អាជីវករ​ផ្សារ​ទំនប់​​​​ប្រហែល​៣០០នាក់តវ៉ា​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​​​អាជីវករ​ពីរនាក់​​

អាជីវករ​​​ប្រហែល​​​៣០០​​​នាក់​​​មក​​​ពី​​​ផ្សារ​​​ទំនប់ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​ រាជធានីភ្នំពេញ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​មុខ​​​សាលា​​​ដំបូង​​​រាជធានី​ភ្នំពេញ​​​កាល​​​ពី ម្សិលមិញ​​​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​​​​អាជីវ​ករ​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​ពេល​​​មាន​​​ជម្លោះ​​​ជុំ​​​វិញ​​​តម្លៃ​​ជួល​​​តូប​​​នៅ​ផ្សារនេះ​​​​។

អាជីវករ​​​ឈ្មោះ គឹម សាន បាន​​​និយាយ​​​ថា មន្ត្រី​​​នគរ​​​បាល​​​មួយ​​​ក្រុម​​​មក​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ទៅ​​​កាន​​​់​​​ផ្សារ​​​នេះ​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​ដើម្បី​​​ចាប់​​​ខ្លួន​​​អាជីវករ​​​ សេង សុខលី អាយុ​​​៣៨​​​ឆ្នាំ ​​និង​​​ គឹម ប៊ុនអាន អាយុ​​​៣៨ឆ្នាំ​​​​​​ដូច​​​គ្នាដែល​លោក​​​​ទាំងពីរ​ជា​​​ប្រធាន​​​ក្រុម ដែល​​​បាន​​​តវ៉ា​​​ជំទាស់​​​នឹង​​​ការ​​​ឡើង​​​ថ្លៃ​​​តូប​​​ពី​​​៥០​​​ដុល្លារ ដល់​​​១២០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។

អ្នក​​​ស្រី​​​ គឹម សាន អាយុ​​​៣៦​​​ឆ្នាំ ដែល​​​អះ​​​អាង​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​គ្មានធ្វើ​​​ការ​​​ពន្យល់ ឬ​​​គ្មាន​​​ដីកា​​​បង្គាប់​​​ពី​​​តុលាការ​នោះ​​​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​សូម​​​ស្នើឲ្យ​​​តុលា​ការ​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​េនះ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិល​​​មិញ ​ព្រោះ​​​​​ពួកគាត់​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ”។

អាជីវករ​​​ម្នាក់​​​ទៀត​​​ឈ្មោះ ​សួន ​លីណា ​អាយុ​​​២៧​​​ឆ្នាំ ​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​តុលាការ​​​ដែរ​​​នោះ​​​បាន​​​និយាយ​​​ថា នគរ​​​បាល​​​ដែល​​​មក​​​ជា​​​មួយ​​​តំណាង​​​ម្ចាស់​​​ផ្សារ​​​ New Rich បាន​​​លើក​​​ឡើង​​​ជា​​​សំណួរ​​​ជុំ​​​វិញ​​​ថា តើ​​​មូល​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​។

ដោយ​រៀប​រាប់ពី​ការ​ចាប់ខ្លួន​បុរស​ទាំង​ពីរនាក់​ថា ជា​ការ​ប្រើ​អំពើ​ហិង្សា​ អ្នក​​​ស្រី ​លីណា ​​​ បាន​​​និយាយ​​​ថា “នគរ​​​បាល​​​ និង​​​មនុស្ស​​​មក​​​ពីក្រុមហ៊ុន​​ New Rich បាន​​​មក​​​ចាប់​​​ខ្លួន​​​អាជីវករ​​​ដោយ​​​គ្មាន​​​មូល​​​ហេតុ​​​ និង​​​មិ​​​ន​​​បាន​​​បង្ហាញ​​​ដីកា​​​បង្គាប់​​​ពី​​​តុលាការ​​​ទាល់​​​តែ​​​សោះ​​​”។

បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​លោក សុខ ខេមរិន្ទ នាយ​​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បង្វែរ​​​សំណួរ​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ទៅ​​​លោក​​​ប៉ុល រតនា ជានាយរង​ដែល​​​លោក​​​លើក​​​ឡើង​​​ថា គាត់​​​បាន​​​ដឹក​​​នាំ​​​ប្រតិបត្តិការ​​​កាល​​​ពី​​​ថ្ងៃអង្គារ​​​​​​នៅ​​ផ្សារ​​​នេះ​​​។

ដោយ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ ​លោក​​​ រតនា បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​ករណី​​​នេះ​ទេ​​​។ ខ្ញុំ​​​គ្រាន់​​​តែ​​​អនុវត្ត​​​​តាម​​​ដីកា​​​បង្គាប់​​​របស់​​​តុលាការ​​​តែ​​​ប៉ុណ្ណោះ​​​”។

រយៈ​​​ពេល​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ​​​​​​លោក ​សេង សុខលី និង​​​លោក គឹម ប៊ុនអាន បាន​​​​​ដឹក​​​នាំ​អាជីវករ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​៣៤៨​​​នាក់​​​តវ៉ា​​​នឹង​​​ការ​​​ឡើង​​​ថ្លៃ​​​តូប​​​ដែល​ស្នើដោយ​​​​អ្នក​​​គ្រប់​​​គ្រង​​​ផ្សារ​​​ថ្មី​​​នេះ​​​ដែល​​​ត្រូវ​បាន​ចាត់តាំង​កាល​​​ពី​​​ចុង​​ឆ្នាំ​​​​មុន​​​។

លោក​​​ មុនី រតនៈ តំណាង​​​ក្រុមហ៊ុន​​ New Rich បាន​​​និយាយ​​​នៅ​​​ផ្សារ​​​នេះ​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា ក្រុមហ៊ុន​​​គាំទ្រ​​​អ្នក​​​គ្រប់​​​គ្រង​​​ថ្មី​​​របស់​​​ខ្លួន​​​ដែល​​​​​​ត្រូវ​​​បានចាត់​​​តាំង​​​កាល​​​ពីថ្ងៃទី​​​២៣​​​តុលា បន្ទាប់ពី​​​ក្រុមហ៊ុន​​​ចាស់​​​មិន​​​បាន​​​បង់​​​ថ្លៃ​​​ឈ្នួល​​​ទាន់​​​ពេល​​​វេលា​​​។

លោក​​​​​​ រតនៈ ​​​និយាយ​​​ថា “យើង​​​មិន​​​បន្ត​​​កិច្ច​​​ សន្យា​​​ឲ្យ​​​ក្រុមហ៊ុន​​​ចាស់​​​ទេ​​​ ពីព្រោះ​​​ក្រុមហ៊ុន​​​ចាស់​​​មិន​​​បាន​​​បង់​​​ថ្លៃ​​​ឈ្នួល​​​ឲ្យ​​​យើង​​​ឡើយ​” ដោយ​​​លោក​​​ត្អូញ​​​ត្អែរ​​​ថា អាជីវករ​​ដែល​​​តវ៉ា​​​​​​នោះ​​​បាន​​​ចាក់សោ​​​ផ្សារ​​​នេះ​កាល​​​ពី​​​ម្សិលមិញ​​​។

លោក រតនៈ បាន​​​និយាយ​​​ថា ខ្លួន​​​លោក​​​ផ្ទាល់​​​ត្រូវ​​​តែ​​​ទៅ​​​កាន់​​​ផ្សារ​​​នេះ ដើម្បី​​​កាត់​​​សោ​​​​ឲ្យ​​​អាជីវករ​​​ផ្សេង​​​ទៀត​​​ដែល​​​មិន​​​ធ្វើ​​​ការ​​​តវ៉ា ​​​ប្រកប​របរ​អាជីវកម្ម​របស់ខ្លួន។

លោក​​​បាន​​​បន្ថែម​​​ថា ”អាជីវករទាំងនេះ​​​​សប្បាយ​​​ចិត្ត​​​ណាស់​​​នៅ​​​ពេល​​​ពួកគាត់​​​ឃើញ​​​ខ្ញុំ​​​កាត់​​​សោ​​​ឲ្យ​​​ពួក​​​គាត់​​​ចូល​​​”។

បើ​​​ទោ​​​ះ​​​ជា​​​ការ​​​តវ៉ា​​​នៅ​​​តុលាការ​​​គ្មាន​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​ក៏​​​ដោយ ​​​តែ​​​មិន​​​មែន​មាន​​​ន័យ​​​ថា ថ្ងៃ​​​នោះ​​​គ្មាន​ជម្លោះ​​​​​​​​នោះ​​​ទេ​​​​​​។

នៅ​​​ពេល​​​អាជីវករ​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​ទាំង​​​នោះ​​​ត្រឡប់​​មក​កាន់​​​ផ្សារ​​​នេះវិញ​​​​​ពេល​​​រសៀល​​​ ការ​​​ប៉ះទង្គិច​​​គ្នា​​​មួយ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​អ្នក​​​លក់​​​ទាំងនោះ​មាន​កំហឹង​នឹង​​​ការ​​​កាត់​​​សោដោយ​​​លោក​​​ រតនៈ ។

ជាង​​​ភ្លើង​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​៥​​​នាក់​​​ដែល​​​ក្រុមហ៊ុន New Rich ​​​បាន​​​ជួល ​​​​​​មិន​​​ព្រម​ស្តាប់​តាម​​​​ការ​លើកឡើង​របស់​​​អាជីវករ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ផ្សារនេះ​​​​ឡើយ ដោយ​​​បណ្តាល​​​ឲ្យ​​​អាជីវករ​​​ទាំង​​​នោះ​​​ព្យាយាម​​​ប្រើ​កម្លាំង​បង្ខំ​​​ឲ្យ​​​ពួកគេ​​​ចាក​​​ចេញ​​​។

អាជីវករ​​​ពីរ​​​នាក់​​​បាន​​​ដួល​​​ទៅ​​​លើ​​​ដី​​​​​​ទំនង​​​ជា​​​សន្លប់​​​បាត់​​​ស្មារតី​​​ ចំណែក​​​បុគ្គលិក​​​ផ្សារ​​​ប្រាំ​​​នាក់ រង​​​របួស​​​ស្រាល៕សារុន

The post អាជីវករ​ផ្សារ​ទំនប់​​​​ប្រហែល​៣០០នាក់តវ៉ា​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​​​អាជីវករ​ពីរនាក់​​ appeared first on ខេមបូឌា ដេលី.