របរ​បង្កាត់​ស្វាយចន្ទី​របស់ ម៉េង ឆុន​

Doliprane TVC

​កន្លងមក​ប្រជាកសិករ​ខ្មែរ​មួយចំនួន​ខកបំណង​ច្រើនលើក​មកហើយ​ក្នុង​ការងារ​កសិកម្ម​ដាំ​ដុះ​ស្វាយចន្ទី ដោយសារ​ពួកគាត់​មាន​ទម្លាប់​ដាំ​ស្វាយចន្ទី​តៗ​គ្នា​ដោយ​មិនបាន​ជ្រើសរើស​ពូជ និង បច្ចេកទេស​ត្រឹមត្រូវ​ក្នុង​ការដាំដុះ​ទើប​ធ្វើឱ្យ​ការប្រមូល​ផល​គ្រាប់ស្វាយចន្ទីរបស់​ពួកគាត់​បាន​តិច ប៉ុន្តែ​លោក ម៉េង ឆុន វិញ បាន​ស្រាវជ្រាវ និង ប្រើ​រយៈពេល​ជាង​បី​ឆ្នាំ​ក្នុង​ការងារ​កសិកម្ម​ទ​ម្រាំ​ចេះ​បង្កាត់​ពូជ​ស្វាយចន្ទី ។ ថ្មីៗ​នេះ​លោក​បាន​រកឃើញ​បច្ចេកទេស​ទំនើប​ដែល​អាចធ្វើឱ្យ​កសិករ​ប្រមូល​ផល​បាន​ច្រើន​ពីរ​បរ ឬ ដំណាំ​ស្វាយចន្ទី​នេះ ។​

របរ​បង្កាត់​ស្វាយចន្ទី​របស់ ម៉េង ឆុន​

​កសិករ​វ័យ ៤២ ឆ្នាំ ម៉េង ឆុន មាន​ស្រុកកំណើត​នៅ ភូមិ​ត្រពាំង​ឈូក ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយមក​បាន​ប្តូរ​ទីលំនៅ​មក​នៅ​ក្នុងភូមិ​បឹង​លាជ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ដោយសារតែ​ស្រឡាញ់​ការងារ​កសិកម្ម លោក ម៉េង ឆុន បាន​ឆ្លៀត​ពេលទំនេរ​ពី​ការងារ​ចម្ការ​ទៅ​រៀន​បច្ចេកទេសផ្នែក​កសិក​ម្ម និង បង្កាត់​ស្វាយចន្ទី តាមបែប​ទំនើប​ពី​មន្ត្រី​ជំនាញ​កសិកម្ម​រយៈពេល​មួយខែ ។ ជា​លទ្ធផល​ក្រោយពី​បាន​រៀន​ជំនាញ នេះ​លោក​បាន​រកឃើញ​ការដាំ​ពូជ​ស្វាយចន្ទី​បង្កាត់​ឱ្យបាន​ទទួលផល ច្រើនជាង​ការដាំដុះ​ស្វាយចន្ទី​តាមបែប​ធម្មជាតិ ។​ ​បន្ទាប់ពី​បាន​រៀន និង បានទទួល​ការបណ្តុះបណ្តាល​បច្ចេកទេស​ក្នុង​ការដាំដុះ​ដំណាំ​កសិកម្ម​មក​នោះ លោក ម៉េង ឆុន បាន​បន្ត​ស្រាវជ្រាវ​ពី​របៀប​បង្កាត់​ពូជ​ស្វាយចន្ទី​បន្ថែមទៀត ។

លោក ម៉េង ឆុន ​និយាយថា​«​មូលហេតុ​ដែល​ខ្ញុំ​ចាប់ផ្តើម​ចាប់យក​មុខរបរ​បង្កា​ត់​ពូជ​ស្វាយចន្ទី​នេះ ដោយសារតែ​ដំបូង​ឡើយ​ខ្ញុំ​បាន​ទៅ​សិក្សា​ជំនាញ បច្ចេកទេស​ក្នុង​ការដាំដុះ​ដំណាំ​កសិកម្ម​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយ​មើលឃើញថា​មុខរបរ​នេះ​អាច​ចិញ្ចឹមជីវិត និង អាចជួយ​លើកស្ទួយ​ជីវភាព​ក្រុមគ្រួសារ​ឱ្យ​ធូរធារ​នាពេល​អនាគត ។ បន្ទាប់ពី​រៀន​ខ្ញុំ ក៏​យកមកអនុវត្ត​នៅពេល​ដាំ​ក៏បាន​ទទួលផល​ច្រើន ។ ដោយសារតែ​បាន ទទួលជោគជ័យ​បែបនេះហើយ​ទើប​ខ្ញុំ​ចេះតែធ្វើ​បន្ត​រហូតមកដល់​សព្វ​ថ្ងៃ ហើយ​មុខរបរ​បង្កាត់​ស្វាយចន្ទី​នេះ​បានធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់ខ្ញុំ​ធូរធារ​ជាង​មុន​»​។​
​លោក ម៉េង ឆុន បាន​បញ្ជាក់ថា​«​ការដាំ​ស្វាយចន្ទី​តាមបែប​ធម្មជាតិ​ប្រើ​រយៈពេល​បី​ឆ្នាំ​ទើប​ផ្តល់​ផល ហើយ​ផល​ដែល​ប្រមូលបាន​នៅក្នុង​ឆ្នាំ ដំបូង​គឺ​មួយ​តោន​ក្នុង​មួយ​ហិកតារ តែបើ​ដាំ​ពូជ​បង្កាត់​វិញ​ប្រើ​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បាន​ទទួលផល​ច្រើន​ទៀត​គឺ​មួយ​ហិកតារ​ផ្តល់​ផល​បាន​ពី​ពីរ​តោន​ទៅ​បី​តោន ។

របរ​បង្កាត់​ស្វាយចន្ទី​របស់ ម៉េង ឆុន​

ខ្ញុំ​បានចាប់ផ្តើម​បើក​អាជីវកម្ម​បង្កាត់​ស្វាយចន្ទី​នេះ​នៅ​ឆ្នាំ ២០១១ ដោយ​ពីដំបូង​បង្កាត់​បានត្រឹមតែ ៥.០០០ កូន ប៉ុណ្ណោះ​សម្រាប់​លក់ និង ដាំ​ខ្លួនឯង ។ នៅ​ឆ្នាំ ២០១២ បង្កាត់​បាន​ជិត ១ ម៉ឺន​កូន ដោយ​លក់បាន​តម្លៃ​ជិត ៣.០០០ រៀល ក្នុង​មួយ​ដើម និង នៅ​ឆ្នាំ ២០១៣ បង្កាត់​បាន​ជាង ១ ម៉ឺន​កូន ហើយ​នៅ​ឆ្នាំ ២០១៤ នេះ​បង្កាត់​បាន​ជាង ៥ ម៉ឺន កូន ដោយមាន​គេ​កុម្ម៉ង់​ទិញ​គ្រប់កន្លែង​នៅ​ខេត្តក្រចេះ​នេះ ។ អ្នក​ដែល​មក​កុម្ម៉ង់​ទិញ​កូន​ស្វាយចន្ទី​ទាំងនោះ​មាន​អ្នកខ្លះ​ធ្លាប់​ដាំ​តាមបែប​ធម្មជាតិ ហើយ​ទទួល​បរាជ័យ​ទើប​គេ​មក​ជ្រើស​យក​ការដាំ​ពូជ​បង្កាត់​វិញ​ម្តង ហើយ​ផ្លែ ឬ ផ្កា​នៅ​ឆ្នាំ​ទីមួយ​យើង​មិន​យក​ទេ​គឺ​យើង​កាត់​ផ្កា​វា​ចោល ដល់​ឆ្នាំ​ទី​ពីរ​ទើប​អាច​ប្រមូល​ផល និង នៅ​ឆ្នាំ​ទី​បី​គឺ​យើង​ប្រមូល​ផល​បាន​កាន់តែច្រើន ។ ការបណ្តុះ​កូន​ស្វាយចន្ទី​តាមបែប​ធម្មជាតិ​គឺ​យើង បណ្តុះ​គ្រាប់ពូជ​វា​រយៈពេល​បី​ខែ​ទើប​អាចយ​កកូន​ទៅ​ដាំ​បាន ហើយ​រយៈពេល​បី​ឆ្នាំ​ទើប​វា​ផ្តល់​ផល ។ ចំពោះ​ពូជ​ស្វាយចន្ទី​បង្កាត់​វិញ យើង​បង្កាត់​វា​រយៈពេល​ពី​ពីរ​ខែ​កន្លះ​ទៅ​បី​ខែ​ទើប​យើង​អាចយ​កវា​ទៅ​ដាំ ។

បន្ទាប់ពី​ដាំ​ហើយ​រយៈពេល​មួយឆ្នាំ​ទើប​វា​ផ្តល់​ផល​តែ​នៅ​ឆ្នាំ​ទីមួយ​យើង​មិន ទុក​ផ្លែផ្កា​របស់​វា​នោះទេ​គឺ​យើង​កាត់​ផ្កា​វា​ចោល ហើយ​លក្ខណៈពិសេស របស់​ពូជ​បង្កាត់​ដាំ​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ​គឺ​វា​ចេញ​ផ្លែផ្កា​ហើយ ។ មួយឆ្នាំ ឬ ពីរ​ឆ្នាំ​ដំបូង​វា​ផ្តល់​ផល​តែ ៥០០ គីឡូក្រាម​ក្នុង​មួយ​ហិកតារ​ប៉ុណ្ណោះ ប៉ុន្តែ នៅពេល​វា​មាន​អាយុ​ចាប់ពី ៧ ឆ្នាំ ឡើងទៅ​គឺអាច​ប្រមូល​ផល​បាន​ពី ២ តោន ទៅ ៣ តោន ក្នុង​មួយ​ហិកតារ​»​។​ ​កូន​ស្វាយចន្ទី​ដែល​បង្កាត់​តាម​លក្ខណៈ​បច្ចេកទេស​នេះ​បើតាម​អ្វីដែល លោក ម៉េង ឆុន និយាយ​គឺមាន​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជាកសិករ ដោយ​ក្នុង​មួយខែ​លោក​អាច​លក់​កូន​ស្វាយចន្ទី​ដាច់​រាប់ម៉ឺន​កូន ដែល​កសិករ​មក​ទិញ​ដល់​កន្លែង​របស់លោក ។ បច្ចេកទេស​បំបៅ​នោះ​គឺ យើង​មាន​ត្រួយ​ស្វាយ​ពូជ ចំណែក​គល់​ទម្រ​ដែល​យើង​ត​នោះ​គឺ​គល់​ស្វាយ ចន្ទី​ធម្មជាតិ​ការ​បង្កាត់​មានការ​លំបាក​ខ្លះ​ដែរ នៅពេល​មេឃ​ភ្លៀង​ច្រើន​មិនអាច​ត​ជាប់ ១០០ ភាគរយ​នោះទេ ។​

របរ​បង្កាត់​ស្វាយចន្ទី​របស់ ម៉េង ឆុន​

លោក​ម៉េង ឆុន បាន​ចាប់យក​របរ​បណ្តុះ​កូន​ស្វាយចន្ទី​ពូជ M23​នេះ​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​មកហើយ បើ​គិត​មកទល់ពេលនេះ​មានកូន ស្វាយចន្ទី​ពូជ​រាប់ម៉ឺន​កូន​ដែល​លោក​បាន​លក់​ឱ្យ​កសិករ​ដាំ​តាម​បណ្តា​ស្រុក នានា​នៅ​ខេត្តក្រចេះ ។ ក្នុង​មួយ​រដូវ​កសិដ្ឋាន​រប​ស់លោក​អាច​លក់​កូន​ស្វាយចន្ទី​បាន​ចំនួន ១ ម៉ឺន​កូន ស្មើនឹង​ទឹកប្រាក់​ចំនួន​ពី ៦.០០០ ដុល្លារ ទៅ ៧.០០០ ដុល្លារ ។ ក្នុង​មួយឆ្នាំ លោក ម៉េង ឆុន អាច​រកចំណូលបាន​ពីមុខ​របរ​នេះ​ប្រហែល​ជាង ១ ម៉ឺន​ដុល្លារ ដែល​ធ្វើឱ្យ​គ្រួសារ​របស់លោក​មាន​ជីវភាព​ធូរធារ​ជាង​មុន ។ នៅ​ឆ្នាំ ២០១៥ ខាងមុខនេះ​លោកគ្រោង​បង្កាត់​ពូជ​ស្វាយចន្ទី​នៅ​ដើមដៃ​ឱ្យបាន​ប្រមាណ ៥ ម៉ឺន​កូន​បន្ថែម ទៀត​សម្រាប់​​លក់​ជូន​អតិថិជន ៕ ​ហុង ស្រ៊ី​