នេះ​ចង់​ឲ្យ កូន​ៗ​នាង​កក់ក្តៅ​ពេល​ឃើញ​​ម្តាយ​យក​ពេលវេលា​នៅ​កៀក​កិត​ជាមួយ កូន​ៗ ខ្វាយខ្វល់​ពី​កូន ។ យកចិត្តទុកដាក់​ចំពោះ​កូន​ធ្វើ​ឱ្យ​សុវណ្ណ​ឆៃ សប្បាយចិត្ត​ព្រោះ​ប្រសើរ​ជាង​យក​ពេល​ទៅ​សប្បាយ​នឹង​រឿង​ស្នេហា​ដែល​នាង​យល់​ថា នាំ​ឲ្យ​ខាត​ប្រយោជន៍ ។

តារាចម្រៀង​ឈួ​ន សុវណ្ណ​ឆៃ រំពឹង​ថា មហាជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​នៅ​តែ​បន្ត​ការ​គាំទ្រ​រូប​នាង​ក្នុង​វិ​ថី​សិល្បៈ ៕